Views: 1
ដោយៈ សៅវ៉ាន់ឌី/ព្រះវិហារ៖ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ចើញជាអធិបតីភាព ក្នុងទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធធ្វើឡើងក្រោមប្រធាន បទ ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច“។
នៅចំពោះមុខអ្កចូលរួមទាំងអស់ ក្នុងនោះក៏មានលោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សា ខេត្តផងដែរនោះ លោក គីម រិទ្ធីអភិបាលខេត្តព្រះវិហារ បានសម្ដែងនូវសេចក្តី សោមនស្សរីករាយ យ៉ាងក្រៃលែង ដែលក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មា ធិការជាតិរៀបចំបុណ្យជាតិ បានផ្ដល់កិត្តិយសជ្រើសរើស ឱ្យខេត្តព្រះវិហាររៀបចំធ្វើជា ម្ចាស់ផ្ទះ ក្នុងការប្រារព្ធទិវាអក្ខរកម្មជាតិអន្តរជាតិ ៨កញ្ញា លើកទី២៣ ដែលបានប្រារព្ធ ធ្វើឡើងក្រោមប្រធានបទ ” អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃសហគ្រិនភាព និងសង្គម សេដ្ឋ កិច្ច” ក្នុងអត្ថន័យជំរុញប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ឱ្យទទួលបានការសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែងនិងគ្រប់មធ្យោបាយ សំដៅសម្រេច ឱ្យបាននូវការអភិវឌ្ឍ ធនធានមនុស្ស ស្របតាមទិសដៅ យុវជនម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។
ក្នុងឱកាសនោះ លោក ណុះ ស្លេះ បានអានសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ឆ្នាំ២០២៣ ថាៈ រាជរដ្ឋាភិបាល បាននិងកំពុងបន្តបេសកកម្មដ៏ឧត្ដុង្គឧត្ដម ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដោយបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបម្រើប្រជាពលរដ្ឋ ពន្លឿនកិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងជំរុញ អនុវត្តកំណែទម្រង់ កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់វិស័យ។
លោកបានបន្តថាៈ ប្រធានបទឆ្នាំនេះ បានបញ្ជាក់ពីសារៈសំខាន់ នៃការលើកកម្ពស់ អក្ខរកម្មតាមគ្រប់រូបភាព និងជាការផ្ដល់ឱកាសសារជាថ្មីដល់អ្នកសិក្សា ជាពិសេសអ្នក ដែលមានសេដ្ឋកិច្ចទន់ខ្សោយ ជនបាត់បង់ឱកាស ពលរដ្ឋក្រីក្រ កុមារ យុវជន និងជនជាតិដើមភាគតិច ដើម្បីឱ្យពួកគាត់ មានសមត្ថភាពក្នុងការអាន សរសេរ គិតលេខ និងអាចដោះស្រាយបញ្ហាមួយចំនួន នៅក្នុងជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើង។
សារលិខិតដដែលនេះ លើកឡើងទៀតថាៈ ជាការពិតណាស់ អក្ខរកម្មជាមូលដ្ឋានគ្រឹះ នៃចំណេះដឹង និងការអប់រំ ដែលជួយមនុស្សគ្រប់រូប អាចយល់ដឹងពីប្រភេទព័ត៌មានទូទៅ និងទទួលបាននូវចំណេះដឹងថ្មីៗព្រមទាំងបង្កើនឱកាស ក្នុងការកែលម្អគុណភាព នៃជីវិតមនុស្ស និងជាមូលដ្ឋានគ្រឹះ នៃការសិក្សាពេញមួយជីវិតផងដែរ។ ពោលគឺ អក្ខរកម្ម បានជួយឱ្យប្រជាពលរដ្ឋ ទទួលបានការអប់រំភាសា វិទ្យាសាស្ត្រ និងវប្បធម៌ និងសេដ្ឋកិច្ច ដើម្បីឈានឆ្ពោះទៅរកការកសាងនូវមូលធនបញ្ញា និងមូលធនសង្គម សម្រាប់ជម្រុញកំណើនទិដ្ឋភាពសីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ប្រកបដោយចីរភាព។
ឆ្លៀតឱកាសនោះដែរ លោកក៏បានអំពាវនាវដល់គ្រឹះស្ថានពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍និងប្រជាពលរដ្ឋគ្រប់រូប ជួយបង្កើនការយកចិត្តទុកដាក់ខ្ពស់ បន្តទៀត លើការងារអក្ខរកម្ម ក៏ដូចជាការអប់រំទាំងអស់ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធក្នុងស្មារតីនេះ ដើម្បីបន្តការចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែ មានភាពប្រសើរឡើងថែមទៀត៕/V-PC




