Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បាតុករ​អាកាសធាតុ​ជាង ១.៥០០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ហូ​ឡង់​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ បាតុករ​អាកាសធាតុ​ជាង ១.៥០០ នាក់​ត្រូវបាន​ប៉ូលិស​ហូ​ឡង់​ចាប់ខ្លួន​បន្ទាប់ពី​បាន​បិទ​ផ្លូវ​ធំ​មួយ​ក្នុង​ទី​ក្រុងឡាអេ​។​

​ក្នុងអំឡុង​ការតវ៉ា ដែល​រៀបចំ​ដោយ​អង្គការ Extinction Rebellion សកម្មជន​បាន​ដើរ​លើ​ផ្លូវ A12 ទាមទារ​ឱ្យ​បញ្ចប់​ការឧបត្ថម្ភ​ធន​ឥន្ធនៈហ្វូស៊ីល​។​

​ប៉ូលិស​បាន​បាញ់​កាណុង​បាញ់​ទឹក​ដើម្បី​ព្យាយាម​បំបែក​ហ្វូង​មនុស្ស ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ត្រៀម​អាវ​ភ្លៀង​និង​ឈុត​ហែល​ទឹក​រួចជាស្រេច​។​

​អ្នក​តវ៉ា ដែល​ត្រូវបាន​ចាប់​ខ្លួន​ភាគច្រើន ត្រូវបាន​ដោះលែង ប៉ុន្តែ​ប៉ូលិស​និយាយថា ៤០ នាក់​នឹង​ត្រូវ​កាត់ទោស​។​

​ក្នុងចំណោម​អ្នក​តវ៉ា​កាលពី​ថ្ងៃ​សៅរ៍​គឺ​មាន​តារា​ហូឡង់​ល្បីៗ​ជាច្រើន​នាក់ រួម​ទាំង​តារា​សម្ដែង នាង ខា​រ៉ា​យ វ៉ាន់ ហូ​ធិន (Carice van Houten) ដែល​គេ​ស្គាល់​សម្រាប់​ការសម្ដែង​ជា​តួ Melisandre ក្នុង​រឿង​ភាគ​ទូរទស្សន៍ Game of Thrones​។ ទីភ្នាក់ងារ​សារព័ត៌មាន​ហូ​ឡង់ ANP បាន​និយាយថា នាង​ត្រូវបាន​ចាប់ខ្លួន ប៉ុន្តែ​ក្រោយមក​ត្រូវបាន​អនុញ្ញាត​ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​។​

​អង្គការ Extinction Rebellion បាន​ចោទប្រកាន់​ប៉ូលិស​ថា​បាន​ប្រើ​ការបាញ់ទឹក​បន្ទាប់ពី​ការបិទផ្លូវ​ចាប់ផ្តើម​បាន​តែ​១៥​នាទី ប៉ុន្តែ​ប៉ូលិស​បាន​និយាយថា​ពួកគេ​បាន​សុំ​ឱ្យ​សកម្មជន​ចាកចេញ​និង​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​ធ្វើ​ដូច្នេះ មុន​ពេល​ប្រើ​ឡាន​បាញ់​ទឹក​។​

​មនុស្ស ១.៥៧៩ នាក់ ដែល​បដិសេធ​មិន​ព្រម​ចាកចេញ ត្រូវបាន​ចាប់ខ្លួន​។​

​វេប​សាយព័ត៌មាន​ក្នុងស្រុក De Telegraaf បាន​រាយការណ៍​ថា មនុស្ស​ភាគច្រើន​ត្រូវបាន​សែង​ចេញ​និង​ដឹក​តាម​ឡាន​ក្រុង​។​

​សេវា​អយ្យការ​របស់​ហូឡង់​បាន​និយាយថា ពួកគេ​ភាគច្រើន​នឹង​មិន​ត្រូវបាន​កាត់ទោស​ទេ​ព្រោះ​វា​ជា “​បទល្មើស​តូចតាច​” ហើយ​គោលបំណង​សំខាន់​នៃ​ការចាប់ខ្លួន​គឺ​ដើម្បី​បញ្ចប់​ការបិទផ្លូវ​។​

​ប៉ូលិស​បាន​និយាយថា មនុស្ស ៤០ នាក់​នឹង​នៅ​តែ​ត្រូវ​កាត់ទោស បន្ទាប់ពី​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទឧក្រិដ្ឋ​ផ្សេងៗ ដូចជា​ការបំផ្លិចបំផ្លាញ និង​ការ​ជំទាស់​នឹង​ការចាប់ខ្លួន ដែល​បណ្តាល​ឱ្យ​មាន​របួស​។​

​ការចាប់ខ្លួន​នេះ​បាន​កើត​ឡើង​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ហើយ​ផ្លូវ​ត្រូវបាន​បើក​វិញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សៅរ៍​។​

​អង្គការ Extinction Rebellion បាន​និយាយថា​យ៉ាងហោច​ណាស់​មនុស្ស ៦.០០០ នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​លើ​ផ្លូវ A12 ឬ​នៅ​ក្បែរ​វា រួម​ទាំង​វង់​តន្ត្រី “A12” ដែល​មាន​តន្ត្រីករ​ជាង ៨០ នាក់​។​

​វា​ជា​លើក​ទី​ប្រាំពីរ​ហើយ​ដែល​ក្រុមបាតុករ Extinction Rebellion បាន​បិទផ្លូវ A12​។ ការតវ៉ា​នៅ​លើ​ផ្លូវ​នេះ​ត្រូវបាន​ហាមឃាត់​ក្រោម​ច្បាប់​ដែល​នាំ​មក​ដោយ​អភិបាលក្រុង​៕

​ប៉ូលិស​ហូ​ឡង់​ចាប់ខ្លួន​បាតុករ ១.៥០០ នាក់​ដែល​បិទផ្លូវ A12​

Post navigation