Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ា​ណែ​ត : ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍ​ជាតិ

Views: 1

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ភារកិច្ច​ដែល​ឥត​កែប្រែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ការបម្រើ សង្គ្រោះ កសាង ការពារ និង​អភិវឌ្ឍ​ជាតិ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាជន​រស់នៅ​ប្រកបដោយ​ក្តី​សុខសាន្ត ហើយ​គ្រប់​មូលដ្ឋាន​ភូមិ​ស្រុក​នៅ​ទូទាំងប្រទេស ក៏​ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​ប្រកបដោយ​និរន្តរភាព​។ ក្នុងន័យនេះ សូម​មន្ត្រី​របស់​គណបក្ស​ប្រជាជន​គ្រប់រូប បន្ត​ចូលរួម​បម្រើ រែកពន់ និង​សម្រេច​ភារកិច្ច និង​សមិទ្ធផល​វិជ្ជមាន​នានា​បន្ថែមទៀត ដើម្បី​នាំ​ស្នាមញញឹម​ជូន​ប្រជាជន​យើង​។ ខ្មែរ​រួមគ្នា ខ្មែរ​កាន់តែ​រីកចម្រើន និង​អាច​រស់នៅ​ជាមួយគ្នា​ដោយ​ភាពសុខដុមរមនា និង​សុភមង្គល​។​

​ការបញ្ជាក់​នេះ ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន ២ ខ្សែ ប្រវែង​ប្រមាណ ៣២ គ​.​ម និង​ពិធី​កាត់​ឫស​សីមា និង​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា នៅ​វត្ត​ឥន្ទ​រិទ្ធី (​ហៅ​វត្ត​បារាយណ៍​) ស្ថិត​ក្នុងភូមិ​បារាយណ៍ ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៣​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ក៏បាន​អរគុណ​ចំពោះ​ប្រជាពលរដ្ឋ​ស្រុក​ក្រូចឆ្មារ​ដែល​តែង​ជឿទុកចិត្ត​មកលើ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី តាមរយៈ​ការចូល​រួមជាមួយ​រាជរដ្ឋាភិបាល​ក្នុង​សកម្មភាព​នានា ជាពិសេស​ការស្ម័គ្រចិត្ត​ទទួល​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដែល​ជួយ​ឱ្យ​កម្ពុជា​អាច​គ្រប់គ្រង​ស្ថានការណ៍​នៃ​ការឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​បាន​យ៉ាង​លឿន និង​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​បើក​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​បាន​មុនគេ រហូត​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​ងើបឡើង​វិញ​យ៉ាង​លឿន​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការអបអរសាទរ និង​ក្តី​អនុមោទនា​ត្រេកអរ​ចំពោះ​ការកកើតឡើង​នូវ​សមិទ្ធផល​ថ្មីៗ ជា​បន្តបន្ទាប់ នៅក្នុង​ទី​អារាម​វត្ត​បារាយណ៍​ដ៏​មាន​វ័យ​ចំណាស់​ប្រមាណ ៨៥ មួយ​នេះ ។ សមិទ្ធផល​គួរ​ជាទី​មោ​ទកៈ​ទាំងអស់នេះ កើតឡើង​ពីស​ទ្ធា​ជ្រះថ្លា​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក៏ដូចជា​ការចូលរួម​ចំណែក​បំពេញ​កុសល​ពី​សំណាក់​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ ក្នុងការ​សាងសង់​ដើម្បី​តម្កល់ទុក​ក្នុង​ព្រះពុទ្ធសាសនា និង​សម្រាប់​ជូន​លោកតា​លោកយាយ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ប្រើប្រាស់​ជួបជុំ​ធ្វើ​បុណ្យទាន ទៅតាម​គន្លង​ប្រពៃណី​សាសនា​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏បាន​សូម​ចូលរួម​ត្រេកអរ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ក៏ដូចជា​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​ទាំងមូល ចំពោះ​សមិទ្ធផល​ផ្លូវ​បេតុង​ថ្មី​ចំនួន ២ ខ្សែ ប្រវែង​ប្រមាណ ៣២ គ​.​ម ដែល​ទើបនឹង​ប្រកាស​បើក​ការដ្ឋាន​សាងសង់​នៅពេលនេះ ហើយ​ដែល​ផ្លូវ​នេះ​នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់ និង​ការធ្វើដំណើរ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ព្រមទាំង​ជួយ​លើកកម្ពស់​ជីវភាព​រស់​នៅ និង​ការប្រកប​របរ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ធូរធា​រីកចម្រើន​កើន​ទ្បើង​បន្ថែមទៀត​៕/R​

Post navigation