Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រព័ន្ធធារាសាស្ត្រខូចដោយសារទឹកជំនន់ខុសរដូវនៅខេត្តកំពង់ស្ពឺត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់

Views: 2

ដោយៈប.ខុន/ភ្នំពេញៈ ភ្លឺប្រឡាយមេរលាំងជ្រៃខាងជើងនិងប្រព័ន្ធធារាសាស្ត្រក្រពើទ្រោម ដែលរងការបាក់ដាច់ដោយសារទឹកជំនន់ខុសរដូវកាលពីក្នុងខែមករាឆ្នាំ២០២៣ ត្រូវមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺស្នើសុំធ្វើការជួសជុលឡើងវិញជាបន្ទាប់ ដើម្បីនាំទឹកពីទ្វារទឹករលាំងជ្រៃនិងអាងទឹកអន្លង់ជ្រៃទៅស្រោចស្របផ្ទៃដីស្រូវប្រាំង ស្រូវដើម រដូវ ដំណាំរួមផ្សំនិងទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងរដូវ ប្រាំងនេះ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៧ខែកុម្ភៈថា ប្រព័ន្ធធារាសាស្ត្រចំនួនពីរគឺប្រឡាយមេនាំទឹករលាំងជ្រៃខាងជើងនិងប្រព័ន្ធក្រពើទ្រោម ដែលរងការខូចខាយដោយសារទឹកជំនន់ខុសរដូវកាលពីពាក់កណ្តាលខែមករាឆ្នាំ២០២៣ មន្ទីរបានស្នើទៅក្រសួងសុំធ្វើការ ជួសជុលឡើងវិញជាបន្ទាន់ ដើម្បីនាំទឹកពីទ្វារទឹករលាំងជ្រៃនិងនាំទឹកពីអាងទឹកអន្លង់ជ្រៃទៅស្រោចស្រពផ្ទៃដីស្រូវប្រាំង ដំណាំរួមផ្សំនិងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
លោកប្រធានមន្ទីរបានបញ្ជាក់ថា ភ្លឺប្រឡាយមេរលាំងជ្រៃខាងជើងបានដាច់ខូចដោយសារទឹកជំនន់ធ្លាក់មកពីចាន់ថ្នាលប្រវែងប្រមាណជា១គីឡូម៉ែត្រត្រូវធ្វើការជួសជុលឡើងវិញជាបន្ទាន់ដើម្បីនាំទឹកពីរលាំងជ្រៃទៅស្រោចស្រពស្រូវប្រាំងនៅស្រុកអង្គស្នួលខេត្តកណ្តាលនិងនៅតាមប្រឡាយតាហោ។
ចំណែកឯប្រព័ន្ធធារាសាស្ត្រក្រពើទ្រោមនៅស្រុកឧត្តុង្គវិញ លោកញ៉ាញ់ ជាបហ៊ង និយាយថាក៏ត្រូវធ្វើការជួសជុលឡើងវិញបន្ទាន់ដែរ ដោយត្រូវជួសជុលផ្លូវ ទំនប់បាក់ដាច់ចំនួន១១កន្លែង និង ផ្លូវទំនប់ទឹកហូរច្រោះប្រវែង១គីឡូម៉ែត្រ ដើម្បីនាំទឹកពីអាងទឹកអន្លង់ជ្រៃទៅស្រោចស្រពផ្ទៃដីស្រូវប្រាំងជាង១០០ហិកតា ផ្ទៃដីដំណាំឪឡឹក ៣០ហិកតា និង ផ្ទៃដីស្រូវដើមរដូវជាង៥០០ហិកតានៅស្រុកឧត្តុង្គ។
លោក ញ៉ាញ់ ជាបហ៊ង បានបន្ថែមឱ្យដឹងទៀតថា ប្រសិនបើមិនបានធ្វើការជួសជុលទេប្រព័ន្ធទាំងពីរខាងលើឱ្យបានទាន់ពេលវេលាទេ គឺមិនអាចនាំទឹកទៅដល់គោលដៅដែលត្រូវការទឹកបានឡើយសម្រាប់ដាំដុះនៅក្នុងរដូវប្រាំងនិងដើមរដូវវស្សាបានឡើយ។ ប្រព័ន្ធធារាសាស្ត្រដែលរងការខូចខាតដោយសារទឹកជំនន់កាលពីក្នុងខែមករានៅក្នុងខេត្តកំពង់ស្ពឺ មានច្រើនបានដាក់របាយការណ៍ជូនទៅក្រសួងរួចហើយ តែ កន្លែងសំខាន់ត្រូវជួសជុលឡើងវិញបន្ទាន់ គឺពីរគោលដៅខាងលើ៕ P / N

Post navigation