Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បណ្តា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ទាំងអស់​បេ្ត​ជ្ញា​រួមគ្នា​កសាង​ទីក្រុង​ឱ្យមាន​ភាព​ធន់ និង​ឆ្លាត​វៃ​

Views: 9

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ បណ្តា​ទីក្រុង​នៃ​ប្រទេស​អាស៊ាន​ទាំង​១០ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​ទីក្រុង​ភ្នំពេញ​ដែលជា​តឹក​តាំង​ថ្មី​បង្ហាញ​ពី​ការអភិវឌ្ឍ​ទីក្រុង បង្ហាញ​អំពី​សេចក្ដីថ្លៃថ្នូរ​នៃ​ការប្ដេជ្ញាចិត្ត​របស់​អាស៊ាន ដើម្បី​បន្តដំណើរ​ទៅ​ថ្ងៃ​អនាគត ធ្វើយ៉ាងណា​ឆ្លើយតប​នឹង​កសាង​ទីក្រុង​ឱ្យមាន​ភាព​ធន់ ឆ្លាត​វៃ ការត្រៀម​លក្ខណៈ​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ និង​ផ្ដល់នូវ​ភាព​សុខដុម​នីយកម្ម​ជូន​ប្រជាពលរដ្ឋ ។​

​ក្នុង​កម្មវិធី​ស្តីពី​លទ្ធផល​ពិភាក្សា​តុមូល​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២២ តំណាង​ទីក្រុង​នៃ​តំបន់​អាស៊ាន​ទាំងអស់ បាន​ចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​ភ្នំពេញ​ឆ្នាំ​២០២២ ដោយបាន​លើកឡើង​ពី​ក្ដីបារម្ភ ក៏ដូចជា​បញ្ហា​ប្រឈម ដែល​ទីក្រុង​នៅ​តំបន់​អាស៊ាន​ជួបប្រទះ​នៅក្នុង​ពេលនេះ ដូចជា​៖ បញ្ហា​សេដ្ឋកិច្ច បញ្ហា​អាកាសធាតុ និង​ភាពមិនច្បាស់លាស់​ផ្សេងៗ ជាពិសេស​លើ​ឡើង​ពី​ការបែងចែក​ថវិកា ដើម្បី​ធ្វើយ៉ាងណា​ជួយ​អភិវឌ្ឍ​ទីក្រុង​ឱ្យមាន​ភាព​ធន់ និរន្តរភាព និង​គួរឱ្យ​ចង់​រស់នៅ ។​

​លោក​បាន​បន្តថា បន្ថែម​ពីលើ​បញ្ហា​ប្រឈម ក៏ដូចជា​ភាពមិនច្បាស់លាស់​ដែល​បានលើកឡើង​នោះ បណ្តា​ទីក្រុង​ក៏បាន​ទទួលស្គាល់​ផងដែរ​ថា ទីក្រុង​នៃ​តំបន់​អាស៊ាន​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​កំពុងតែ​កើតឡើង ដែល​កើតចេញពី​បញ្ហា​ប្រឈម​ការអភិវឌ្ឍ​ទីក្រុង ដូចជា ៖ ការស្ទះ​ចរាចរណ៍ ការគ្រប់គ្រង​កាកសំណល់ ការបំពុល ទឹក​កខ្វក់ ខ្វះខាត​នូវ​តម្រូវការ​ដែលមាន​តម្លៃ​សមរម្យ ទឹកស្អាត បញ្ហា​សេវា​សំខាន់ៗ និង​ខ្វះខាត​ទីធ្លា​សួន​បៃតង ដែល​នេះ​ជា​អ្វីដែល​បាន​ពិភាក្សា​និង​លើកឡើង ពី​បណ្ដា​រាជធានី​នៅក្នុង​តំបន់​អាស៊ាន ។

​លោក​បាន​បន្តទៀតថា ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ គឺ​បណ្តា​ទីក្រុង​បាន​ឯកភាព​យោគ​យល់ថា សេចក្ដីប្រកាស​ទីក្រុង​ភ្នំពេញ​នឹង​ស្នើសុំ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត និង​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន ដើម្បី​លើកកម្ពស់​ឱ្យ​ទីក្រុង​នៃ​បណ្តា​តំបន់​អាស៊ាន ចូលរួម​ចែករំលែក​ចំណេះដឹង និង​បទពិសោធន៍​រវាង​គ្នា ។ ក្នុងនោះ កិច្ចប្រជុំ​នេះ ទីក្រុង​វៀងចន្ទន៍ ហាណូយ ទីក្រុង​ភ្នំពេញ ដូចជា​បណ្ដា​រាជធានី​ដទៃទៀត ក៏បាន​ចែករំលែក​អំពី​ទំលាប់​អភិវឌ្ឍ​ទីក្រុង​ល្អ ជាមួយនឹង​ការរៀបចំ​ទីក្រុង​ផ្ដោតទៅលើ​ប្រជាពលរដ្ឋ ដោយ​មិនសូវ​ផ្ដោតលើ​បច្ចេកវិទ្យា​នោះទេ ។ ចំពោះ​ទីក្រុង​សាំង​ហ្គា​ពួរ បាន​ចែករំលែក​ពី​ការដាំដុះ​បន្លែ ការរៀបចំ​ផែនការ​ទីក្រុង​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ធានា​សន្តិសុខ​ល្អប្រសើរ ជូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅលើ​អគារ​ខ្ពស់ៗ​រស់នៅ​ប្រកបដោយ​សុខដុម​នីយកម្ម ។ ទីក្រុង​ហាណូយ​ក៏បាន​បង្ហាញ​ពីបទ​ពិសោធន៍ និង​ការធ្វើ​នគរូបនីយកម្ម​ទីក្រុង​របស់គេ ដោយ​ចង់​អភិវឌ្ឍ​ទៅជា​ប្រទេស​ដែលមាន​ការប្រកួតប្រជែង​ខ្ពស់ ហើយ​ផ្ដោតទៅលើ ភូមិសាស្ត្រ​ក្នុង​តំបន់​ហាណូយ​ផងដែរ ។​ក្នុងនោះ កម្ពុជា ក៏បាន​បង្ហាញ​ពី​ការរៀបចំ​របស់ខ្លួន ដែល​រៀបចំ​ការកំណត់​តំបន់​នៅក្នុង​ទីក្រុង​។​

​សូមបញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​អភិបាល​រាជធានី​និង​រដ្ឋធានី​នៃ​បណ្ដា​ប្រទេស​អាស៊ាន គឺ​ដើម្បី​ចែករំលែក​នូវ​បទពិសោធន៍ ការសិក្សា​ចំណុច​ល្អ និង​សម្រេចបាន​នូវ​សមិទ្ធផល​នៃ​ទីក្រុង​ផ្សេងៗ​នៅ​បណ្ដា​អាស៊ាន ។ ក្នុងនោះ ក៏បាន​ចែករំលែក​ផងដែរ​នូវ​បញ្ហា​ប្រឈម នូវ​ដំណោះស្រាយ​ដែលមាន​ភាព​ច្នៃប្រឌិត ។ ហើយ​ម្យ៉ាងវិញទៀត បណ្ដា​ទីក្រុង​នីមួយៗ​បាន​ប្ដេជ្ញាចិត្ត​រួមគ្នា ដើម្បី​កសាង​ទីក្រុង​ឱ្យមាន​ភាពរឹងមាំ​ជាង​មុន ៕​

Post navigation