Views: 1
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ណាតូបានប្រកាសថា ខ្លួនកំពុងបង្កើនវត្តមានរបស់ខ្លួននៅកូសូវ៉ូជាមួយកងទ័ពអង់គ្លេស បន្ទាប់ពីមនុស្ស ៤ នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារកាលពីចុងសប្តាហ៍ និងខណៈដែលសហរដ្ឋអាម៉េរិកបានសម្តែងការព្រួយបារម្ភអំពីការបង្កើនកងកម្លាំងសែប៊ីនៅតាមព្រំដែននៃអតីតទឹកដីរបស់ខ្លួន។
នាយករដ្ឋមន្ត្រីកូសូវ៉ូបានស្វាគមន៍ការសម្រេចចិត្តរបស់ណាតូ ដោយនិយាយថា ការវាយប្រហារកាលពីថ្ងៃអាទិត្យដែលពាក់ព័ន្ធនឹងខ្មាន់កាំភ្លើងប្រហែល ៣០ នាក់ គឺជាសញ្ញាថ្មីមួយបង្ហាញថាប្រទេសសែប៊ីចង់ធ្វើឱ្យមានអស្ថិរភាពដល់អតីតខេត្តភាគខាងត្បូងរបស់ខ្លួន។
នាយករដ្ឋមន្ត្រី អាល់ប៊ីន គួទី (Albin Kurti) បាននិយាយថា “មនុស្សទាំងនេះចង់ទាញពេលវេលាត្រឡប់ថយក្រោយវិញ។ ពួកគេកំពុងស្វែងរកម៉ាស៊ីនពេលវេលា។ ពួកគេចង់បង្វិលនាឡិកាត្រឡប់ថយក្រោយវិញ៣០ឆ្នាំ។ ប៉ុន្តែ រឿងនោះនឹងមិនកើតឡើងទេ។”
កាលពីព្រឹកថ្ងៃសុក្រ ប៉ូលិសកូសូវ៉ូបានវាយឆ្មក់ទីតាំងជាច្រើននៅក្នុងតំបន់ដែលសម្បូរដោយជនជាតិសែប៊ីនៅភាគខាងជើងរបស់ប្រទេស ជាកន្លែងដែលអំពើហិង្សាកាលពីចុងសប្តាហ៍ដែលផ្តោតលើវិហារមួយបានបណ្តាឱ្យមន្ត្រីប៉ូលិសកូសូវ៉ូម្នាក់និងពួកបះបោរសែបបីនាក់ស្លាប់ ដោយបង្កើនភាពតានតឹងដល់ចំណុចក្តៅដូចបាយពុះ។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេកំពុងស្វែងរកនៅទីតាំងចំនួនប្រាំនៅក្នុងក្រុងចំនួនបីដែលជាប់ទាក់ទងនឹងការបាញ់ប្រហារកាលពីថ្ងៃអាទិត្យនៅក្នុងភូមិបាន់ស្កា (Banjska) ភាគខាងជើងកូសូវ៉ូ។
វាគឺជាការប្រឈមមុខគ្នាដ៏អាក្រក់បំផុតចាប់តាំងពីកូសូវ៉ូបានផ្តាច់ខ្លួនចេញពីប្រទេសសែប៊ីក្នុងឆ្នាំ ២០០៨។ រដ្ឋាភិបាលក្រុងបែលក្រាដបដិសេធមិនទទួលស្គាល់កូសូវ៉ូជារដ្ឋឯករាជ្យទេ។
ណាតូ ដែលដឹកនាំកងកម្លាំងរក្សាសន្តិភាព KFOR បាននិយាយថា កងទ័ពអង់គ្លេសបន្ថែមនឹងត្រូវដាក់ពង្រាយនៅក្រោមការបញ្ជារបស់ KFOR “ប្រសិនបើចាំបាច់ ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន។”
កងទ័ពពីរបីរយនាក់មកពីកងវរសេនាតូចទី ១ របស់ចក្រភពអង់គ្លេសនៃកងវរសេនាធំរាជវង្សរបស់ម្ចាស់ក្សត្រិយ៍វែលឥឡូវនេះអាចរកបានហើយសម្រាប់កងរក្សាសន្តិភាព KFOR ។
កងទ័ពប្រហែល ៥០០ នាក់ត្រូវបានដាក់ពង្រាយពីប្រទេសតួកគីក្នុងខែមិថុនា បន្ទាប់ពីបុគ្គលិក KFOR រាប់សិបនាក់បានរងរបួសនៅក្នុងកុបកម្មនៅភាគខាងជើងកូសូវ៉ូ។
លោកគួទីបាននិយាយថា “យើងត្រូវការណាតូ ពីព្រោះព្រំដែនជាមួយសែប៊ីមានប្រវែងវែងណាស់ ហើយកងទ័ពសែប៊ីថ្មីៗនេះបានពង្រឹងសមត្ថភាពរបស់ខ្លួន ហើយពួកគេមានឧបករណ៍យោធាជាច្រើនពីសហព័ន្ធរុស្ស៊ីនិងចិន៕”



ប៉ូលិសពិសេសកូសូវ៉ូចាប់ខ្មាន់កាំភ្លើងសែប៊ីកាលពីថ្ងៃអង្គារទី២៧កញ្ញាឆ្នាំ២០២៣