Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បន្ទាប់ពីសម្តេចធិបតីនាយករដ្ឋមន្រ្តីបន្ថែមពីរដុល្លារ៖ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុងមួយខែ

Views: 3

ដោយៈស្រីនាថ,ដេប៉ូ/ភ្នំពេញ៖ ប្រាក់ឈ្នួលអប្បបរមាថ្មីរបស់កម្មករ សម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុងមួយខែ បន្ទាប់ពីសម្ដេចធិបតី
នាយករដ្ឋមន្រ្តី​កម្ពុជា ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមពីរដុល្លារទៅលើលទ្ធផលនៃការបោះឆ្នោត​របស់ក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមា ដែលលទ្ធផលនោះ គឺ ២០២ ដុល្លារក្នុងមួយខែ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជាបានបង្ហាញលើបណ្តាញសង្គមតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣នេះថា “ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ក្នុង ១ខែ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា​ខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ”។

ក្នុងសារដដែលបានរំលឹកថា” មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាល​វិជ្ជាជីវៈអំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាលើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ, តួលេខ២០៤ដុល្លារ, និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសំឡេង ៤៦ លើ ៥១សំឡេង និងតួលេខ ២១៣ដុល្លារ ទទួល​បានសំឡេង ៥ លើ ៥១សំឡេង “។ យោងលើសំឡេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមានឹងកំណត់​តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថា “ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរ​លើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់​ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។
ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយនិងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជន​ឱ្យបានជ្រាបជាព័ត៌មាន”។

សម្ដេចធិបតីនាយករដ្ឋមន្រ្តីបន្តថា ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុក​ចំណាយរបស់បងប្អូនកម្មករនិយោជិត។ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អ​បរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗ​ជូនប្រជាពលរដ្ឋ។

ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ៕សរន

Post navigation