Views: 24
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ហ្វីលីពីននឹងបង្កើនការការពារទឹកដីនិងសិទ្ធិរបស់អ្នកនេសាទរបស់ខ្លួនមិនមែនស្វះស្វែងបង្កបញ្ហាទេ នេះបើតាមប្រធានាធិបតី ហ្វែរឌីណង់ ម៉ាកូស ជូនៀ បានបញ្ជាក់កាលពីថ្ងៃសុក្រទី២៩កញ្ញា នៅពេលជម្លោះរវាងហ្វីលីពីននិងចិនកំពុងកើនឡើងដោយសារតែការអះអាងអធិបតេយ្យភាពជាន់គ្នានៅនៅតំបន់ទឹករាក់ដ៏សំបូរមច្ឆានិងយុទ្ធសាស្ត្រនៅក្នុងសមុទ្រចិនខាងត្បូង។
ការលើកឡើងរបស់មេដឹកនាំហ្វីលីពីនកើតឡើងក្រោយពីអ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ទៅហ្វីលីពីនថា«កុំបង្កបញ្ហា»ក្រោយពីកងឆ្មាំសមុទ្រហ្វីលីពីនបានរើចេញខ្សែពោងបណ្តែតទឹកមួយនៅក្បែរតំបន់ថ្មប៉ប្រះទឹកស្កាបូរ៉ូហ្វ សូល(Scarborough Shoal )ដែលមានជម្លោះមួយក្រោយពីចិនដាក់វាដើម្បីរារាំងកុំអោយអ្នកនេសាទហ្វីលីពីនចូលទៅក្នុងដែនទឹកដ៏សំបូរមច្ឆានៅក្នុងសមុទ្រចិនខាងត្បូង។
ប្រធានាធិបតីម៉ាកូស បាននិយាយថា ហ្វីលីពីនរក្សាសិទ្ធិនេសាទនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ខ្លួន ហើយ«អ្វីដែលយើងធ្វើគឺដើម្បីការពារហ្វីលីពីន ការពារដែនទឹកហ្វីលីពីន សិទ្ធិអ្នកនេសាទរបស់យើងដើម្បីចាប់ត្រីនៅតំបន់ដែលពួកគេបានធ្វើការនេសាទអស់រាប់រយឆ្នាំមកហើយ»។
សូមបញ្ជាក់ថាកងឆ្មាំសមុទ្រចិនបានរារាំងទូកនិងនាវាហ្វីលីពីនជាច្រើនលើក ដើម្បីកុំអោយពួកវាចូលទៅនេសាទនៅបឹងទឹកប្រៃមួយ ឬទៅកាន់តំបន់ងថ្មប៉ប្រះទឹកមួយដែលហ្វីលីពីនដាក់ទ័ពមួយក្រុមតូចលើនាវាកញ្ចាស់មួយនៅទៅនោះដើម្បីបញ្ជាក់អធិបតេយ្យភាពរបស់ខ្លួន។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងហ្វីលីពីននិងចិនកាន់តែចុះដុនដាបទៅ ដោយសារតែប្រធានាធិបតីម៉ាកូសកាន់តែពង្រឹងទំនាក់ទំនងយោធាជាមួយអាម៉េរិក រួមមានការផ្តល់អោយកងទ័ពអាម៉េរិកចូលប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនកាន់តែច្រើន ជាពិសេសមូលដ្ឋានយោធាក្បែរកោះតៃវ៉ាន់ដែលអាចអោយកងទ័ពអាម៉េរិកធ្វើអន្តរាគមន៍ក្នុងករណីតៃវ៉ាន់រងការវាយប្រហារពីចិនប៉េកាំង។
ហ្វីលីពីននិងអាម៉េរិកនឹងធ្វើសមយុទ្ធជើងទឹកប្រចាំឆ្នាំឈ្មោះថាSamasamaចាប់ពីថ្ងៃ០២ដល់១៣តុលានៅប៉ែកខាងត្បូងនៃកោះលូហ្សុន(Luzon) ។ សមយុទ្ធនេះនឹងបង្កើនសមត្ថភាពសង្គ្រាមជើងទឹករបស់ហ្វីលីពីន ដូចជាកងកម្លាំងប្រយុទ្ធបុកគោកឡើងច្រាំងសំរាប់ប្រតិបត្តិការសន្តិសុខសមុទ្រ និងគាំទ្រសង្គ្រាមប្រឆាំងនាវាមុជទឹក សង្គ្រាមលើដី អាកាសព្រមទាំងសង្គ្រាមអេឡិចត្រូនិច»។
ចិនអះអាងថាតំបន់Scarborough Shoal នៅសមុទ្រចិនខាងត្បូងជារបស់ខ្លួន និងបានរិះគន់អាម៉េរិកចំពោះអ្វីដែលខ្លួនហៅថា «ការបង្ករឿងរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន»នៅក្នុងតំបន់៕

ប្រធានាធិបតី ហ្វែរឌីណង់ ម៉ាកូស ជូនៀ