Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្ទះតូចធំចំនួន១៩៩ខ្នងរងការខូចខាតនៅក្នុងខេត្តបន្ទាយមានជ័យ

Views: 1

ដោយៈប.ខុន/ ភ្នំពេញៈ លំនៅស្ថានតូចធំចំនួន១៩៩ខ្នងរងការខូចខាតដោយរបើកដំបូល របើកជញ្ជាំង ដោយសារបាតុភូតខ្យល់កន្ត្រាក់ខណៈពេលមេឃរកលធ្លាក់ភ្លៀង  កាលពីព្រលប់ថ្ងៃទី២៣ខែមីនា បន្ទាប់ពីធាតុអាកាសក្តៅខ្លាំងនៅពេលរសៀលរួចមក។

លោកយឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០២៣ថា ផ្ទះតូចធំចំនួន១៩៩ខ្នងនៅក្នុងឃុំចំនួន៥នៃស្រុកស្រុយស្វាយចេកនិងស្រុកថ្មពួកបានរងការខូចខាតដោយសារបាតុភូតខ្យល់កន្ត្រាក់ដែលបានកើតមាននៅពេលព្រលប់ថ្ងៃទី២៣ខែមីនា ដោយពេលនេះអាជ្ញាធរមូលដ្ឋានកំពុងចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ តែមិនមានរបាយការណ៍ណាបញ្ជាក់ថាមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

លោកប្រធានមន្ទីរបានបញ្ជាក់ថាផ្ទះតូចធំចំនួន១៩៩ខ្នងដែលរងការខូចខាតដោយរបើកជញ្ជាំង របើកដំបូល មានទាំងអគារផងនេះ  មាននៅក្នុងស្រុកស្វាយចេកចំនួន៩ខ្នង នៅស្រុកថ្មពួកចំនួន១៩០ខ្នង។ បាតុភូតកើតឡើងខណៈពេលមេឃរកលធ្លាក់ភ្លៀង បន្ទាប់ពីធាតុអាកាសក្តៅខ្លាំងកាលពីពេលរសៀលរួចមក។

ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៣បានជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែមីនាថា នៅក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបខ្សោយ និង ខ្យល់បម្រែបម្រួលជាហេតុបង្កលក្ខណ:ងាយក្នុងការកកើតឡើងនូវស្រទាប់ កម្តៅ ( heat low pressure cell ) បណ្តាលឱ្យសីតុណ្ហភាពកើននិងអាចមានភ្លៀងដោយអន្លើ

នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាស្ថានភាពបែបខាងលើធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២៥ទៅ២៧អង្សាសេ  សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ។ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

សម្រាប់តំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ ២៦អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៦ទៅ៣៨អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ

តំបន់មាត់សមុទ្រមានសីតុណ្ហភាពអប្បបរមាពី២៤ទៅ២៦ អង្សាសេ សីតុណ្ហភាពអតិបរមាមានពី៣៣ទៅ៣៥អង្សាសេ។អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិចតួចដោយអន្លើ៕/PC

Post navigation