Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សា បាន នូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ទាមទារចាំបាច់ នូវការធ្វើទំនើបនីយកម្ម លើគ្រប់វិស័យ

Views: 1

ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានបញ្ជាក់ថាៈ ក្នុងបរិបទនៃ សាកលភាវូបនីយកម្ម, ដើម្បីកម្ពុជាអាចរក្សាបាន នូវភាពម្ចាស់ការ និងការប្រកួត ប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់ វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានា បាននូវការផលិតមូលធនមនុស្សកម្ពុជា ដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់ ។

ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ក្នុងន័យនេះ ការធ្វើទំនើបនីយកម្មលើ វិស័យអប់រំ និងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពី សាលារៀន ដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើ កម្មវិធីសិក្សា, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និងឧបករណ៍ សម្ភារនានា ។ លើសពីនេះ, ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និង អភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និង ភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថាៈ ជាទស្សនផ្ទាល់ខ្លួន ចំពោះវិស័យការងារ និងជំនាញវិជ្ជាជីវៈ គឺថា រដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារ ឱ្យបានច្រើន លើគ្រប់វិស័យ តាមលទ្ធភាព ដែលអាចធ្វើទៅបាន ហើយផ្តល់ជូន ពលរដ្ឋគ្រប់រូប នូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និង មុខវិជ្ជារៀនសូត្រ ទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកប របរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវ​មុខវិជ្ជា និងជំនាញដែលខ្លួន ស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រដោយពុំបារម្ភ អំពីទីផ្សារការងារ ឬ អាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមាន ស្រាប់ ឬខិតខំបង្កើតឱកាសទីផ្សារថ្មី សម្រាប់ជំនាញ និងផលិតផល ដែលគាត់បង្កើត បាន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការប្រកបរបររបស់ ប្រជាពលរដ្ឋ ព្រមជាមួយគ្នា ធ្វើការប្រឹងប្រែងយកអស់គ្រប់លទ្ធភាព ក្នុងការបង្កើត ឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរ និស្សិតជ័យលាភីទាំង ២.៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្រដោយជោគ ជ័យ ។ ជំនាញ និងសញ្ញាបត្រ ជាមូលដ្ឋាននៃធនធានចំណេះដឹង ដែលនិស្សិតយើង ទទួលបាននេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ, រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំ ក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ ដែលបានជួយតម្រង់ទិស, គាំទ្រ, បង្ហាត់បង្រៀន និង ចែករំលែកនូវចំណេះដឹង, បទពិសោធន៍ និងជំនាញល្អៗ ដល់និស្សិតជ័យលាភី។ ជាមួយគ្នានេះ, ក៏សូមគោរព ថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចំពោះការជួយ ជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការពង្រីកការបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ធនធានមនុស្សកម្ពុជា ឱ្យកាន់តែប្រសើរទ្បើងថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរចំពោះ ការសម្ពោធដាក់ឱ្យប្រើប្រាសជាផ្លូវការនូវ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់», ដែលជាអគារប្រកបដោយផាសុកភាព, បំពាក់ដោយបរិក្ខារ សិក្សា ទំនើបទាន់សម័យ និងស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ ការសិក្សា និងអនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ជាមួយក្តីសង្ឃឹមយ៉ាងមុតមាំថា វិទ្យាស្ថានបានត្រៀមខ្លួនរួចស្រេច ដើម្បីក្លាយជាគ្រឹះស្ថានដ៏ឈានមុខមួយ ព្រមទាំង ជួយជំរុញឱ្យវិស័យអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិ ទៀតផង៕ V / N

Post navigation