Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សព្វផ្សាយយុទ្ធនាការទាំង៥ សម្រាប់ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៦ សីហា ម្សិលមិញនេះ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យការងារ ព្រមទាំងកំណត់ផែនការសកម្មភាពការងារ និងទិសដៅអនុវត្តការងារបន្ដរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានជំរុញឲ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយ អំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព, ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត, កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ, កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។

កិច្ចប្រជុំថ្ងៃនេះ លោករដ្ឋមន្ដ្រី បានដឹកនាំ និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ វប្បធម៌ បរិស្ថាន និងអប់រំកីឡា។ អ្វីដែលសំខាន់លោកបានផ្តោតទៅលើយុទ្ធនាការទាំង៥ ដើម្បីបញ្ជ្រាបព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋ ឲ្យពួកគាត់បានយល់ដឹង អំពីការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ហើយចូលរួមយុទ្ធនាការនេះទាំងអស់គ្នា ពិសេសការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងផ្ទះសម្បែងពួកគាត់ឲ្យបានស្អាត រួមជាមួយការរៀបចំម្ហូបអាហារ និងសេវាកម្មផ្សេងៗ ឲ្យបានល្អ សម្រាប់ត្រៀមទទួលបដិសណ្ឋារកិច្ចប្រកបដោយស្នាមញញឹម និងភាពរួសរាយរាក់ទាក់។

លើសពីនេះ លោកអនុប្រធានអចិន្ដ្រៃយ៍ បានជំរុញឲ្យគណៈកម្មការរបស់យើង យកចិត្តទុកដាក់ ទៅលើការផ្សព្វផ្សាយ អំពីបទចម្រៀងសម្រាប់អបអរសាទរព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីធ្វើការផ្សព្វផ្សាយផងដែរ ព្រោះបទចម្រៀង អាចមានសក្ដានុពល និងជ្រួតជ្រាបទៅដល់មហាជនទាំងអស់ មានន័យថា ក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជា យុវជនទាំងអស់ គាត់មើលទូរទស្សន៍ គឺគាត់អាចយល់ អំពីកីឡា ថាកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។ ទាំងអស់នេះ គឺជាការរួមចំណែក ក្នុងដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣ ហើយក្ដោបរួមនៅក្រោមពាក្យស្លោករបស់យើង គឺកីឡារស់ក្នុងសន្ដិភាព។

ដើម្បីជំរុញការផ្សព្វផ្សាយយុទ្ធនាការខាងលើ ទៅដល់គ្រប់ច្រកល្ហក និងស៊ីជម្រៅ ពិសេសគោលដៅធំៗទាំង៥ ដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុខេត្តកំពត និងខេត្តកែប ក្រោមកិច្ចសហការជាមួយអាជ្ញាធរដែនដី ដើម្បីសម្រួចគោលដៅតំបន់ត្រូវផ្សព្វផ្សាយ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូង បន្ទាប់ពីកម្ពុជាទន្ទឹងរង់ចាំ អស់រយៈពេល ៦៤ ឆ្នាំ ៕/V

Post navigation