Views: 4
ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួនពីរ ខ្សែប្រវែង ៣២ គីឡូម៉ែត្រនិងកាត់ឫសសីមាព្រមទាំងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

ក្នុងឱកាសលោកបណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវការអបអរសាទរនិងអនុមោទនាត្រេកអរចំពោះការកកើតឡើងនូវសមិទ្ធផលថ្មីៗ ជាបន្តបន្ទាប់នៅក្នុងទីអារាមវត្តបារាយណ៍ដ៏មានវ័យចំណាស់ប្រមាណ ៨៥ឆ្នាំ មួយនេះ ។ សមិទ្ធផលគួរជាទីមោទនៈទាំងអស់នេះ កើតឡើងពីសទ្ធាជ្រះថ្លារបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជាការចូលរួមចំណែកបំពេញកុសលពីសំណាក់ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្នុងការសាងសង់ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងសម្រាប់ជូនលោកតាលោកយាយ និងពុទ្ធបរិស័ទជិតឆ្ងាយ ប្រើប្រាស់ជួបជុំធ្វើបុណ្យទាន ទៅតាមគន្លងប្រពៃណីសាសនា។
ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែតក៏បានសូមអរគុណចំពោះប្រជាពលរដ្ឋស្រុកក្រូចឆ្មារដែលតែងជឿទុកចិត្តមកលើ សម្តេចតេជោ នាយករដ្ឋមន្ត្រី តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពនានា។ជាពិសេសការស្ម័គ្រចិត្តទទួលចាក់វ៉ាក់សំាងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជួយឱ្យកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរីករាលដាលក្នុងសហគមន៍បានយ៉ាងលឿន និងស្ថិតក្នុងចំណោមប្រទេសដែលបើកសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញបានមុនគេ រហូតធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញយ៉ាងលឿនពីវិបត្តិនៃជំងឺកូវីដ-១៩ ៕សរន / N





