Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាប់ពីមានការបញ្ជាទិញ មានរោងចក្រមួយចំនួន ដែលព្យូរការងារ បានបើកទ្វារឡើងវិញ

Views: 1

ដោយ៖ ណូរ៉ា / ភ្នំពេញ៖ កម្មករ និយោជិត នៅក្នុងវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ មួយចំនួន បានចូលម្រើការងារវិញខ្លះៗហើយ នៅតាមរោងចក្រ សហគ្រាសរបស់ខ្លួន បន្ទាប់ពីមានការបញ្ជាទិញឡើងវិញ និងស្របពេលរោងចក្រថ្មីៗ ជាច្រើនកន្លែងផ្សេងទៀត បានបើកទ្វារជ្រើសរើស កម្មករ-កម្មការិនី ចូលបម្រើការងារ ។

( លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា ផ្តល់បទសម្ភាសន៍ )

លោកស្រី ទេព គឹមវណ្ណារី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា បានលើក ឡើង ក្នុងកិច្ចប្រជុំផ្ទេរតំណែងលេខាធិការដ្ឋាន ក្រុមប្រឹក្សាសហភាពសហជីព អន្តរជាតិ ប្រចាំកម្ពុជា (ITUC-CC) រវាងសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) និងសហភាពសហជីពកម្ពុជា (CCU) នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៣ នេះថាៈ «ជុំវិញវិស័យការងារ ក្នុងពេលបច្ចុប្បន្ន លោកស្រី បានសង្កេត ឃើញថា បន្ទាប់ពីមានរោងចក្រមួយចំនួន បិទទ្វារ និងបានព្យូរការងារកម្មករ និយោជិត កម្ពុជា ក៏មានរោងចក្រ បើកថ្មី នៅក្នុងវិស័យវាយនភណ្ឌ និងស្បែកជើង ជាច្រើនកន្លែងផងដែរ ដែលធ្វើឲ្យបងប្អូនកម្មករ -កម្មការិនីមួយចំនួន មានការងារធ្វើ ដើម្បីជីវភាពការងាររស់នៅ ប្រចាំថ្ងៃរបស់ពួកគាត់»។

លោកស្រី បានបន្តថាៈ ទាក់ទងវិស័យការងារនេះ រាជរដ្ឋាភិបាល បានយកចិត្តទុក ដាក់យ៉ាងខ្លាំង អំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូន កម្មករ-កម្មការិនី ជាក់ស្តែង នៅក្នុងឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាល បានគ្រោងថវិការឆ្លើយតប សកម្មភាពគាំពារសង្គម រួមមាន ការបន្តគាំពារថែទាំសុខភាព សម្រាប់កម្មករ បន្តការឧបត្ថម្ភមាតុភាព សម្រាប់កម្មករ និយោជិត ដែលបានគ្រោង នៅក្នុងកញ្ចប់ ថវិកា របស់ក្រសួងសុខាភិបាល សម្រាប់បន្តបើកផ្តល់ជូនកម្មការិនី ក្រោយពេល សម្រាលកូនរួច និងសម្រាកលំហែមាតុភាពជាដើម។

លោកស្រី បានថ្លែងបន្តឲ្យដឹងថាៈ ទាក់ទិនវិស័យការងារនេះ បន្ទាប់ពីមានរោងចក្រ មួយចំនួន បានបិទទ្វារ និងបានព្យូរការងារ, រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំ ភ្លាមៗ ស្តីពីការព្យូរកិច្ចសន្យាការងារ ដើម្បីធ្វើយ៉ាងណា ជួយរក្សាលំនឹងជីវភាព រស់នៅ របស់បងប្អូនកម្មករ និយោជិត ។

លោកស្រី បានថ្លែងបន្តថាៈ ពាក់ព័ន្ធវិស័យការងារនេះដែរ ស្របពេលរោងចក្រ មួយចំនួន បានបិទទ្វារ និងរោងចក្រមួយចំនួនទៀត ដែលព្យូរការងារ យើងក៏សង្កេត ឃើញរោងចក្រមួយចំនួន ក៏មានរោងចក្រ បើកថ្មីជាបណ្តើរៗផងដែរ ដែលរោងចក្រ ទាំងនេះ អាចស្រូបយកកម្មករ កម្មការិនី ចូលបម្រើការងារ ជាបន្តបន្ទាប់។

នៅក្នុងប្រជុំផ្ទេរតំណែងលេខាធិការដ្ឋាន ដែលមានសហភាពធំៗ ចំនួន ៣ គឺ សហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) ដឹកនាំដោយលោកស្រី ទេព គឹមវណ្ណារី, សហភាពសហជីពកម្ពុជា (CCU) ដឹកនាំដោយលោក អាត់ ធន់ និង សហភាពការងារកម្ពុជា (CLC) ដឹកនាំដោយលោក ឡុង រីម ប្រារព្ធធ្វើនៅ ភោជនីយដ្ឋានទន្លេបាសាក់២ បានបង្កើតឡើង ដឹកនាំ ITUC-CC នេះ វិលជុំ មួយឆ្នាំម្តង ។

លោក ប៉ាទួន (Patuan) មន្ត្រីជាន់ខ្ពស់សហភាពសហជីពអន្តរជាតិ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថាៈ ជុំវិញការផ្លាស់ប្តូរវេនគ្នា រវាងសហភាពទាំង ៣ នៅកម្ពុជានេះ គឺជាការផ្លាស់ប្តូរ នៃរបៀបដឹកនាំការងារមួយ ដែលមានគោលដៅដូចគ្នាគឺ ដើម្បីស្វែករកការអនុវត្តការងារ ប្រកបដោយសមធម៌ ដែលជាការអត្ថប្រយោជន៍ ក្នុងវិស័យការងារ ដល់កម្មករ និយោជិត ដែលពីមុន សហជីពទាំងអស់ ច្រើនតែមាននិន្នាការផ្សេងគ្នា គោលដៅផ្សេងគ្នា តែបច្ចុប្បន្នយើង អាចអង្គុយជជែកគ្នា ជាក់ស្តែង ក្នុងបរិបទរោងចក្រ បិទទ្វារ​ឬការព្យូការងារនេះ ជាដើម យើងត្រូវស្វែងរកគន្លឹះ ឬជជែកជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ផល ប្រយោជន៍រួមរបស់ កម្មករ និយោជិត។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តី ជូនដំណឹង ស្តីពីការព្យួរកិច្ចសន្យាការងារ កម្មករ និយោជិត ធ្វើការនៅរោងចក្រ ក្នុងវិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរ និងកាបូប ដែលរងផលប៉ះពាល់ ដោយសារវិបត្តិសេដ្ឋកិច្ចសកល ។

ក្នុងនោះ បងប្អូនកម្មករ និយោជិត ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នឹងត្រូវទទួលបានប្រាក់ឧបត្ថម្ភ រួមមាន ចំនួន ២០ ដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល និងចំនួន ១៥ ដុល្លារអាមេរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ៧ថ្ងៃ ទៅ ១៤ថ្ងៃ និងចំនួន ៤០ ដុល្លារអាមេរិក ពីរាជរដ្ឋាភិបាល និង ៣០ ដុល្លារអាមេរិក ពីនិយោជក សម្រាប់ការព្យួរកិច្ចសន្យាការងារ រយៈពេល ១៥ ថ្ងៃ ទៅ ១ ខែ៕ V / N

( ពិធីចុះហត្ថលេខា ផ្ទេរដំណែងប្រចាំឆ្នាំពីលោកស្រី ទេព គឹមវណ្ណារី ទៅលោកឡុង រីម )

Post navigation