Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្ឌិត ហ៊ុន ម៉ាណែត៖វិស័យទេសចរណ៍​កម្ពុជាបានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់

Views: 3

ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ស្របពេលដែលសកម្មភាពសង្គម-សេដ្ឋកិច្ច បានវិលត្រឡប់មកជាធម្មតាឡើង​វិញនោះ​ វិស័យ​ទេសចរណ៍កម្ពុជា​ក៏​បានងើបឡើងជាបណ្តើរៗប្រកបដោយទំនុកចិត្តខ្ពស់ផងដែរ។នៅឆ្នាំ២០២២ កម្ពុជាបានទទួលភ្ញៀវ​ទេសចរ​អន្តរជាតិរហូតប្រមាណ ២,២៨ លាននាក់ដែលមានកំណើនជាង ១០ ដង បើធៀបទៅនឹងឆ្នាំ២០២១។ចំណែកប្រភពចំណូលពីវិស័យ​ទេសចរណ៍របស់កម្ពុជា ក៏បានកើន​ដល់ទៅជាងប្រាំមួយដង ក្នុងកំឡុងពេលដូចគ្នា ។កំណើននេះក៏បានបង្កើតនូវមុខរបរ និងការងារ​ទេសចរណ៍ជូនដល់ប្រជាជនប្រមាណ ៣២ ម៉ឺននាក់។ នេះជាការបញ្ជាក់របស់បណ្ឌិត ហ៊ុន ម៉ាណែត នៅក្នុងពិធីសម្ពោធសណ្ឋាគារហ្វ៊ែរហ្វៀល​ បាយ ម៉ារៀត ភ្នំពេញ (Fairfield by Marriott Phnom Penh) កាលពីព្រឹកទី៣១ ខែមីនា ឆ្នាំ២០២៣។

បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ឈរលើមូលដ្ឋាននេះ ទស្សនវិស័យនៃកំណើនសេដ្ឋកិច្ចរបស់​កម្ពុជាទាំងមូលនឹងកាន់តែមានភាពវិជ្ជមាន​ល្អសម្រាប់ពេលខាងមុខ។ និន្នាការនេះ ក៏ជាសញ្ញាវិជ្ជមានដ៏ប្រសើរនៃប្រតិបត្តិការក្នុងអនុវិស័យ​សណ្ឋាគារ​ក្នុងរយៈពេលវែង និងមធ្យម ជាពិសេសខណៈដែលឆ្នាំ២០២៣ នេះ កម្ពុជាក៏កំពុងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ដូចជា យុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា២០២៣» និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត, ភាពឈ្លាសវៃ និងភាពបុរេសកម្មរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី, កម្ពុជាបានក្លាយជាប្រទេសឈានមុខមួយក្នុងតំបន់ និងសកលលោក ដោយរាជរដ្ឋាភិបាលអាចគ្រប់គ្រង​សភាពការណ៍​នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសបានយ៉ាងល្អប្រសើរ និងបានបង្កលទ្ធភាពឱ្យកម្ពុជាបើកប្រទេសពេញ​លេញ​ឡើងវិញ​លើគ្រប់វិស័យប្រកបដោយភាពជឿជាក់ និងសុវត្ថិភាព ចាប់តាំងពីដើមខែវិច្ឆិកា ឆ្នាំ២០២១ រហូតមក។ រាជរដ្ឋាភិបាល បានប្រែក្លាយ​ដំណាក់​កាលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ឱ្យទៅជាឱកាសនៃការកែលម្អ ដោយបានធ្វើទំនើបកម្មរចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់នៅក្រុង​ព្រះសីហនុ និងក្រុងសៀមរាប-អង្គរ ដែលជាប៉ូលទេសចរណ៍ដ៏សំខាន់ ដើម្បីទាក់ទាញ និងទទួលភ្ញៀវទេសចរនៅពេលដែល​ប្រទេសត្រូវ​បានបើកដំណើរការពេញលេញឡើងវិញ។ បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការមេសម្រាប់​អភិវឌ្ឍវិស័យ​ទេសចរណ៍ នៅតាមប៉ូលទេសចរណ៍សំខាន់ៗនានា សំដៅកសាងឡើងវិញនូវមូលដ្ឋានអភិវឌ្ឍន៍នៃវិស័យទេសចរណ៍ ដែលមានភាពប្រទាក់​ក្រឡា និងភាពទាក់ទាញជាងមុន។ រាជរដ្ឋាភិបាលក៏មានសង្ឃឹមថា វិស័យឯកជននឹងចូលរួមដើម្បីឈានទៅសម្រេចនូវគោលបំណងទាំងនេះ ដូចមានការ​វិនិយោគ​បង្កើតសណ្ឋាគារ ហ្វ៊ែរហ្វៀល​ បាយ ម៉ារៀត ភ្នំពេ ញនេះជាសក្ខីភាពស្រាប់៕សរន

Post navigation