Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ប៉េតង់ គឺជាប្រភេទកីឡា ដែលកម្ពុជា មានសក្ដានុពល បំផុត តែបែរជាមិនបានទទួលមេដាយមាស នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះទៅវិញ។
គ្រប់ព្រឹត្តិការណ៍ស៊ីហ្គេម ដែលលេងនៅក្រៅផ្ទះ កម្ពុជាតែងតែដណ្ដើមបានមេដាយ មាសជានិច្ច តែពេលមកលេងនៅក្នុងផ្ទះ បែរជាមានសំណាងមិនល្អទៅវិញ តើមានកត្តា អ្វីខ្លះ ដែលធ្វើឲ្យប៉េតង់កម្ពុជា ស្ថិតក្នុងស្ថានភាពបែបនេះទៅវិញ។

គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣(CAMSOC) បានដាក់សន្ទស្សន៍ មេដាយ ឲ្យប៉េតង់រកបានមេដាយមាស ចំនួន ៣ គ្រឿង ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ។ តែនរណាក៏មានជំនឿចិត្តដែរថា ប៉េតង់កម្ពុជា មិនត្រឹមតែធ្វើបានប៉ុណ្ណោះទេ តែអាចនឹងប្រជែងបានលើសពីសន្ទស្សន៍ដែល CAMSOC ដាក់ឲ្យទៀតផង។
ប៉េតង់ ជាប្រភេទកីឡា ដែលមានសក្ដានុពល ដូចជា ប្រភេទកីឡាវ៉ូវីណាម តេក្វាន់ដូ WT (World Taekwondo) ប្រដាល់គុនខ្មែរ និង Kick-Boxing ដែរ ។ ប៉េតង់តែងតែដណ្ដើមបានមេដាយមាសពិភពលោក ទ្វីបអាស៊ី ដែលព្រឹត្តិការណ៍ទាំងនោះ សុទ្ធតែលេងនៅក្រៅទឹកដីទាំងអស់ តែការប្រកួតថ្នាក់តំបន់ ដែលលេងនៅក្នុងទឹកដីកម្ពុជា បែរជាជួបរឿងមិនល្អ។

មិនមាននរណាម្នាក់ ចេញមុខមកពន្យល់ពីរឿងនេះឡើយ ព្រោះទាំងកីឡាករ កីឡាការិនី គ្រូបង្វឹក សុទ្ធតែនឹកស្មានមិនដល់ដូចគ្នា។ កីឡា គឺជាការប្រកួត ដែលគ្រប់គ្នាទាំងអស់ សុទ្ធតែមានមហិច្ឆតាប្រជែងយកមេដាយមាស។ កម្ពុជា ពិតជាដើមឈើដ៏ខ្ពស់មួយ ម្ល៉ោះហើយពិតជាប៉ះខ្យល់ រន្ទះខ្លាំងហើយ។
នរណាដែលមិនចង់បង្ក្រាបខ្លា នៅក្នុងទ្រុងខ្លា? ការយកឈ្នះខ្លា នៅក្នុងទ្រុងខ្លា វាពិតជា អំណួតមួយអស្ចារ្យណាស់។ ជួនកាលខ្លា មានមោទនភាពជ្រុល មើលស្រាលគូប្រកួត វាក៏ជាមូលហេតុ ដែលនាំឲ្យគ្រោះថ្នាក់ដែរ។
សន្ទស្សន៍មេដាយមាស ចំនួន ៣គ្រឿង ដែលគណៈកម្មាធិការជាតិ CAMSOC ដាក់ឲ្យប៉េតង់ ក្នុងបេសកកម្មស៊ីហ្គេម លើកទី៣២ គឺប៉េតង់ រកបានតែត្រឹមមេដាយប្រាក់ ៦ គ្រឿង រួមជាមួយមេដាយសំរិទ្ធ ៤គ្រឿងប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក៏ការបរាជ័យ និង ភាពឈឺចាប់ វាគឺជាមេរៀនមួយ ួសម្រាប់ជីវិតដែរ។ សូមកុំអស់សង្ឃឹម ៕/V/R
