Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រទេសអូស្រ្តាលីសហការជាមួយយូនីសេហ្វ ដើម្បីផ្តល់នូវការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ និងការផ្តល់ថ្នាំបង្ការជាប្រចាំប្រកបដោយបរិយាបន្ន និងមានលក្ខណៈរួមបញ្ចូលគ្នានៅកម្ពុជា

Views: 2

ដោយៈបូព៌ព្រឹក្ស,បញ្ញាសាស្រ្ត/តាកែវគណៈប្រតិភូចម្រុះ ដែលរួមមានលោកស្រីវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួង​សុខាភិបាល ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក ចាស្ទីន វ៉ាយអេត និងនាយកយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ខេត្តតាកែវនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៣ដើម្បីចុះពិនិត្យមើលការផ្តល់សេវាថែទាំសុខភាពបឋម និងការផ្តល់សេវាមានលក្ខណៈរួមបញ្ចូលគ្នា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសកលកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះផ្តោតសំខាន់លើការជួបជាមួយអាជ្ញាធរមូលដ្ឋាន រួមមានអភិបាលខេត្ត បុគ្គលិកសុខាភិបាល និងសហគមន៍មូលដ្ឋាន ដើម្បីពិភាក្សាពីលទ្ធផលនៃការគាំទ្រដែលផ្តល់ដោយប្រទេសអូស្ត្រាលី និងយូនីសេហ្វ ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ដែលជាផ្នែកមួយនៃសេវាផ្តល់ថ្នាំបង្ការជាប្រចាំ ដែលមានលក្ខណៈ​រួមបញ្ចូលគ្នា និងការអនុវត្តសកម្មភាពនៅសហគមន៍។

ប្រភពដដែលបន្តថា នាពេលថ្មីៗនេះ ប្រទេសអូស្រ្តាលី បានពង្រីកការគាំទ្ររបស់ខ្លួនតាមរយៈយូនីសេហ្វ នូវទឹកប្រាក់បន្ថែម ចំនួន ៣,៣ លានដុល្លារអាម៉េរិក ដើម្បីគាំទ្រការដាក់បញ្ចូលកម្មវិធីផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ ទៅក្នុងសេវាផ្តល់ថ្នាំបង្ការជាប្រចាំ ដែលជាផ្នែកមួយ​នៃការផ្តល់​សេវាថែទាំសុខភាពបឋម។ អូស្រ្តាលីបានផ្តល់ ថវិកាចំនួន ៣១ លានដុល្លារអាម៉េរិក ដល់ប្រទេសកម្ពុជាក្រោមគម្រោង​សុវត្ថិភាព​សុខភាព និងការទទួលបានថ្នាំបង្ការ ដែលមានភាពជាដៃគូជាមួយយូនីសេហ្វ និងបានផ្គត់ផ្គង់ថ្នាំបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer-BioNTech ចំនួន ២,៨៣ លានដូស មកដល់ប្រទេសកម្ពុជា។

ប្រភពដដែលបន្តថា ចាប់តាំងពីការចាប់ផ្តើមផ្តល់ការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាកាលពីដើមឆ្នាំ ២០២១ មក រាជរដ្ឋាភិបាលអូស្ត្រាលី តាមរយៈក្រសួងការបរទេស និងពាណិជ្ជកម្ម និងយូនីសេហ្វ បាននឹងកំពុងសហការគ្នាក្នុងការផ្តល់​នូវការគាំទ្រ​ដល់ក្រសួងសុខាភិបាល ដើម្បីផ្តល់ថ្នាំបង្ការប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ រួមទាំងដាក់ដាក់​ឱ្យប្រើប្រាស់ថ្នាំបង្ការប្រភេទ mRNA និងការបង្កើតប្រព័ន្ធត្រជាក់ខ្លាំងដំបូងបំផុតនៅក្នុងប្រទេសនេះ។

លោកឯកអគ្គរាជទូត វ៉ាយអេត មានប្រសាសន៍ថា “យើងពិតជាមានមោទនភាពដែលបានចូលរួមចំណែកក្នុងការគាំទ្រការឆ្លើយតប​របស់រាជរដ្ឋាភិបាលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ និងចំពោះសមិទ្ធផលនៃការចាក់ថ្នាំបង្ការនៅក្នុងប្រទេសកម្ពុជា។ “ខណៈពេលយើងបានចេញផុតពី ដំណាក់កាលស្រួចស្រាល់នៃជំងឺរាតត្បាតជាសកលនេះ ឥឡូវគឺជាឱកាសមួយដើម្បីពង្រឹងការថែទាំ​សុខភាពបឋមជាផ្នែកមួយនៃការស្តារឡើងវិញ និងត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាតជាសកលដែលអាចកើតមាននាពេលអនាគត។ វាជាការសំខាន់ណាស់ដែលសេវាសុខភាពចាំបាច់សំខាន់ៗត្រូវមានគុណភាព និងអាចប្រើប្រាស់បានចំពោះប្រជាជនគ្រប់រូប រួមទាំង​សហគមន៍ងាយរងគ្រោះបំផុត និងនៅតំបន់ដាច់ស្រយាលផងដែរ។ ការរួមចំណែកចុងក្រោយបំផុតរបស់យើងក្នុងភាពជាដៃគូ​ជាមួយ​យូនីសេហ្វ បង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងចំពោះសេវាសុខភាពប្រកបដោយបរិយាបន្ន និងសមធម៌សម្រាប់ទាំងអស់គ្នា”។

ចំណែក លោកបណ្ឌិត វីល ផាកស៍ ប្រធានយូនីសេហ្វប្រចាំកម្ពុជា មានប្រសាសន៍ថា “យើងប្តេជ្ញាចិត្តបន្តធ្វើការរួមគ្នា ក្រោមកិច្ចដឹកនាំរបស់​រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់លទ្ធផលសុខភាពរបស់កុមារកម្ពុជា និងគ្រួសាររបស់ពួកគេ”។ “បទពិសោធនៃការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ បានបង្ហាញថា សេវារួមបញ្ចូលគ្នាដែលផ្តោតលើសមធម៌ ការចូលរួមយ៉ាងសកម្មរបស់សហគមន៍ និងការចុះផ្តល់សេវានៅ មូលដ្ឋានផ្ទាល់ អាចនាំមកនូវលទ្ធផលកាន់តែទូលំទូលាយមកលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន។ យើងសូមសម្តែងការដឹងគុណដល់​រាជរដ្ឋាភិបាល​អូស្ត្រាលី ចំពោះការបន្តភាពជាដៃគូជាមួយយូនីសេហ្វ និងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ដល់ការរស់រានរបស់កុមារ និងសិទ្ធិកុមារ។

យូនីសេហ្វបានបង្ហាញនូវការកត់សម្គាល់ថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេសនាំមុខគេនៅក្នុងពិភពលោក ដែលមានអត្រា​ចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ខ្ពស់បំផុត ដោយក្នុងនោះមាន ៩៩ ភាគរយនៃប្រជាជនគោលដៅពេញវ័យ បានទទួលថ្នាំបង្ការដូសមូលដ្ឋាន​ចំនួន២ដូស។ ការគាំទ្ររបស់អូស្រ្តាលីដល់ក្រសួងសុខាភិបាល តាមរយៈ យូនីសេហ្វ ក្នុងការដឹកជញ្ជូន និងការគ្រប់គ្រងថ្នាំបង្ការ យុទ្ធនាការផ្សព្វផ្សាយអំពីហានិភ័យ និងការចូលរួមរបស់សហគមន៍ ការកសាងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល ការរៀបចំផែនការនៅ​មូលដ្ឋាន និងការចុះផ្តល់សេវានៅសហគមន៍ដល់ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយាល ក៏​បាន​បង្កើន​លទ្ធភាព​និងចំនួនទទួល​បាន​ថ្នាំបង្ការ​កូវីដ-១៩ និង​ដូសជំរុញ​ ដល់​ជន​ងាយ​រងគ្រោះ ដែលរួម​មាន​មនុស្ស​ចាស់ ស្ត្រី​មាន​ផ្ទៃពោះ ជន​មានពិការភាព និង​ជន​ចំណាក​ស្រុក។

យូនីសេហ្វប្រចាំកម្ពុជាបានបញ្ជាក់ទៀតថា ការដាក់បញ្ចូលការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ទៅក្នុងកម្មវិធីផ្តល់ថ្នាំបង្ការជាប្រចាំនៅក្នុងប្រទេស​កម្ពុជា គឺរួមចំណែកដល់ការបង្កើនលទ្ធភាពទទួលបានសេវាថែទាំសុខភាពប្រកបដោយគុណភាព តាមរយៈការទទួលថ្នាំបង្ការពេញមួយជីវិត ដែលលើកកម្ពស់ការផ្តល់ថ្នាំបង្ការដល់បុគ្គលទាំងឡាយនៅគ្រប់ដំណាក់កាលនៃជីវិត។ ជាលទ្ធផលនៃការវិនិយោគនេះ កុមារនឹងមាន​លទ្ធភាព​ធំទូលាយជាងមុន ក្នុងការទទួលបានថ្នាំបង្ការដូសដំបូងរបស់ខ្លួន ដែលអាចការពារពួកគេពីជំងឺកាចសាហាវនានា ដូចជា ខាន់ស្លាក់ តេតាណូស គ្រុនស្វិតដៃជើង ឬជំងឺរលាកថ្លើមប្រភេទបេ និងធានាថាពួកគេត្រូវបានផ្តល់នូវមូលដ្ឋានរឹងមាំ សម្រាប់ជីវិតដែលមាន​សុខភាពល្អពីឆ្នាំដំបូងបំផុតនៃជីវិតរបស់ពួកគេ៕សរន / N

Post navigation