Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បារាំង​ហាមឃាត់ TikTok​និង Twitter ព្រម​ទាំង​កម្មវិធី​ជា​ច្រើន​ទៀត​ពី​ទូរស័ព្ទ​របស់​បុគ្គលិក​រដ្ឋាភិបាល​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បារាំង​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​មីនា​ថា ខ្លួន​នឹង​ហាមឃាត់​ការប្រើប្រាស់​កម្មវិធី​កម្សាន្ត TikTok, Twitter, Instagram​និង​កម្មវិធី​ផ្សេង​​ទៀត​នៅ​លើ​ទូរស័ព្ទ​របស់​បុគ្គលិក​រដ្ឋាភិបាល​ដោយសារតែ​ការព្រួយបារម្ភ​អំពី​វិធានការ​សុវត្ថិភាព​ទិន្នន័យ​មិន​គ្រប់គ្រាន់​។​

​ចំណាត់ការ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មានការ​រឹតបន្តឹង​ស្រដៀង​គ្នា​លើ TikTok​នៅក្នុង​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​ចំ​ពេល​មាន​ការបារម្ភ​អំពី​ការជាប់​ទាក់ទង​របស់​រដ្ឋ​ចិន​លើ​កម្មវិធី​ចែករំលែក​វីដេអូ​​ដ៏​ពេញនិយម​នេះ​។ ប៉ុន្តែ​ការសម្រេចចិត្ត​របស់​បារាំង​ក៏​បាន​គ្របដណ្តប់​លើ​វេទិកា​ផ្សេងទៀត​ដែរ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​មន្ត្រី​រដ្ឋាភិបាល សមាជិកសភា និង​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ខ្លួន​គាត់​ផ្ទាល់​។​

​រដ្ឋមន្ត្រីក្រសួង​កំណែទម្រង់​និង​រដ្ឋបាល​សាធារណៈ​បារាំង លោក ស្តា​នី​ស្លា​ស ហ្គេរី​នី (Stanislas Guerini) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កម្មវិធី “​កម្សាន្ត​” ទាំងនេះ​មិន​មាន​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​ប្រើប្រាស់​ក្នុង​សេវាកម្ម​រដ្ឋបាល​របស់​រដ្ឋ​ទេ ហើយ “​អាច​បង្ហាញ​ហានិភ័យ​សម្រាប់​ការការពារ​ទិន្នន័យ​”​។​

​ការហាមឃាត់​នេះ​នឹង​ត្រូវបាន​ត្រួតពិនិត្យ​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​អ៊ីនធឺណិត​របស់​បារាំង​។ សេចក្តីថ្លែងការណ៍​មិន​បាន​បញ្ជាក់​ពី​កម្ម​វិធី​ណា​មួយ​ដែល​ត្រូវបាន​ហាមឃាត់​នោះទេ​ប៉ុន្តែ​បាន​កត់សម្គាល់​ថា​​ការសម្រេចចិត្ត​នេះ​បាន​កើតឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេង​ទៀត​បាន​ចាត់វិធានការ​លើ TikTok ។​

​មន្ត្រី​ការិយាល័យ​របស់​លោក​ហ្គេរី​នី​បាន​និយាយ​នៅក្នុង​សារ​មួយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AP​ថា ការហាមឃាត់​ក៏​នឹង​រួមបញ្ចូល Twitter, Instagram, Netflix កម្មវិធី​ហ្គេម​ដូចជា Candy Crush និង​កម្មវិធី​ណាត់ជួប​ផងដែរ​។​

​ក៏​មាន​ករណី​លើកលែង​ដែរ​។ ប្រសិនបើ​មន្ត្រី​ចង់​ប្រើ​កម្មវិធី​ហាមឃាត់​សម្រាប់​គោលបំណង​វិជ្ជាជីវៈ ដូចជា​ការធ្វើទំនាក់ទំនង​សាធារណៈ ពួកគេ​អាច​ស្នើ​សុំ​ការអនុញ្ញាត​ដើម្បី​ធ្វើដូច្នេះបាន​៕

Post navigation