
ប្រែសម្រួលៈវាសនា/ហុងកុង៖គំរោងការធ្វើដំណើរមួយរវាង ហុងកុងនិងសិង្ហបុរី ត្រូវបានលុបចោលវិញកាលពីថ្ងៃសៅរ៍ នៅមួយថ្ងៃមុនចាប់ផ្តើមអនុវត្តវាក្រោយពីទីក្រុងហុងកុងបានប្រកាសកំណើននៃការឆ្លងវីរុសកូរ៉ូណាថ្មី។
ការសំរេចចិត្តនេះជាការវាយសំពងមួយលើទីក្រុងទាំង២ ដែលវិស័យទេសចរណ៍រងគ្រោះខ្លាំងដោយកូវីដ១៩ និងក៏សំរាប់ប្រទេសដទៃទៀតដែលសង្ឃឹមថាគំរោងធ្វើដំណើរនេះអាចជាគំរូអាចយកតម្រាប់តាមមួយ ក្នុងអំឡុងពេលជំងឺកូវីដ១៩នៅមានសកម្មភាពនៅឡើយ។
ហុងកុងនិងសិង្ហបុរី មានការឆ្លងជំងឺនេះមធ្យម និងបានអនុវត្តគម្លាតសង្គមនិងវិធានការបិទព្រំដែនភ្លាមក្រោយជំងឺនេះលេចចេញដំបូង។តែដោយសារតែប្រជាជនតិចនិងពឹងអាស្រ័យខ្លាំងលើបណ្តាញមកពីពិភពខាងក្រៅ ពួកគេបានរងគ្រោះខ្លាំងនៅពេលសេដ្ឋកិច្ចពិភពលោកដួលរលំ។
ដោយចង់អោយវិស័យទេសចរណ៍និងអាកាសចរណ៍របស់គេរស់ឡើងវិញរដ្ឋាភិបាលទាំងពីរបានបង្កើតផែនការមួយដែលនឹងអនុញ្ញាតអោយមានការធ្វើដំណើរមានកំរិតដោយមិនចាំបាច់ធ្វើចត្តាឡីស័ក រវាងទីក្រុងទាំងពីរ ដរាបណាភ្ញៀវបានធ្វើតេស្តិ៍អវិជ្ជមានកូវីដ១៩។ ផែនការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យទី២២វិច្ឆិកា។
តែកាលពីថ្ងៃសៅរ៍ ហុងកុងបានប្រកាសថា កម្មវិធីនេះនឹងត្រូវពន្យារពេល២សប្តាហ៍ក្រោយផ្ទុះការឆ្លងកូវីដ១៩កើនឡើងភ្លាមៗ។
កាលពីថ្ងៃសៅរ៍ ហុងកុងបានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្នុងមូលដ្ឋានចំនួន៣៦ករណី ក្នុងចំណោមការឆ្លងសរុប៤៥។សំខាន់ ការឆ្លង១៣ករណីមិនត្រូវបានគេដឹងប្រភពឆ្លង នាំអោយមានការបារម្ភខ្លាចក្រែងទីក្រុងនេះជួបការផ្ទុះជំងឺកូវីដ១៩នៅរលកថ្មី។
ទាំងហុងកុងនិងសិង្ហបុរី បានព្រមព្រៀងគ្នាថា ការឆ្លងពីប្រភពមិនស្គាល់ចាប់ពី៥នាក់ឡើងក្នុងរយៈពេល៧ថ្ងៃជាប់គ្នា វាគ្រប់គ្រាន់ដើម្បីបញ្ឈប់ផែនការធ្វើដំណើរនេះ៕
ហុងកុងបន្ថែមអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន៤៥នាក់ កាលពីថ្ងៃសៅរ៍ ជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតធៀបនឹងការឆ្លងនៅ៣ខែមកនេះ