Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បាតុករ១លាន​នាក់​ចូលរួម​ការតវ៉ា​ប្រាក់​សោធន​និវត្តន៍​ដ៏​ហិង្សា​នៅ​បារាំង​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មនុស្ស​ជាង ១​លាន​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បារាំង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​មីនា​ប្រឆាំងនឹង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​​ដ៏​គ្មាន​ប្រជាប្រិយភាព ហើយ​អំពើហិង្សា​បាន​ផ្ទុះឡើង​នៅ​កន្លែង​ខ្លះ ខណៈ​សហជីព​នានា​អំពាវនាវ​ឱ្យ​មាន​កូដកម្ម​និង​ការតវ៉ា​ទូទាំងប្រទេស​ជា​ថ្មី​នៅ​សប្តាហ៍​ក្រោយ​គាប់​ជួន​ពេល​ដែល​ស្តេច​ឆា​ល​​ទី​បី​គ្រោង​នឹង​យាង​មក​ប្រទេស​បារាំង​។​

​ក្រសួង​មហាផ្ទៃ​បាន​និយាយថា ការដើរ​ដង្ហែ​ក្បួន​តវ៉ា​នៅ​ទីក្រុង​ប៉ារីស ដែល​ត្រូវ​បាន​បង្អាក់​ដោយ​អំពើ​ហិង្សា​ដូច​ការ​ដង្ហែ​ក្បួន​ជាច្រើន​កន្លែង​ផ្សេង​ទៀត​ដែរ​នោះ បាន​ទាក់ទាញ​មនុស្ស​ចូលរួម​ចំនួន ១១៩.០០០ នាក់ ដែល​ជា​កំណត់ត្រា​មួយ​សម្រាប់​រដ្ឋធានី​នេះ​ក្នុងអំឡុង​ការតវ៉ា​ប្រាក់​សោធន​និវត្តន៍​។ ការស្ទង់មតិ​នានា​និយាយថា ប្រជាជន​បារាំង​ភាគច្រើន​ប្រឆាំងនឹង​ច្បាប់​របស់​ប្រធានាធិបតី អេម​ម៉ានុយ​អែល ម៉ា​ក្រុង ក្នុង​ការបង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ទៅ ៦៤ ឆ្នាំ ដែល​គាត់​និយាយ​ថា​ចាំបាច់​ដើម្បី​រក្សា​ប្រព័ន្ធ​នេះ​ឱ្យ​នៅ​ដំណើរការ​។​

​ដោយ​អាង​មាន​អ្នកចូលរួម​ខ្លាំងក្លា សហជីព​នានា​ភ្លាមៗ​បាន​អំពាវនាវ​ឱ្យមាន​ការតវ៉ា​និង​កូដកម្ម​ជាថ្មី​នៅ​ថ្ងៃ​អង្គារ​ក្រោយ នៅពេល​ដែល​ស្តេច​អង់គ្លេស​គ្រោង​នឹង​យាង​ទៅ​ទីក្រុង​ប័រ​ដូ (Bordeaux) នៅ​ថ្ងៃទី​ពីរ​នៃ​ព្រះរាជទស្សនកិច្ច​របស់​ទ្រង់​មកកាន់​ប្រទេស​បារាំង​។ កាសែត Sud Ouest បាន​និយាយថា​ទ្វារ​ឈើ​ប្រណីត​ដ៏​ធ្ងន់​នៃ​សាលាក្រុងប័​រដូរ​ត្រូវ​បាន​ដុត​បំផ្លាញ​ខ្ទេចខ្ទី​កាលពី​ល្ងាច​ថ្ងៃ​ព្រហ​​ស្ប​តិ៍​ដោយ​សមាជិក​នៃ​បាតុកម្ម​ដែល​គ្មាន​ការអនុញ្ញាត​។​

​ក្រសួង​បាន​និយាយថា នៅ​ទូទាំង​ប្រទេស មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ចូលរួម​ការ​ដង្ហែ​ក្បួន​តវ៉ា​ដែល​បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​និង​ទីប្រជុំជន​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋមន្ត្រី​មហាផ្ទៃ​លោក ហ្សេ​រ៉ាល់ ដា​ម៉ា​ណង់ (Gerald Darmanin) ដែល​ចុះ​ទៅ​មើល​ទីស្នាក់ការ​ប៉ូលិស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ខណៈ​ភ្លើង​នៅតែ​ឆេះ​នៅក្នុង​សង្កាត់​មួយចំនួន​នៅ​ទីក្រុង​ប៉ារីស បាន​ផ្តល់​ការធានា​ថា សន្តិសុខ “​មិន​មាន​បញ្ហា​ទេ​” ហើយ​ព្រះមហាក្សត្រ​អង់គ្លេស​នឹង​ត្រូវ​បាន “​ស្វាគមន៍​យ៉ាង​កក់ក្តៅ​”​។​

​លោក​បាន​និយាយថា​មាន​ការខូចខាត​អគារ​សាធារណៈ​និង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធ្ងន់ធ្ងរ​ជាង​បាតុកម្ម​ពី​មុនៗ​ឆ្ងាយ​ណាស់​។​

​លោក​រដ្ឋមន្ត្រី​បាន​និយាយថា “​តែងតែមាន​ពួក​បង្ករឿង ដែល​ភាគច្រើន​ជា​ពួកឆ្វេងនិយម​ជ្រុល ដែល​ចង់​ផ្តួលរំលំ​រដ្ឋ​និង​សម្លាប់​ប៉ូលិស ហើយ​ទីបំផុត​កាន់កាប់​ស្ថាប័ន​នានា​”៕

បាតុករ​ជាង​១​លាន​នាក់​តវ៉ា​ប្រឆាំង​ច្បាប់​សោធន​និវត្តន៍​នៅ​បារាំង​យ៉ាង​ហិង្សា​កាលពី​ថ្ងៃ​ព្រហស្បតិ៍

Post navigation