Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បញ្ចុះខណ្ឌសីមា ឆ្លងសមិទ្ធផលតម្លៃជាង ១,៤ លានដុល្លារ វត្តរតនៈសុខសាន្ត អូរខៃដន នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

Views: 1

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមិទ្ធផលនានា តម្លៃជាង ១,៤ លានដុល្លារអាមេរិក របស់វត្តរតនៈសុខសាន្ត អូរខៃដន នៅភូមិសុខសាន្តហៅអូរខៃដន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រារព្ធពិធីបញ្ចុះខណ្ឌសីមា សម្ពោធឆ្លង និងដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ។

លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និងលោកស្រី ជ័យ ណារី ព្រះគ្រូព្រះគ្រូឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត បានអញ្ជើញជាអធិបតី និងព្រះអធិបតីកិត្តិយស ព្រមទាំងព្រះសមណញាណ ណាប់ ម៉ឺន ព្រះបល័ដ្ឋគណខេត្ត នៃគណៈមហានិកាយ ព្រះគ្រូព្រហ្មាមាលី ណយ ណេត ព្រះគ្រូចៅអធិការវត្តវត្តរតនៈ សុខសាន្ត អូរខៃដន និងព្រះសង្ឃ មន្ត្រី សប្បុរសជន ពុទ្ធបរិស័ទ ប្រមាណ ១.០០០ អង្គ /នាក់ ក៏បាននិមន្ត និងអញ្ជើញចូលរួមក្នុងឱកាសនោះដែរ ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានឱ្យដឹងថា: ក្រុងប៉ោយប៉ែត មានវត្តចំនួន ២៣វត្ត មានព្រះសង្ឃ ៤៨១ អង្គ ។ លោកបានបន្តថាៈ សម្រាប់វត្តរតនៈសុខសាន្ត អូរខៃដន មានព្រះសង្ឃ ៩អង្គ អាចារ្យ ៣នាក់ គណៈកម្មការ ៥នាក់ យាយជី ចំនួន ៣នាក់ កូនសិស្ស ៤នាក់។

លោកបានបន្តថាៈ វត្តរតនៈសុខសាន្ត អូរខៃដន មានទីតាំងស្ថិតនៅភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានផ្ទៃដីសរុប ៤ ហិកតា និងមានព្រំប្រទល់ ជាប់អូរដៃស្ទឹង ២ ទិស និង ២ ទិសទៀត ជាប់ផ្លូវលំ និងវាលស្រែ ។ ពាក្យហៅថា “អូរខៃដន” ជាភាសាលាវ ប្រែថា អូរក្រពើពង ឬ ក្រពើក្រាំង ។

លោកបានបន្តថាៈ ឆ្នាំ១៩៩៨ ប្រជាពលរដ្ឋ និងព្រះសង្ឃ បានកាប់ឆ្ការព្រៃ និងរៀបចំ កសាងវត្តនេះ ដែលមានព្រះគ្រូចៅអធិការវត្ព្រះនាម ឈូក សុផាត ។ ខែកុម្ភៈ ឆ្នាំ២០០១ វត្តបានកសាងសាលាឆាន់ឈើ ១ខ្នង ប្រក់ស័ង្កសី និងកុដិ ២ខ្នង ធ្វើពីឈើ ប្រក់ស័ង្កសី។ តមក មានព្រះគ្រូចៅអធិការពីរព្រះអង្គទៀត បានមកដឹកនាំបន្តគឺ៖ ព្រះគ្រូ តឹក សារៀង ពីឆ្នាំ២០០៣-២០០៥ និងព្រះគ្រូចៅអធិការ ដួង រដ្ឋា ពីឆ្នាំ២០០៥ -២០០៦ ប៉ុន្តែមិនបានកសាងអ្វីដុំកំភួនទេ ។ នៅចុងក្រោយ ពីឆ្នាំ២០០៦ រហូតដល់បច្ចុប្បន្ននេះ វត្តនេះ មានព្រះគ្រូ ព្រះនាម ណយ ណេត ជាព្រះគ្រូចៅអធិការវត្ត ។ ព្រះគ្រូចៅ អធិការ ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទ សប្បុរសជនជិតឆ្ងាយ បានខិតខំ និងចូលរួម កសាងសមិទ្ធផលនានា ជាបន្តបន្ទាប់ ដូចជា បន្ទប់អនាម័យ សាលាធម្មសភា កុដិ២ជាន់ ចំនួន២កុដិ កុដិថ្ម ១ជាន់​ ខ្លោងទ្វារវត្ត ចាក់ដីក្នុងបរិវេណវត្ត របងថ្មជុំវិញវត្ត ផ្លូវបេតុង ១ខ្សែ ផ្លូវព្រំដីវត្តលើកថ្មី ចាក់ក្រួសធម្មជាតិ ជីកស្រះទឹក ដងទង់ ១គូ និងសួនផ្កា ក្នុងបរិវេណវត្ត ព្រះវិហារថ្មី កំផែងព័ទ្ធជុំវិញ ដោយចំណាយទឹកប្រាក់ សរុបទាំងអស់ ចំនួន ១.៤៥៦.០៧៩ ដុល្លារអាមេរិក ។

បច្ចុប្បន្ននេះ ព្រះគ្រូចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងសប្បុរសជននានា បានផ្តួចផ្តើមកសាងព្រះពុទ្ធរូបមួយព្រះអង្គ មានកម្ពស់ ២១ ម៉ែត្រ តាមរចនាបទបាយ័ន បាន ៧០% ហើយ នៅខ្វះថវិកាចំនួន ៣៥.០០៩ ដុល្លារទៀត នឹងសាងសង់រួច ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថាៈ បច្ចុប្បន្ន ខេត្តបន្ទាយមានជ័យ មានវត្តចំនួន២៥៤ មានព្រះសង្ឃ ៤.៣២១អង្គ សាលាធម្មវិន័យ ៩០សាលា ពុទ្ធិកបឋមសិក្សា ៩០សាលា ពុទ្ធិកមធ្យមសិក្សា ១សាលា និងវិហារនៃ សាសនាដទៃទៀត ប្រមាណ ១៩៦ កន្លែងទៀត។

ដោយឡែក ចំពោះវត្តរតនៈសុខសាន្ត ហៅវត្តអូរខៃដន នេះ គឺទើបបានកសាងឡើង នៅឆ្នាំ១៩៩៨ ស្ថិតក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ស្របពេលដែល ប្រទេសកម្ពុជា ទើបទទួលបាននូវសុខសន្តិភាព ពេញលេញ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឱ្យចលនា ខ្មែរក្រហម បានបញ្ចប់សង្គ្រាម ហើយទទួលយកសន្តិភាព និងការអភិវឌ្ឍន៍ បាននាំមកនូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ បានផ្តល់ឱកាសឲ្យពុទ្ធបរិស័ទ បានរួបរួមគ្នាស្ដារ និងកសាងឡើងវិញ នូវទីសក្ការបូជាផ្សេងៗ ។ ជាក់ស្ដែង នៅវត្តរតនៈសុខសាន្តនេះ គឺមានការដឹកនាំ កសាងដោយ ព្រះគ្រូចៅអធិការវត្ត ចំនួនបួនអង្គ​ជាពិសេសក្នុងជំនាន់ ការដឹកនាំកសាងវត្តរបស់ព្រះគ្រូព្រហ្មមាលិ ណយ ណេត ទីប្រឹក្សាផ្ទាល់សម្ដេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរតនៈ សុខសាន្ត អូរខៃដន បច្ចុប្បន្ន រួមជាមួយនឹងពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើននាក់ទៀត ។

លោក អ៊ុំ រាត្រី អបអរសាទរជាមួយព្រះសង្ឃ អាចារ្យ គណៈកម្មការ ម្ចាស់វេនទាំង ១៤ និងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន នៅក្នុងនិងក្រៅប្រទេស បានមូលមតិគ្នាជាឯកច្ឆន្ទ ប្រារព្ធធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងសមិទ្ធផលនានា នៅក្នុងវត្តនេះ ហើយលោក ក៏បានថ្លែងអំណរគុណ ចំពោះសប្បុរសជន ពុទ្ធសាសនិក ជនជាតិឥណ្ឌូណេស៊ី និងក្រុមគ្រួសារជនជាតិខ្មែរ ដែលបម្រើការកាងារ នៅក្រុមហ៊ុនកាស៊ីណូ នៅក្រុងប៉ោយប៉ែត ដែលប្រគេន-ជូន ស្បៀងអាហារ ជាអង្ករ មី ត្រីខ ទឹកបរិសុទ្ធជាច្រើន ដល់វត្ត និងអាជ្ញាធរ សម្រាប់បែងចែកជូនពលរដ្ឋ និងគោលដៅផ្សេងៗទៀត ដែលជួយការងារវត្ត កន្លងមក និងពេលនេះ ៕/V/R

Post navigation