Views: 1
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីដំណើរការប្រកួត រយៈពេល ៥ថ្ងៃនោះ ការប្រកួតកីឡាសុហ្វតិន្នីសជើងឯកជាតិ ឆ្នាំ២០២៣ បានបញ្ចប់ជាស្ថាពរ។

លោក យិត ភីរៈ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួម សរុប ៩៥ នាក់ មកពីសមាគមកីឡា ចំនួន ៧ និងធ្វើការប្រកួតលើ ១២ វិញ្ញាសា។
ជាលទ្ធផលបច្ចេកទេស សមាគមដណ្ដើមបានមេដាយច្រើនជាងគេ រួមមាន សមាគមកីឡា ក្រសួងមហាផ្ទៃ ជាប់លេខ១, សមាគមកីឡាអគ្គស្នងការនគរបាលជាតិ ជាប់លេខ២, ខេត្តកំពង់ស្ពឺ ជាប់លេខ៣, ខេត្តត្បូងឃ្មុំ ជាប់លេខ៤, ខេត្តកំពង់ឆ្នាំង ជាប់លេខ៥, ខេត្តកណ្ដាល ជាប់លេខ៦ និងសមាគមកីឡាក្រសួងការពារជាតិ ជាប់លេខ៧។
លោក សរ សិទ្ធិរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានជំរុញនិងលើកទឹកចិត្ត ដល់អ្នកចាញ់ ត្រូវខំប្រឹងហ្វឹកហាត់ ឲ្យបានខ្លាំងជាងអ្នកឈ្នះ ដើម្បីមានឱកាសស្វែងរកជ័យលាភី នាការប្រកួតក្រោយៗវិញ។
លោកប្រធានសហព័ន្ធ បានលើកឡើងថា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ បានធ្វើឲ្យវិស័យកីឡា កាន់តែមានសន្ទុះគាំទ្រ និងរីកចម្រើន ជាក់ស្ដែងកីឡាសូហ្វតិន្នីស ដែលមានយុវជនថ្នាលជាច្រើន បានចូលរួមហ្វឹកហាត់។ កត្តានេះ ធ្វើឲ្យសហព័ន្ធ សម្រេចបញ្ចូលវិញ្ញាសាយុវជន ក្នុងការប្រកួតជើងឯកថ្នាក់ជាតិនេះ ដើម្បីឲ្យពួកគេ បង្ហាញសមត្ថភាព និងទេពកោសល្យ ក៏ដូចជា ជំរុញការអភិវឌ្ឍបច្ចេកទេសពួកគេ កាន់តែប្រសើរ។
លោក សរ សិទ្ធិ ក៏បានជំរុញនិងលើកទឹកចិត្ត ទាំងអ្នកឈ្នះ និងអ្នកចាញ់ ត្រូវបន្ដខិតខំ ប្រឹងប្រែងហ្វឹកហាត់ដូចគ្នា ពិសេសអ្នកចាញ់ ត្រូវខំប្រឹងខ្លាំង ជាងអ្នកឈ្នះ ដើម្បីមាន ឱកាសប្រកួតប្រជែង នាឆ្នាំក្រោយៗ៕ V / N

