Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បាល់បោះរទេះជនពិការនារី ប្ដេជ្ញារក្សាតំណែងមេដាយ ក្នុងខណៈដែលបាល់បោះបុរស ប្ដេជ្ញារកមាដាយ

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក មុយ ស៊ឺ គ្រូបង្វឹកបាល់បោះជិះរទេះ ក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញក្តីសង្ឃឹមខ្ពស់ថា ក្រុមបាល់បោះជិះរទេះផ្នែកនារី នឹងអាចការពាមេដាយមាស និងប្រាក់ ហើយដាក់គោលដៅបន្ថែម លើផ្នែកបុរស ឱ្យឈានដល់មេដាយប្រាក់ ឬមេដាយមាសបន្ថែម ក្នុងនាមជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

គ្រូបង្វឹកជម្រើសជាតិ បាល់បោះជិះរទេះរូបនេះ បានបង្ហាញពីទឹកចិត្តដ៏ក្លៀវក្លា យ៉ាងដូច្នេះថា សម្រាប់ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ ក្រុមបាល់បោះជិះរទេះបុរស-នារី បានត្រៀមខ្លួនបានរួចរាល់ ទាំងបច្ចេកទេស សម្ភារៈ កម្លាំងកាយ និងកម្លាំងស្មារតីជាដើម ដើម្បីត្រៀមប្រកួតប្រជែង ការពារមេដាយមាស និងប្រាក់ រួមទាំងគោលដៅបង្កើនមេដាយ ឱ្យបានបន្ថែម ជាពិសេសលើផ្នែកបាល់បោះ បុរស ដែលមិនធ្លាប់ទទួលបាន ក្នុងអាស៊ានប៉ារ៉ាហ្គេម កន្លងមក។

គ្រូបង្វឹករូបនេះ និយាយទៀតថា ក្រុមបាល់បោះនារីកម្ពុជា នឹងការពារមេដាយមាស បានជោគជ័យ ក្នុងនាមជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។ ចំពោះការហ្វឹកហាត់ត្រៀម គឺបានធ្វើឡើងយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត ដើម្បីបង្កើនគុណភាពបច្ចេកទេស ទាំងវិញ្ញាសាបុរស-នារី ៥ទល់៥, ៣ទល់៣ និងវិញ្ញាសានារី ៥ទល់៥ និង៣ទល់៣។

សូមបញ្ជាក់ថា ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ ក្រុមកីឡាបាល់ បោះពិការជិះរទេះនារីកម្ពុជា បានឈ្នះមេដាយមាស លើវិញ្ញាសា ៣នាក់ទល់៣នាក់ បន្ទាប់ពីប្រកួតវិលជុំសន្សំពិន្ទុ ឈ្នះទាំង ៣ប្រកួត ដោយបានយកឈ្នះឡាវ ដោយលទ្ធផល ១១ទល់៥ និងបន្តឈ្នះក្រុមថៃ ដោយលទ្ធផលបន្ថែម ម៉ោង ៩ទល់៨ និងប្រកួតចុងក្រោយ ឈ្នះហ្វីលីពីន ១៨ទល់០។ ដូច្នេះនារីកម្ពុជា ឈរនៅកំពូលតារាង ដើម្បីប្រជែងយកមេដាយមាស ដោយត្រូវជួបថៃ។

ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រុមជិះរទេះនារីកម្ពុជា បានយកឈ្នះលើក្រុមបាល់បោះជិះរទេះនារីថៃ ៧-៥ ក្រោយប្រកួតស្មើគ្នា ៥-៥ ក្នុងរយៈពេល ១០នាទីពេញ ទើបឈានទៅបន្ថែមម៉ោង ជាការប្រកួតដែលកំណត់ថា ក្រុមណារកបាន ២គ្រាប់ នឹងទទួលបានជ័យជម្នះ។ ទីបំផុត ក្រុមនារីកម្ពុជា បានរក២គ្រាប់មុនដាច់តែម្ដង។ ក្នុងព្រឹត្តិការណ៍ចុងក្រោយនេះដែរ កម្ពុជាទទួលបានមេដាយ សរុប ២៨គ្រឿង ក្នុងនោះ មេដាយមាស ៧គ្រឿង ប្រាក់ ១០គ្រឿង និងសំរឹទ្ធ ១១គ្រឿង ៕ V / N

Post navigation