Views: 10
ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ សមាគមអតីត យុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ បានរៀបចំបំពាក់មេដាយជូនអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារចំនួន ១០៨ នាក់ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារនិងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្ដព្រះវិហារ នៅសាលាស្រុកឆែបខេត្ដព្រះវិហារ។

លោក ច័ន្ទ សុភ័ក្ដ្រា បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជាទីបំផុតចំពោះ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ដែលបានប្រទានគ្រឿងឥស្សរិយយសការពារជាតិ ជូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ ចំពោះជាតិ និងប្រជាជនកម្ពុជា ព្រមទាំងបានរួមចំណែក ជាមួយសម្ដេចតេជោ ហ៊ុន សែន អនុវត្តនូវគោលនយោបាយឈ្នះឈ្នះ នាំមកនូវ សន្តិភាព និងការឯកភាពជាតិ ពេញលេញ។
ក្នុងឱកាសនេះដែរ លោកប្រធាន បានកោតសរសើរនូវវីរភាព ដ៏អង់អាចក្លាហានរបស់ អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
នៅក្នុងការបំពាក់មេដាយនោះដែរ លោកប្រធានបាននាំយកថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់ជូនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០.០០០ រៀល កំដរដៃផងដែរ៕/V/R


