Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បង់​ក្លា​ដែ​សប្រាប់​អ​.​ស​.​ប​ថា មី​យ៉ាន់​ម៉ា​ត្រូវតែ​យក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ត្រឡប់​ទៅ​វិញ​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ មេដឹកនាំ​បង់​ក្លា​ដែស​បាន​ប្រាប់​មន្ត្រី​អង្គ​ការ​សហប្រជាជាតិ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​ថា​ជនភៀសខ្លួន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​រាប់​​សែន​នាក់​ដែល​រស់នៅ​ក្នុង​ជំរំ​ចង្អៀត​ក្នុងប្រទេស​បង់​ក្លា​ដែស ត្រូវតែ​ត្រឡប់​ទៅ​មី​យ៉ាន់​ម៉ា​វិញ ជា​កន្លែង​ដែល​ពួកគេ​បាន​ភៀសខ្លួន​ចេញពី​រលក​នៃ​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​ហិង្សា​។​

​នាយករដ្ឋមន្ត្រី​លោក​ស្រី សេក ហា​ស៊ីណា (Sheikh Hasina) បាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះ​ទៅ​កាន់​ឧត្តម​ស្នងការអ​.​ស​.​ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី មី​សែ​ល បា​ឆេ​ឡេត (Michelle Bachelet) នៅ​រដ្ឋធានី​ដា​ក្ការបស់បង់​ក្លា​ដែស​។ លោកស្រី​បា​ឆា​ឡេត​បាន​មក​ដល់​កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​បាន​ទៅ​មើល​ជំរំ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ស្រុក​ខុក​ស្បា​ហ្សា (Cox’s Bazar)​ក្បែរ​​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​។​

​លោកស្រី​ហា​ស៊ីណា​ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​លេខាធិការ​ព័ត៌មាន​របស់​គាត់ ឈ្មោះ អ៊ី​សា​នុល ការី​ម (Ihsanul Karim) យ៉ាង​ដូច្នេះ​ថា “​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា គឺជា​ជនជាតិ​មី​យ៉ាន់​ម៉ា ហើយ​ពួកគេ​ត្រូវតែ​នាំ​យក​ត្រឡប់​ទៅ​វិញ​”​។​

​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​ប្រឈមមុខ​នឹង​ការរើសអើង​យ៉ាង​ទូលំទូលាយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដែល​កាន់​ពុទ្ធសាសនា​ភាគច្រើន​ជា​កន្លែង​ដែល​ពួកគេ​ភាគច្រើន​ត្រូវបាន​បដិសេធ​សញ្ជាតិ​និង​សិទ្ធិ​ជាច្រើន​​ទៀត​។ មនុស្ស​ជាង ៧០០.០០០ នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​បង់​ក្លា​ដែស ដោយ​ចាប់ផ្តើម​នៅ​ចុងខែ​សីហា​ឆ្នាំ ២០១៧ នៅពេល​ដែល​យោធា​មី​យ៉ាន់​ម៉ា​បានចាប់ផ្តើម “​ប្រតិបត្តិការ​បោសសម្អាត​” ប្រឆាំង​នឹង​ពួកគេ បន្ទាប់​ពី​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​។ ស្ថានភាព​សុវត្ថិភាព​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​កាន់តែ​អាក្រក់​ទៅ​បន្ទាប់​ពី​ការចូល​កាន់កាប់​អំណាច​ដោយ​យោធា​កាលពី​ឆ្នាំមុន​។​

​បច្ចុប្បន្ន បង់​ក្លា​ដែស​កំពុង​ទទួល​ជនភៀសខ្លួ​ន​រ៉ូ​ហ៊ីង​យ៉ា​ជាង​១​លាន​នាក់​។​

​ជនភៀសខ្លួន​នឹង​ប្រារព្ធ​ខួប​លើក​ទី​ប្រាំ​នៃ​ការហូរ​ចូល​ចុងក្រោយ​បំផុត​របស់​ពួកគេ​នៅក្នុង​ប្រទេស​បង់​ក្លា​ដែស ចំ​ពេល​មាន​ការប៉ុនប៉ង​បរាជ័យ​ក្នុង​ការបញ្ជូន​ពួកគេ​ត្រឡប់​ទៅ​ស្រុក​វិញ​។ កាលពីដើម​ខែ​នេះ បង់​ក្លា​ដែសបាន​ស្វែងរ​កកិច្ចសហប្រតិបត្តិកា​រ​ពី​ប្រទេស​ចិន​ក្នុងការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទៅកាន់​មី​យ៉ាន់​ម៉ា​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​លោក វ៉ាង យី​។ ចិន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ខែវិច្ឆិកា ឆ្នាំ ២០១៧ ជាមួយ​មី​យ៉ាន់​ម៉ា ក្នុង​គោលបំណង​បញ្ជូន​ពួកគេ​ត្រឡប់​ទៅ​វិញ​។​

​លោកស្រី​ហា​ស៊ីណា​និង​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​មួយចំនួន​មុននេះ​បាន​សម្តែង​ការខកចិត្ត​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ភាព​អសកម្ម​របស់​មី​យ៉ាន់​ម៉ា​ក្នុង​ការយក​ពួកគេ​ត្រឡប់​ទៅវិញ​នៅ​ក្រោម​កិច្ចព្រមព្រៀង​នេះ​។ អាជ្ញាធរ​អ​.​ស​.​ប​និង​បង់​ក្លា​ដែសបាន​ព្យាយាម​យ៉ាងហោចណាស់​ពីរដង ដើម្បី​ចាប់ផ្តើម​ធ្វើ​មាតុភូមិនិវត្តន៍ ប៉ុន្តែ​ជនភៀសខ្លួន​បាន​បដិសេធ​មិន​ព្រមទៅ ដោយ​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​នៅពេល​ដែល​លោកស្រី​បា​ឆេ​ឡេត​ចុះ​ទៅ​មើលជំរំ​កាលពី​ថ្ងៃ​ពុធ ជនភៀសខ្លួន​បាន​ជំរុញ​ឱ្យ​អ​.​ស​.​ប​ជួយ​កែលម្អ​សុវត្ថិភាព​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ដូច្នេះ​ទើប​ពួកគេ​អាច​ត្រឡប់​ទៅ​វិញ​បាន​។​

​អ​.​ស​.​ប​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជនភៀសខ្លួន​បាន​ពណ៌នា​អំពី “​ការ​សោកសៅ និង​ការឈឺចាប់​របស់​ពួកគេ​” ដល់​លោក​ស្រី​បា​ឆេ​ឡេត​។​

​អ​.​ស​.​ប​បាន​ដកស្រង់​សម្តី​ជនភៀសខ្លួន​ប្រាប់​ទៅ​លោក​ស្រី​យ៉ាង​ដូច្នេះ​ថា “​នៅពេល​ដែល​សិទ្ធិ​របស់​យើង​ត្រូវ​បាន​គោរព យើង​អាច​មាន​ជីវភាព​រស់នៅ​របស់​យើង​ម្តងទៀត ហើយ​យើង​អាច​មាន​ដី ហើយ​យើង​អាច​មាន​អារម្មណ៍​ថា​យើង​ជា​ផ្នែក​មួយ​នៃ​ប្រទេស​”៕

ឧត្តម​ស្នងការអ​.​ស​.​ប​ទទួលបន្ទុក​សិទ្ធិមនុស្ស​លោកស្រី មី​សែ​ល បា​ឆេ​ឡេត ថ្លែង​ក្រោយ​បាន​ទៅ​មើល​ជំរំ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​ស្រុក​ខុក​ស្បា​ហ្សា (Cox’s Bazar)​ក្បែរ​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា​

Post navigation