Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បិទសិក្ខាសាលា​ ស្តីពីទិសដៅ នៃការពង្រឹងយន្តការ និងគោលការណ៍ នយោបាយព័ត៌មាន

Views: 2

ដោយៈបាយ័ន / សៀមរាបៈ សិក្ខាសាលា ស្តីពី “ទិសដៅនៃការពង្រឹងយន្តការ និងគោលនយោបាយព័ត៌មាន” ជូនដល់មន្ទីរ ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ មកពីខេត្ត ចំនួន ៤ រួមមាន ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តព្រះវិហារ ប្រមាណជាង ២០០ នាក់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តសៀមរាប ដែលបានដំណើរការ រយៈពេល​ ២ ថ្ងៃមក ត្រូវបានធ្វើពិធីបិទក្រោមវត្តមានលោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោកស្រី ម៉ននី រងី្ស អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ។

លោក ផៃ ស៊ីផាន បានលើកឡើងថាៈ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបន្ត ពង្រឹងការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន ដោយឆន្ទៈប្តេជ្ញា យ៉ាងមុះមុត ចូលរួមចំណែកលើអភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន ដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដ៏ផុសផុល ក្រោមមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ និងឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបានចាត់ទុកថា សិក្ខាសាលាស្ដីពី «ទិសដៅនៃការពង្រឹងយន្តការ និងគោល ការណ៍នយោបាយព័ត៌មាន» ដែលជាមានគោលការណ៍ ក្នុងកិច្ចពង្រឹង និងរំលេច ការយល់ដឹង ដល់ប្រជាពលរដ្ឋ នូវរាល់អន្តរវិស័យ នៅជុំវិញរដ្ឋបាលខេត្ត ដែលបាន ផ្តល់សេវាសាធារណៈ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយនឹងកិត្យានុភាព ឧត្តមភាពនៃការដឹកនាំ រាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ ផងដែរ។

លោក បានបន្តទៀតថាៈ ជាមួយនឹងស្មារតី នៃបទពិសោធន៍ ជាមូលដ្ឋានគ្រឹះ នៃវិស័យ ព័ត៌មានរបស់រដ្ឋ ក្នុងទិសដៅកសាងឲ្យបាន នូវអភិបាលកិច្ចល្អ លើវិស័យព័ត៌មាន ថ្នាក់ក្រោមជាតិ និងដើម្បីជំរុញប្រសិទ្ធភាព នៃការផ្សព្វផ្សាយបំផុសព័ត៌មាន ឲ្យកាន់តែ នៅកៀកប្រជាពលរដ្ឋ គ្រប់មធ្យោបាយ ក្នុងការបំផុស និងរំលេចនូវផលប្រយោជន៍ របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន អភិបាលកិច្ចល្អ ក្នុងវិស័យព័ត៌មាន គឺកិច្ចពង្រឹង វេទិកាសន្ទនាឆ្លើយឆ្លង រវាងមន្ត្រីព័ត៌មាន និងមន្ទីរវិស័យជំនាញ ជុំវិញរដ្ឋបាលខេត្ត ដើម្បីផ្ដល់ការយល់ដឹង ដល់សាធារណជន ឈានទៅការបង្កើតបាន នូវលំហនៃ តម្លាភាព គណនេយ្យភាព និងការដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព ។

ដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍ថ្មីៗ បន្ថែមទៀត សំដៅលើកកម្ពស់ពង្រឹង យន្តការ និងគោលការណ៍នយោបាយព័ត៌មាន សម្រាប់ការប្រាស្រ័យទំនាក់ទំនង ជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងមជ្ឈដ្ឋាននានា ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងសមធម៌ ដោយធ្វើការបំផុស រំលេច សមិទ្ធផលសម្រេចបានពិតៗ និងគោលការណ៍ផ្ដល់ សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ជាពិសេសរំលេចនូវស្នាដៃ ដ៏ធំធេង ជាមរតកប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវសំខាន់ៗ ដែលជាស្នាដៃប្រវត្តិសាស្ត្រ ផ្តើមចេញពី រណសិរ្សរួបរួមជាតិ ដើម្បីសង្គ្រោះជាតិ និងអាយុជីវិត ប្រជាពលរដ្ឋចេញពីរបបប្រល័យ ពូជសាសន៍ និងរណសិរ្ស ដើម្បីបញ្ចប់សង្គ្រាម ស្វែងរកដំណោះស្រាយនយោបាយ រួមមួយ នៃជម្លោះប្រដាប់អាវុធនៅកម្ពុជា ឈានទៅសម្រេចបាន នូវកិច្ចព្រមព្រៀង សន្តិភាព ទីក្រុងប៉ារីស នៅថ្ងៃទី២៣ តុលា ១៩៩១ ។ ព្រមទាំងគោលនយោបាយ ឈ្នះឈ្នះ របស់រាជរដ្ឋាភិបាល និងការអនុគ្រោះ យោគយល់ សម្រាប់ជនតាំងខ្លួន ជា អ្នកភៀសខ្លួននយោបាយ ក្នុងការធ្វើមាតុភូមិនិវត្តន៍ និងការរួបរួមជាតិ ដើម្បីវឌ្ឍនភាព រួម ក្នុងទិសដៅឆ្នាំ២០៣០ និងឆ្នាំ២០៥០ ។

លោកក៏បានលើកឡើង នូវបទពិសោធន៍ និងអនុសាសន៍ល្អៗ​ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់មន្ត្រី ជាអ្នកនាំពាក្យរដ្ឋបាលខេត្ត និងមន្ទីរ អង្គភាពជុំវិញខេត្តទាំង ៤ យកទៅអនុវត្ត ព្រមទាំងមានជំនឿ យ៉ាងមុតមាំផងដែរថា ក្រោពីបញ្ចប់អង្គសិក្ខាសាលា នេះទៅ សិក្ខាកាមទាំងអស់ នឹងទទួលបានជោគជ័យ និងផ្លែផ្កាដ៏ត្រចះត្រចង់ ដើម្បីចូលរួមសម្រេចបាន នូវបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងកិច្ចថែរក្សា ការពារ សុចរិត នៃផលប្រយោជន៍រួមរបស់ជាតិ ក៏ដូចជាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដែលជាឆន្ទៈមុះមុត របស់រាជរដ្ឋាភិបាល រួមគ្នាជាមួយប្រជាពលរដ្ឋរបស់យើង ៕ V / N

Post navigation