Views: 4
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសគ្រប់គ្រងការប្រកួត កីឡាប្រដាល់គុនខ្មែរ ដែលចាប់ផ្ដើមពីថ្ងៃទី ២៥ មកនោះ បានបញ្ចប់ហើយ នៅល្ងាចថ្ងៃទី ២៩ កញ្ញា ម្សិលមិញនេះ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរង សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានគូស បញ្ជាក់ថា វគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ ២៩ ខែកញ្ញា ឆ្នាំ២០២៣ មានសិក្ខាកាម ចូលរួមសរុបចំនួន ៤៤នាក់ ស្រី ៤នាក់ អញ្ជើញមកពីសមាគម ក្លិប ក្រសួង រាជធានី ខេត្ត ។

ការរៀបចំវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេសគ្រប់គ្រង ការប្រកួតកីឡាប្រដាល់គុនខ្មែរ នេះឡើង ក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពធនធានមនុស្ស ឱ្យស្របនឹងការរីក ចម្រើន នៃព្រឹត្តិការណ៍ការប្រកួតកីឡាគុនខ្មែរ ទាំងការប្រកួតថ្នាល ការប្រកួតលក្ខណៈ ជាតិ និងអន្តរជាតិ។
លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ បានផ្តល់ជាអនុសាសន៍ មួយចំនួន ដល់សិក្ខាកាមទាំងអស់ ក្រោយពី ទទួលបានចំណេះដឹង ពីវគ្គបណ្តុះបណ្តាល ត្រូវសិក្សាស្រាវជ្រាវនូវ បច្ចេកទេស វិធីសាស្ត្រថ្មីៗ ឱ្យទាន់ព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ ត្រូវយកចំណេះដឹង បទពិសោធន៍ ដែលទទួលបានពីលោកគ្រូឧទ្ទេសទៅបង្ហាត់បង្រៀន ផ្សព្វផ្សាយទៅសមាគម ក្លិប កីឡាករ កីឡាករិនីរបស់ខ្លួន ឱ្យបានចេះដឹងកាន់តែទូលំទូលាយ ជាប្រយោជន៍ដល់ វិស័យកីឡាប្រដាល់គុនខ្មែរ។
វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ក្នុងរយៈ ពេល ៥ថ្ងៃ ដើម្បីពង្រីកនូវធនធានមនុស្ស លើកកម្ពស់ការយល់ដឹង ពង្រឹងបច្ចេកទេស ជំនាញ លើការគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ ឱ្យមាននិយាមបច្ចេកទេស ត្រឹមត្រូវ តាមបទដ្ឋានជាតិ និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រ របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងការរៀបចំការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជាលក្ខណៈជាតិ និងអន្តរជាតិនានា៕/V/r

