Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

នគរបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តឱ្យយុវជន ដើរលើផ្លូវត្រូវ ទើបមានអនាគតល្អ

Views: 8

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវ និងដាស់តឿនដ៏ខ្លាំងក្លាមួយ ដល់មាតាបិតា ឬអាណាព្យាបាលទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដាន បីបាច់ថែរក្សា អប់រំណែនាំទូន្មានកូនចៅ ឲ្យបានល្អ។ សូមលើកទឹកចិត្តឱ្យយុវជន ដើរលើផ្លូវត្រូវ ផ្លូវល្អ កុំដើរលើផ្លូវឆ្មើងកន្ទ្រើង ផ្លូវខុស ទើប មានអនាគតល្អ ក្លាយជាកូនល្អ ពលរដ្ឋល្អ ។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានបញ្ចេញប្រតិកម្មដូច្នេះ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ដោយយោងលើហេតុថា មួយរយៈមកនេះ មានយុវជនមួយចំនួន បានក្លាយ ឬធ្វើសកម្មភាពទំនើង ប្រព្រឹត្តិប្លែកភ្លើតភ្លើន ទៅតាមការអូសទាញ របស់មិត្តភក្តិមិនល្អ ដោយប្រមូលផ្តុំគ្នា ធ្វើរឿងមិនគប្បី បង្កើតបក្ខពួក ក្រុមបនបែបអនាធិបតេយ្យក្នុងសង្គម ដូចជា ជិះម៉ូតូជ្រែពេញតាមដងផ្លូវ ស្ទាក់ដេញវាយបង្កហិង្សា លើអ្នកដំណើរ ឬវាយ កាប់ ចាក់គ្នា នៅភូមិសាស្ត្រ ក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកថ្មពួក ជាដើម ។

ស្នងការដ្ឋាន បានបន្តថាៈ យុវជនមួយចំនួនតូចទាំងនោះ បាននឹងកំពុងសាងនូវគំរូ មិនល្អ ក្នុងសង្គម ហើយជាអំពើល្មើសច្បាប់ រួចត្រូវបានអាជ្ញាធរមានសមត្ថកិច្ច តាមចាប់ខ្លួន យកមកកសាងសំណុំរឿង ផ្តន្ទាទោសទោសព្រហ្មទណ្ឌ ផងដែរ ។ ហេតុនេះ សូមយុវជនដទៃទៀត ត្រូវធ្វើជាកូនល្អ អ្នកជិតខាងល្អ ពលរដ្ឋល្អ កុំយកតម្រាប់តាម ព្រោះវានាំឲ្យបាត់បង់ នូវកិត្តិយស សេចក្តីថ្លៃថ្នូរ បង្កអសន្តិសុខ ដល់សង្គមជាតិ ។

ស្នងការដ្ឋាន សូមគាំទ្រ និងលើកទឹកចិត្ត ដល់យុវជនគ្រប់រូប ដែលមានសីលធម៌ សុជីវធម៍ បានប្រឹងប្រែងរៀនសូត្រ មានចំណេះជំនាញ ពង្រឹងអភិវឌ្ឍន៍សមត្ថភាព ចំណេះទូទៅ និងជំនាញវិជ្ជាជីវៈ ហើយយកចំណេះដឹង ជំនាញរបស់ខ្លួនទៅប្រើក្នុង ផ្លូវត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីកចម្រើន​ស្របតាមយុគ​សម័យឌីជីថល និងរួមគ្នាការពារសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រមុខរាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគបាល ខេត្តបន្ទាយមានជ័យ ឆ្លៀតពេលនេះ ព្រមានត្រង់ៗថា ស្នងការដ្ឋាន នឹងមិនយោគយល់ ឬលើកលែងជាដាច់ខាត ចំពោះបុគ្គលណា យុវជនរូបណា បង្កើតក្រុម បក្ខពួក ដើរអុកឡុក វាយ កាប់ ចាក់ លួច ឆក់ ប្លន់ បង្កភាពអសន្តិសុខ គ្រប់ទំរង់ គ្រប់រូបភាព ក្នុងភូមិសាស្រ្តខេត្ត គឺត្រូវបង្ក្រាប និងឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់​ជាធរមាន ៕/V

Post navigation