Views: 2
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កាសែតរដ្ឋចិន Yicai បានរាយការណ៍ថាលក្ខខណ្ឌសម្រាប់ចិនដើម្បីបន្ទាបការគ្រប់គ្រងកូវីដ១៩របស់ខ្លួនជាជំងឺឆ្លងធ្ងន់ធ្ងរនោះ កំពុងមានភាពប្រសើរឡើង ខណៈមេរោគកូរ៉ូណាចាប់ផ្តើមចុះខ្សោយ។
ចាប់តាំងពីខែមករាឆ្នាំ ២០២០ មក ចិនបានចាត់ថ្នាក់កូវីដ១៩ជាជំងឺឆ្លងប្រភេទ B ប៉ុន្តែបានគ្រប់គ្រងវានៅក្រោមពិធីការប្រភេទ Aដែលផ្តល់អំណាចដល់អាជ្ញាធរមូលដ្ឋានក្នុងការដាក់អ្នកជំងឺនិងអ្នកប៉ះពាល់ជិតស្និទ្ធរបស់ពួកគេឱ្យនៅដាច់ដោយឡែកពីគេ និងបិទខ្ទប់តំបន់ដែលរងផលប៉ះពាល់។
ជំងឺប្រភេទ A នៅក្នុងប្រទេសចិនរួមមានប៉េស្តជ្រូកនិងជំងឺអាសន្នរោគ ខណៈជំងឺសា (Sars)ជំងឺអេដស៍ និងជំងឺអង់ដ្រាក់ (anthrax) ស្ថិតនៅក្រោមប្រភេទ B។ ជំងឺប្រភេទ C រួមមាន គ្រុនផ្តាសាយ ជំងឺឃ្លង់ និងជំងឺក្រឡទែន។
ជំងឺឆ្លងដូចជា កូវីដ១៩ ដែលមានភ្នាក់ងារបង្កជំងឺខ្លាំង អត្រាស្លាប់ខ្ពស់ និងការឆ្លងខ្លាំង ត្រូវបានចាត់ថ្នាក់ជាប្រភេទ A ឬ ប្រភេទ B ប៉ុន្តែត្រូវបានគ្រប់គ្រងជាប្រភេទ A។ប៉ុន្តែជាង ៩៥ ភាគរយនៃករណីឆ្លងនៅក្នុងប្រទេសចិនគឺមិនមានរោគសញ្ញានិងមានកម្រិតស្រាល ហើយអត្រាអ្នកស្លាប់គឺទាបណាស់។ កាសែត Yicai បានរាយការណ៍កាលពីល្ងាចថ្ងៃអាទិត្យដោយដកស្រង់សម្តីអ្នកជំនាញខាងជំងឺឆ្លងដែលមិនបញ្ចេញឈ្មោះថា នៅក្រោមកាលៈទេសៈបែបនេះ ការប្រកាន់ខ្ជាប់នូវការគ្រប់គ្រងប្រភេទ A មិនសមស្របនឹងវិទ្យាសាស្ត្រទេ។
អ្នកជំនាញបានប្រាប់កាសែត Yicai ថា កូវីដ១៩អាចត្រូវបានបន្ទាបទៅប្រភេទ B ឬសូម្បីប្រភេទ C ។
ការកែសម្រួលណាមួយចំពោះការគ្រប់គ្រងជំងឺឆ្លងដោយគណៈកម្មការសុខភាពជាតិ ដែលជាអាជ្ញាធរសុខាភិបាលកំពូលរបស់ចិន គឺទាមទារការយល់ព្រមពីក្រុមប្រឹក្សារដ្ឋឬគណៈរដ្ឋមន្ត្រី៕

មនុស្សតម្រង់ជួរសម្រាប់ការធ្វើតេស្តិ៍ PCR នៅក្នុងសង្កាត់ចាវយ៉ាងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២