Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាប់​ពី​វាយប្រហារ​រដ្ឋ​ផ្លរីដា ព្យុះសង្ឃរា​អៀន​វាយ​សំពង​លើ​រដ្ឋ​សៅ​ខា​រ៉ូ​លីណា​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ព្យុះសង្ឃរា​អៀន (Ian) ដែល​ជា​ព្យុះ​អាក្រក់​បំផុត​មួយ​មិន​ធ្លាប់​វាយប្រហារ​សហរដ្ឋ​អាម៉េរិក​ពីមុនមក បាន​បោកបក់​ចូល​រដ្ឋ​សៅ​ខា​រ៉ូ​លីណា (South Carolina) កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា ដោយ​វាយ​សំពង​ខ្លាំងៗ​ជា​លើក​ទី​ពីរ បន្ទាប់ពី​បាន​វាយលុក​ទៅលើ​រដ្ឋ​ផ្លរីដា​។​

​មជ្ឈមណ្ឌល​ព្យុះសង្ឃរា​ជាតិ (NHC) បាន​និយាយថា ព្យុះ​អៀន​បាន​បោកបក់​ចូល​ទីក្រុង​ច​ច​ថោ​ន (Georgetown) រដ្ឋ​សៅ​ខា​រ៉ូ​លីណា​ក្នុងនាម​ជា​ព្យុះ​សង្ឃរា​ប្រភេទ​១​ដែល​មាន​កម្លាំង​ខ្យល់​​បក់​អតិបរមា ១៤០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ក្រោយ​មក​វា​ត្រូវ​បាន​បន្ទាប​ចំណាត់​ថ្នាក់​ទៅជា​ព្យុះ​ស៊ីក្លូន​ក្រោយ​ត្រូពិច ប៉ុន្តែ NHC បាន​ព្រមាន​អ្នក​រស់នៅ​តាម​ឆ្នេរសមុទ្រ​ថា “​ការកើនឡើង​ព្យុះ​ដ៏​គ្រោះថ្នាក់ ទឹកជំនន់​ភ្លាមៗ​និង​ការគំរាមកំហែង​​ពី​ខ្យល់​ខ្លាំង​នៅ​តែ​បន្ត​”​។​

​ចំពោះ​ព្យុះ​ដែល​បំផ្លិចបំផ្លាញ​នៅ​រដ្ឋ​ផ្លរីដា ប្រធានាធិបតី​ចូ បៃ​ដិនបាន​និយាយថា “​យើង​ទើបតែ​ចាប់ផ្តើម​ឃើញ​ទំហំ​នៃ​ការបំផ្លិចបំផ្លាញ​ប៉ុណ្ណោះ​”​។​

​លោក​បាន​និយាយ​អំពី​ព្យុះ​អៀន ដែល​បាន​បក់​ចូល​ដល់​ឆ្នេរ​ភាគ​និរតី​នៃ​រដ្ឋ​ផ្លរីដា​កាលពី​ថ្ងៃ​ពុធ​ក្នុងនាម​ជា​ព្យុះ​ប្រភេទ​៤ នៅលើ​ខ្នាត​វាស់ Saffir-Simpson យ៉ាង​ដូច្នេះ​ថា​”​វា​ទំនងជា​ស្ថិត​ក្នុង​ចំណាត់​​ថ្នាក់​ព្យុះ​ដ៏​អាក្រក់​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​”​។​

​ទូរទស្សន៍ CNN បាន​ដកស្រង់​សេចក្តីរាយការណ៍​របស់​រដ្ឋ​និង​ក្រុង​នានា ថា ព្យុះ​នេះ​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៤២ នាក់​នៅក្នុង​រដ្ឋ​ផ្លរីដា ប៉ុន្តែ​មន្ត្រី​រដ្ឋ​បានលើកឡើង​ពី​តួលេខ​ស្លាប់​ត្រឹម ២១ នាក់ ហើយ​និយាយ​ថា ២០ នាក់​ស្លាប់​ផ្សេង​ទៀត​មិន​ទាន់​ត្រូវ​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ព្យុះ​នៅឡើយ​ទេ​។​

​យោង​តាម​ឆ្មាំ​សមុទ្រ​បាន​ឱ្យដឹងថា ជន​ចំណាកស្រុក ១៧ នាក់​នៅតែ​បាត់​ខ្លួន​ពី​ទូក​ដែល​លិច​ក្នុងអំឡុង​ខ្យល់ព្យុះ​កាលពី​ថ្ងៃ​ពុធ​។ មនុស្ស​ម្នាក់​ត្រូវបាន​រកឃើញ​ស្លាប់ និង​ប្រាំបួន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្នុងនោះ​មាន​ជនជាតិ​គុយបា​បួន​នាក់​ដែល​បាន​ហែល​ទៅ​ច្រាំង​នៅ​រដ្ឋ​ផ្លរីដា​។​

​ដោយ​ប៉ាន់ប្រមាណ​ថា​ការខូចខាត​មាន​ចំនួន​រាប់សិប​ពាន់​លាន​ដុល្លារ លោកបៃ​ដិនបាន​និយាយថា “​វា​នឹង​ត្រូវ​ចំណាយពេល​ច្រើន​ខែ​និង​ច្រើន​ឆ្នាំ​ដើម្បី​កសាង​ឡើង​វិញ​”​។​

​លោក​បាន​និយាយថា “​វា​មិនមែន​គ្រាន់តែ​ជា​វិបត្តិ​សម្រាប់​រដ្ឋ​ផ្លរីដា​ប៉ុណ្ណោះ​ទេ​។ នេះ​គឺជា​វិបត្តិ​របស់​អាម៉េរិក​”៕

​ព្យុះ​អៀន​បង្ក​ជា​ទឹកជំនន់​ជន់​លិច​ផ្នែក​នានា​នៃ​រដ្ឋ​ផ្លរីដា​និង​រដ្ឋ​សៅ​ខា​រ៉ូ​លីណា

Post navigation