Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ផ្សោតឈ្មោលមួយក្បាលទម្ងន់១៦០ គីឡូក្រាមបានស្លាប់ដោយសារជាប់មង

Views: 3

ដោយ:សុខុម/ស្ទឹងត្រែង:ផ្សោតឈ្មោលមួយក្បាលត្រូវគេប្រទះឃើញស្លាប់នៅវេលាម៉ោង៦:៣០ ល្ងាចថ្ងៃទី១៩ខែមីនាឆ្នាំ២០២៣ ក្នុងតំបន់អភិរក្សសត្វផ្សោតកោះកូនសត្វឃុំកោះព្រះស្រុកសៀមបូងខេត្តស្ទឹងត្រែង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាសត្វផ្សោតខាងលើនេះបានស្លាប់គឺបណ្ដាលមកពីជាប់មង។នៅក្រោយពេលឃើញសត្វផ្សោតស្លាប់អណ្ដែតទឹកទន្លេមេគង្គនោះក្រុមជំនាញមន្ត្រីរដ្ឋបាលជលផលនិងអង្គការ wwf បានពិនិត្យទៅលើដងខ្លួននៃសពសត្វផ្សោតឃើញថាព្រុយរបស់វាខាងជំហៀង ពោះ និងចុងកន្ទុយមានស្នាមជាប់មង។ផ្សោតឈ្មោលមួយក្បាលនេះគឺមានទម្ងន់១៦០ គីឡូក្រាមប្រវែង២.៣៨ ម៉ែត្រអាយុប្រហែល២០ឆ្នាំ។

ប្រភពបានឱ្យដឹងទៀតថាសត្វផ្សោតខាងលើនេះគឺជាលើកទីមួយហើយបានស្លាប់មួយក្បាលក្នុងឆ្នាំ២០២៣។

សត្វផ្សោតទន្លេមេគង្គគឺជារតនៈសម្បត្តិធម្មជាតិមានជីវិតដែលមានប្រមាណ៩០ ក្បាលរស់នៅតាមបណ្ដោយដងទន្លេមេគង្គនៃខេត្តក្រចេះនិងស្ទឹងត្រែង។សត្វផ្សោតពេញវ័យអាចបន្តពូជបានមានអាយុចាប់ពីប្រាំពីរឆ្នាំហើយមានកូនក្នុងរយៈពេល ពីរឆ្នាំម្ដង។

បច្ចុប្បន្ននេះសត្វផ្សោតរងការគំរាមកំហែងដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់។ដូច្នេះទើបរាជរដ្ឋាភិបាលចេញអនុក្រឹត្យលេខ៤៧អនក្រ.បកចុះថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៣ដោយកំណត់កន្លែងការពារនិងអភិរក្សសត្វផ្សោតប្រវែង១២០គីឡូម៉ែត្រចាប់ពីប៉ែកស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែងខេត្តស្ទឹងត្រែងរហូតដល់កោះទ្រង់ក្នុងខេត្តក្រចេះ។ដោយហាមឃាត់ការធ្វើនេសាទដែលប្រើឧបករណ៍មងសន្ទូចរនងនិងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត៕សរន

Post navigation