Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​

Views: 2

ដោយៈ​សុផល​/​ភ្នំពេញ​៖​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​១៧ ខែសីហា​ឆ្នាំ​២០២២​ក្រោម​វត្តមាន លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ​(Port EDI)​ជា​ទំនើបកម្ម​បច្ចេកវិទ្យា​ទ្រង់ទ្រាយ​ធំ​លើ​ការ​
​ត្រួតពិនិត្យ​នាវាចរណ៍​ចេញ​-​ចូល​នៅ​កម្ពុជា ពី​ការធ្វើ​ដោយ​ដៃ​មក​ធ្វើការ​ក្នុង​ទម្រង់​អេឡិចត្រូនិក តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​វិញ​។​ប្រព័ន្ធ​នេះដែរ​ធ្វើឱ្យ​ផ្លាស់ប្តូរ​ឯកសារ​សម្រប​សម្រួល​នាវាចរណ៍​មាន​ភាព​ឆាប់រហ័ស ចំណេញ​ពេលវេលា តម្លាភាព​សុវត្ថិភាព ប្រសិទ្ធភាព​និង​សន្សំសំចៃ​ខ្ពស់​។​

​រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាននិងកំពុង​ជំរុញ​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្ដូរ​ទិន្នន័យ​អេឡិចត្រូនិក​នៅតាម​កំពង់ផែ​គោលដៅ​ដោយបាន​រៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) ដើម្បី​ធ្វើឱ្យ​ការអនុវត្តន៍​គម្រោង​ប្រព័ន្ធ​នេះ​កាន់​តែមាន​ភាពល្អប្រសើរ ងាយ និង​ស្របតាម​ច្បាប់​ជា​ធរមាន​។​

​ក្នុង​ពិធី​នេះ​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​រដ្ឋាភិបាល​ជប៉ុន ក៏ដូចជា​ប្រជាពលរដ្ឋ​ជប៉ុន ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​ដល់​ការកសាង​ប្រទេសជាតិ មាតុភូមិ​កម្ពុជា ជាពិសេស​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យមាន​ការរីកចម្រើន​ឡើង​និង​បាន​គូសបញ្ជាក់​ពី​ការរីកចម្រើន​របស់​ប្រទេសជាតិ​មាតុភូមិ​ក្នុង​រយៈពេល​២០​ឆ្នាំ​កន្លងទៅនេះ​ក្រោម​ដំបូល​សុខសន្តិភាព​និង​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​បាន​បន្ថែមថា​៖​ការពង្រីក​វិសាលភាព​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​ត​ភ្នំពេញ​ក្នុងនោះ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​គឺជា​កំពង់ផែ​ពាណិជ្ជកម្ម​បម្រើសេវា​ដឹកជញ្ជូន​នាំចូល​នាំចេញ​ទៅ​ក្រៅប្រទេស​ប្រមាណ​៦០​ភាគរយ ហើយ​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៅ​កំពង់ផែ ស្វ័យ​ត​ក្រុងព្រះសីហនុ​នេះ​កើតមាន​ដោយសារ ការ​ផ្តល់ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​តាម​រយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(JICA)​។​

​លោក​ទេសរដ្ឋមន្ត្រី បានកត់សម្គាល់​ផងដែរ​ថា​៖ រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់ជំនួយ​ទាំង​ផ្នែក ហិរញ្ញ​វ​ត្ដុ និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ដើម្បី​ពង្រីក​វិសាលភាព​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​ឱ្យក្លាយ​ទៅជា​កំពង់ផែ​តំបន់ និង​កំពង់ផែ​មេគង្គ​ដែលមាន​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​ទៅដល់​សហគមន៍ អឺរ៉ុប និង​សហរដ្ឋអាមេរិក ដោយ​មិនចាំបាច់​ឆ្លងកាត់​តាម​កំពង់ផែ​អន្តរជាតិ​ក្នុង​តំបន់ ដូចជា កំពង់ផែ​សិង្ហ​បុរី ឬ​កំពង់ផែ​វ៉ុ​ង​តាវ និង​គម្រោង​ពង្រីក​អាកាសយានដ្ឋាន​នៅ​ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និង​តារា​សាគរ ដើម្បី​ប្រែ​ក្លាយទៅជា​អាកាសយានដ្ឋាន​ខ្នាត​អន្តរជាតិ​ដែល​អាចឱ្យ​យន្តហោះ​ធំៗ​ដឹក​អ្នក​ទេសចរណ៍ អ្នកវិនិយោគ និង​ដឹកទំនិញ​ចុះចត​បាន​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ផែនការ មេ​ភស្តុភា​រកម្ម​ដែល​តម្រូវឱ្យ​កម្ពុជា​ដាក់ទុន​ប្រមាណ​៥០ ពាន់​លាន​ដុល្លារ​អាម៉េរិក​លើ គម្រោង​ជាង​៣០០ ដើម្បី​ធ្វើឱ្យ​ប្រព័ន្ធ​ភស្តុភារ​កម្ម​មានតម្លៃ​កាន់តែ​ថោក​ជាង​មុន​និង​អាច​មានឱកាស​ទាក់ទាញ​វិនិយោគិន​ដាក់​ទុក​វិនិយោគ​បង្កើត​ការងារ​ធ្វើ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ទីភ្នាក់ងារ​JICA​និង​បាន​គូសបញ្ជាក់​ពី​តួនាទី​យ៉ាងសំខាន់​របស់​ជប៉ុន​ក្នុងការ​ផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ជំនួយឥតសំណង​ជួយ​ដល់​កម្ពុជា​ក្នុង​ការកសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​។ នៅ​កម្ពុជា កាត់បន្ថយ​ភាពស្មុគស្មាញ កាត់បន្ថយ​ការប្រើប្រាស់​ពេលវេលា​យូរ ក្នុងការ​ស្នើសុំ នាវា​ចូល​ចេញ​នៅ​កម្ពុជា និង​ជាការ​បង្ហាញ​អំពី​យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​វិស័យ​ឯកជន ធ្វើឱ្យមាន​ប្រសិទ្ធភាព ធ្វើឱ្យមាន​តម្លាភាព និង​ធ្វើឱ្យបាន​លឿន តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​សូមបញ្ជាក់ថា ការអនុវត្ត​គម្រោង​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អេឡិចត្រូនិក​កំពង់ផែ (Port EDI) នេះ បានទទួល​ជំនួយឥតសំណង​ពី​ប្រទេស​ជប៉ុន ចំនួន ១២​លាន​ដុល្លារ​អាម៉េរិក តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​៕​សរន​

Post navigation