Cambodia

បទ​​យក​ការណ៍​៖​ យុវជន​​ម្នាក់​​នឹក​ឃើញ​​បង្កើត​​សិល្បៈ​​រូប​​ស្រមោល​​ ក្រោយ​​ការងារ​​រង​​ផល​​ប៉ះពាល់​​ពី​​វិបត្តិ​​កូ​វីដ​១៩​

«តាំងពី​តូច ​មិនមែន​ថា​តែ​ខ្ញុំ​ទេ ខ្ញុំ​គិតថា ​មនុស្សជា​ច្រើន​បាន​ទទួល​បានការ​កម្សាន្ត​ពី​សិល្បៈ​ស្រមោល ដូចជា​យក​ម្រាមដៃ​ទៅ​បាំង​ពន្លឺ​ចាំង​ទៅ​ជញ្ជាំង​អី ​ឃើញ​រូប​នេះ​រូប​នោះ យើង​សប្បាយ​មែនទែន​កាលពីក្មេង»។ 

នេះ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ចំណាប់​អារម្មណ៍​ដំបូង​បំផុត​ទៅលើ​រូបភាព​ស្រមោល​របស់​យុវ​ជន ​អ៊ួ ដារិ​ទ្ធ ដែល​មាន​វ័យ២៥ឆ្នាំ គឺជា​អ្នក​រៀបចំ​ឆាក​ភាពយន្ត និង​ជា​ម្ចាស់​ហ្វេ​សប៊ុ​កផេ​កសិល្បៈ​ស្រមោល DR Shadow Art។

លោ​ក អ៊ួ ដា​រិទ្ធ បន្ថែម​ថា ​វា​កាន់តែ​ទាក់ទាញ​លោក​បន្ថែម​ទៀតនៅពេល​លោក​បាន​មើលល្ខោន​ស្បែក​តូច​ដែល​ជា​សិល្បៈ​ស្រមោល​របស់​ដូនតា​ខ្មែរ។

លោក​ថា៖ «ល្ខោនស្បែក​តូច​ដែល​សិល្បៈ​ស្រមោល​ហ្នឹង​អាច​រៀបរាប់​អំពី​សាច់រឿង​ដំណើរដើមទង ​ផ្ដល់​ការ​កម្សាន្តដល់​មហាជន​គ្រប់​ស្រទាប់ អ៊ីចឹង​សិល្បៈ​ហ្នឹង​គួរ​ឱ្យ​ចាប់អារម្មណ៍​មែនទែន។ ហើយ​មិនយូរ​ប៉ុន្មាន​ទេ ​ខ្ញុំ​បានឃើញ​រូប​មួយ​ផ្ទាំង​ដែល​វា​ល្បី​នៅក្នុង​បណ្ដាញ​សង្គម​ គឺ​រូប​ចម្រឹងបង្អួច​ប្រាសាទអង្គរវត្តដែល​ព្រះអាទិត្យ​ជះ​ពន្លឺ​មក ចម្រឹងបង្អួច​ហ្នឹង​បាំង​ពន្លឺ​ធ្វើ​ឱ្យ​ចេញ​ស្រមោល​ទៅលើ​ជញ្ជាំង ​ដែល​មើលទៅ​ឃើញ​កំពូល៣ ដែល​យើង​អាច​សម្គាល់​បាន​ថា​ជា​ប្រាសាទអង្គរវត្ត»។

បើ​ទោះជាយ៉ាងណា ​ចំណាប់​អារម្មណ៍​របស់លោក​នៅ​មិនទាន់​ចេញ​ជារូបរាង​នៅឡើយ​ទេ ទើបតែ​នៅដើម​ឆ្នាំ២០២០នេះ​ ​លោក​មាន​ពេល​ធ្វើ​វា​ឱ្យ​កើតឡើង។ 

លោក​បន្ថែម​ថា៖ «ទាក់ទង​ត្រង់ថា​ ចាប់អារម្មណ៍​យូរហើយ ហេតុ​អី​បាន​ទើបតែ​ធ្វើ​? គឺ​រឿង​ពិត​នោះ ​គឺ​វា​អាស្រ័យ​ដោយ​កូ​វីដ​ចូល​មកដល់​ ដែល​ធ្វើ​ឱ្យ​ការងារ​យើង​មិន​សូ​វម​មាញឹ​ក ដល់​អ៊ីចឹង​យើង​មាន​ពេល​ច្រើន​ ដើម្បី​ធ្វើអ្វី​ដែល​យើង​ចង់​ធ្វើ។ ដល់​អ៊ីចឹង វា​ហ្នឹងហើយ​ ឱកាស​ហ្នឹង​ដែល​យើង​សិក្សា​ស្រាវជ្រាវ​បន្ថែម ​ច្នៃ​សិល្បៈ​ហ្នឹង​មក​ឱ្យទៅ​ជា​អ្វី​ដែល​ប្លែក​សម្រាប់​ខ្លួនឯង​ក្នុង​ពេល​ដែល​យើង​អត់​សូវ​មមាញឹក​ហ្នឹង»។

សិល្បៈ​ដែល​លោក​ច្នៃ​នេះ ​គឺ​ចេញពី​គំនិត ការ​តស៊ូ និង​បទពិសោធន៍​ខ្លួន​ទាំងស្រុង​ បន្ទាប់ពី​ព្យាយាម​ម្ដង​ហើយ​ម្ដងទៀតជាង១ខែ​ ដើម្បី​ធ្វើ​រូប​ព្រះ​ឆាយា​ល័ក្ខ​ណ៍ព្រះ​បរម​រតន​កោដ្ឋ​មួយ។ 

លោ​ក អ៊ួ ដា​រិទ្ធ៖ «ទាក់ទង​នឹង​ការ​រៀន​ហ្នឹង​ គឺ​អត់​រៀន​មក​ពីណា​ទេ គឺ​យើង​ឃើញ​របស់​មានស្រាប់ ហើយ​យើង​ស្រមៃ​របស់​ដែល​យើង​ចង់បាន បន្ទាប់ពី​ស្រមៃ​ថា​យើង​ចង់បាន​អី​ហើយ ​គឺ​ចាប់ផ្ដើម​ធ្វើ​តែម្ដង ហើយ​ថាទៅ​រៀន​នោះ​ គឺ​អត់​ទៅរៀន​នៅឯណា​ទេ គឺ​រៀន​ពី​កំហុស​ខ្លួនឯង​តែម្ដង។ ពេល​យើង​ធ្វើ​ទៅ ​ជួប​ការ​លំបាក​អី​ខ្លះ​អ៊ីចឹង ពេល​លំបាក​ យើង​កែសម្រួល​រក​កន្លែង​ខុស​ទាល់តែ​ឃើញ»។

រូប​មួយ​ផ្ទាំង​ដែល​លោកអ្នក​នាង​កំពុង​មើល​នេះ ​គឺ​កើត​ចេញពី​ការងារ​ជាច្រើន​ថ្ងៃ​របស់​ក្រុម​ជាង DR Shadow Art។

ស្នាដៃ​សិល្បៈ​រូប​ស្រមោល​អង្គរវត្ត ដែល​បង្កើត​ឡើង​ដោយ​លោក អ៊ួ ដារិ​ទ្ធ និង​ក្រុមការងារ​សិល្បៈ​ស្រមោល DR Shadow Art ។ (ជន ចាន់​រ៉ែ​ន)

លោក អ៊ួ ដារិ​ទ្ធ បានឱ្យ​ដឹង​ថា ​មុំ​នៃ​ពន្លឺ​គឺ​សំខាន់​បំផុត​ក្នុង​ការកំណត់​ពីទី​តាំងរបស់​រូប បន្ទាប់មក​ពុម្ព​ដំបូង​របស់​វាគឺ​កើត​ចេញ​ដោយ​ការ​គូសវាស​ដោយដៃ​ទៅលើ​ក្រដាស តមកទៀត​ត្រូវ​ច្រៀកក្រដាស​ដើម្បី​បង្កើត​ជា​ពុម្ព មុននឹង​កាត់​បន្ទះ​លោហៈ​បិត​ជាចុងក្រោយ។

លោក​បញ្ជាក់​ថា៖ «ឥលូវនេះ​ ដូចជា​មិន​មានអី​លំបាក​គួរ​ឱ្យ​កត់​សម្កាល់​ទេ ​គ្រាន់តែ​ថា យើង​ដំបូង​បង្កើត​គំនូរ​សខ្មៅ ដល់ពេល​អ៊ីចឹង ​យើង​បង្កើត​គំនូរ​មួយផ្សេងទៀត​ជា​រូប​សខ្មៅ​ពី​រូបថត​យើង​ត្រូវ​ប្រើ​ពេល​យូរ ​ត្រូវ​ការ​ផ្ចិតផ្ចង់ ត្រូវ​កែ​ច្រើន ​មុននឹង​បាន​គំនូរ​សខ្មៅ​មួយ។ បន្ទាប់ពី​បាន​គំនូរ​សខ្មៅ​ហើយ ​គឺ​យើង​អាច​ធ្វើជា​បន្ទះ​លោហៈ​បាន ​វា​លែង​សូវ​ពិបាក​ហើយ វា​ត្រូវការ​ពេល​យូរ​ត្រូវការ​ដាក់​អារម្មណ៍ ​ក៏ប៉ុន្ដែ​វា​មិនមែន​ជា​បញ្ហា​អី​ទៀត​ទេ»។

បច្ចុប្បន្ន​ ក្រុម​ជាង​សិល្បៈ​ស្រមោល​របស់​លោក អ៊ួ ដារិ​ទ្ធ មាន​សមាជិក៤នាក់ ​ដែល​អាច​ទទួល​ធ្វើ​រូបភាព​ជូន​អតិថិជន ក្នុង​រូប​មួយ​អាច​ចំណាយពេល​ជាមធ្យម២សប្ដាហ៍។

ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ម្នាក់​ លោក ឡាក់ លំ​ឆ័ង ថា​ការ​ធ្វើ​រូប​ឱ្យ​ចេញពី​ស្រមោល​នេះ​ វា​គួរ​ឱ្យ​ចាប់​អាម្មណ៍ ដោយ​ថា ​ប្រសិនជា​គ្មានពន្លឺ​ជះ​ចំ​មុំ​នៃ​រូប នោះ​រូប​នឹង​មិន​ចេញ​ឡើយ។

លោក​មានប្រសាសន៍​ថា៖ «ប្រសិនជា​យើង​មើលទៅ​ថា ​វា​អត់​គួរ​ឱ្យ​ចាប់អារម្មណ៍​ទេ ប៉ុន្ដែ​នៅពេល​ដែល​យើង​បញ្ចាំង​ភ្លើង​មក​ គឺ​វា​ចេញ​ជា​រូបភាព។ អ៊ីចឹង​វា​គឺជា​សិល្បៈ​មួយ​ដែល​កម្រ​ផង​ដែរ សំខាន់​គឺ​អ្នក​ដែល​ចេះ​បង្កើត​អាហ្នឹង​ គឺ​មាន​តិច»។

អ្នកនាំពាក្យ​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​ លោក ឡុង ប៉ុណ្ណា​ស៊ីរី​វត្ថ មានប្រសាសន៍​ថា សិល្បៈ​រូបភាព​ចេញពី​ស្រមោល​នេះ​ គឺ​ស្ថិត​ក្នុង​សិល្បៈ​សហសម័យ ដែល​ជា​ការ​រួមបញ្ចូល​រវាង​សិល្បៈ​បុរាណនិង​សម័យ​ទំនើប។ លោក​បន្ថែម​ថា ​ក្រសួង​តែងតែមាន​គោលការណ៍​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មានគំនិត​ច្នៃប្រឌិត​បែបនេះ ដើម្បី​ឱ្យ​សិល្បៈ​មាន​សម្បូរ​បែប។ 

លោក​មានប្រសាសន៍​បែបនេះ​ថា៖ «វា​ជា​លក្ខណៈ​បុរាណ​ផង បូក​ជាមួយនឹង​ទំនើបកម្ម​ផង ដែល​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មាន​មូលដ្ឋាន​ពី​យើង​ទៅ កុំ​ចម្លង​របស់​គេ​ទាំងស្រុង ​យើង​មានការ​សាទរ មានការ​លើកទឹកចិត្ត​ទៅលើ​សិល្បៈ​បែបនេះ»។

លោក​បន្ថែម​ថា ​ជាទូទៅ​ ក្រសួង​មាន​សាលា​បណ្ដុះបណ្ដាល រៀបចំ​ធ្វើ​សិក្ខាសាលា ចែករំលែក​ចំណេះដឹង មានការ​លើកទឹកចិត្ត​ឱ្យ​សិល្បៈ​បង្កើត​ជាស​មា​គម បង្កើត​ជា​សហគ្រាស ឬសិប្បកម្ម​សិល្បៈ​អ្វី​ផ្សេង​ៗ ខណៈ​បើ​មាន​បញ្ហា​បច្ចេកទេសឬក៏​ចង់បាន​ការសិក្សា​បន្ថែម​លើ​សិល្បៈ​ដែល​ខ្លួន​កំពុងតែ​បង្កើត​នោះ ​ក្រសួង​ក៏​នឹង​បញ្ជូន​គ្រូ​ឱ្យទៅ​ផ្ដល់​ប្រឹក្សាឬបង្រៀន​ផង​ដែរ។ លោក​ជំរុញ​ដល់​អ្នក​ដែល​បង្កើត​សិល្បៈ​ថ្មី​ៗទាំងនោះ​ ឱ្យ​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់​ក្នុង​ទិវា​វប្បធម៌​ដែល​មាន​ជា​រៀងរាល់​ឆ្នាំ។

សម្រាប់​លោក អ៊ួ ដារិ​ទ្ធ អ្វី​ដែល​លោក​ចង់​ឃើញ​បំផុត​ពី​ការងារ​សិល្បៈ​ស្រមោល​របស់​លោក​នោះ គឺ​ចង់ឱ្យ​ពលរដ្ឋ​កម្ពុជា​ដឹង​ថា ខ្មែរ​ក៏​មាន​សិល្បៈ​សហសម័យ​បែបនេះ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។ 

លោក​មានប្រសាសន៍​ថា៖ «បរទេស​មាន​ច្រើន តែ​ទម្រង់​ផ្សេង​ៗគ្នា​អ៊ីចឹង​ណា ដល់ពេល​ទម្រង់​សិល្បៈ​នេះ ​ខ្ញុំ​អត់​ធ្លាប់​ឃើញ​ពីមុន​មក ដល់​អ៊ីចឹង​ខ្ញុំ​ធ្វើ​ឱ្យ​មាន​ហើយ។ អ៊ីចឹង​ចង់ឱ្យ​បងប្អូន​ដឹង​ថា​ ទម្រង់​ហ្នឹង​ ស្រុកខ្មែរ​យើង​ក៏​មាន ព្រោះ​បងប្អូន​ខ្លះ​គាត់​ស្រឡាញ់​ណា​ស់ទៅ​នឹង​សិល្បៈ​លម្អ​ចង់​តាំង​ត្រង់នេះ​ត្រង់នោះ​អ៊ីចឹង​ទៅ។ ទាក់ទង​នឹង​សិល្បៈ​នេះ​ វា​មាន​លក្ខណៈ​ពិសេស​អ៊ីចឹង​ហើយ វា​ជា​ផលិតផល​ក្នុង​ស្រុក​ទៀត​! អ៊ីចឹង​ធ្វើ​ឱ្យ​គាត់​ស្រឡាញ់ពេញចិត្ត​ទៀត ថា​មិន​គាំទ្រ​មិន​លើកស្ទួយ​មិនបាន បើ​គាត់​មិនដឹង ​វា​ផ្សេង។ អ៊ីចឹង​អ្វី​ដែល​ខ្ញុំ​រំពឹង​នោះ ​ត្រង់ថា ​យើង​ផ្សព្វផ្សាយ​ឱ្យ​គាត់​បានដឹង​សិល្បៈ​បែបហ្នឹង ​គឺ​យើង​មាន ហើយ​មិន​នៅ​ឆ្ងាយ​ដៃទេ គឺ​នៅ​កៀកដៃ​តែម្ដង»។

Football news:

Solskjaer on 3-2 with Liverpool: Manchester United won on their own terms. It's a good feeling
Hames scored 10 (3+7) points in Everton's home matches. Away - 0
Suarez scored his 12th goal of the La Liga season. Messi has 11
Miller on the Manchester United defeat: Devastated. There is no second chance in knockout football
Game of Thrones actor on Liverpool: Manchester United would have been destroyed a year ago. Huge progress
Ricard Puig: It's a pretty tough season, I'm not used to playing so little. Scoring with a header is something unreal
Khabib: I am preparing for my debut in big football. I am a free agent