Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្លែសាវម៉ាវភ្នំវល្លិ៍មានទីផ្សារល្អនិងរសជាតិឆ្ងាញ់

Views: 7

ដោយ:បូកគោ/កែប: ផ្លែសាវម៉ាវនៅតំបន់ភ្នំវល្លិ៍ពោរពេញដោយរសជាតិឆ្ងាញ់ធ្វើឱ្យអ្នកពិសាជក់ចិត្តចាប់អារម្មណ៍ និងមានទីផ្សារល្អ។  

លោក ឡោ ម៉េងឆាយ ម្ចាស់កសិដ្ឋានមួយកន្លែងស្ថិតនៅតំបន់ភ្នំវល្លិ៍ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរបានប្រាប់ឱ្យដឹងថា ដំណាំសាវម៉ាវរបស់លោកមានអាយុកាលជាង៧ឆ្នាំហើយ និងបានចាប់ផ្តើមប្រមូលផល៣រដូវកាលមកដល់ពេលនេះ។

លោកបានបន្តថា ដោយសារភូមិសាស្ត្រ និងអាកាសធាតុអំណោយផលល្អបានធ្វើឱ្យដំណាំហូបផ្លែផ្សេងៗមានរសជាតិឆ្ងាញ់ពិសាខុសពីកន្លែងដទៃ។ ជាក់ស្តែងផ្លែសាវម៉ាវនៅតំបន់នេះប្រកបដោយលក្ខណៈពិសេសត្រង់សាច់ស្ងួត ស្រួយ មានជាតិជូរអែមដែលធ្វើឱ្យអ្នកពិសាជក់ចិត្តចាប់អារម្មណ៍ និងមិនធុញទ្រាន់។

ម្ចាស់ចម្ការដដែលបានបន្តថា សាវម៉ាវភ្នំវល្លិ៍មិនពិបាកលក់ទេឱ្យតែពេលផ្លែទុំគឺមានឈ្មួញមកទិញ និងបេះដល់ចម្ការ ហើយមួយភាគធំយកទៅលក់នៅរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តធំៗមួយចំនួនទៀត។ ក្នុងមួយថ្ងៃលោកអាចប្រមូលផ្លែសាវម៉ាវបានពី៣០កេសទៅ៥០កេសដោយ១ កេសទម្ងន់៣០គីឡូក្រាម។ ចំណែកថ្ងៃបុណ្យទានសំខាន់ៗគឺបញ្ចេញលក់ច្រើនជាងនេះ។ លោកឡោ ម៉េងឆាយ បានបញ្ជាក់ថា ជាទូទៅ សាវម៉ាវភ្នំវល្លិ៍ប្រមូលផលចាប់ពីចុងខែមេសារហូតដល់ខែកញ្ញា។ របៀបដាំ និងថែទាំគឺធ្វើតាមបែបធម្មជាតិដោយមិនប្រើជីគីមី ហើយក៏មិនបាញ់ថ្នាំឱ្យផ្លែច្រើននោះដែរ។

ឈ្មួញដែលមកទិញ និងបេះសាវម៉ាវទៅលក់បន្តបានប្រាប់ឱ្យដឹងថា សាវម៉ាវភ្នំវល្លិ៍កំពុងមានទីផ្សារល្អជាងសាវម៉ាវនាំចូលពីក្រៅ។ពេលនេះ ពួកគាត់លក់កាន់តែដាច់ និងមានតម្រូវការច្រើននៅលើទីផ្សារ៕/PC

Post navigation