Views: 5
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ថ្លៃប្រេងឆៅបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធ ចំពេលមានការព្រួយបារម្ភអំពីតំរូវការប្រេងធ្លាក់ចុះនៅក្នុងប្រទេសនាំចូលប្រេងធំបំផុត(ចិន)ក្រោយការបញ្ចេញទិន្នន័យចុងក្រោយបង្ហាញថាសេដ្ឋកិច្ចចិនខ្សោយជាងការរំពឹងទុក និងមានសញ្ញាវឌ្ឍនភាពខ្លះអំពីការជំរុញច្បាប់ពិដានបំណុលនៅសភាអាម៉េរិក។
ប្រេងឆៅម៉ាកBrentសំរាប់ប្រគល់នៅខែសីហាបានចុះ២៨សេនមកនៅត្រឹម៧៣,៤៣ដុល្លារក្នុងមួយបារ៉ែល នៅពេលប្រេងWTIនៅផ្សារអាម៉េរិកចុះ២៦សេនមកនៅត្រឹម៦៩,២០ដុល្លារក្នុងមួយបារ៉ែល។សូមបញ្ជាក់ថា ប្រេងម៉ាកទាំងពីបានធ្លាក់ចុះអស់ជាង៤ភាគរយកាលពីថ្ងៃអង្គារ។
សកម្មភាពឧស្សាហកម្មរោងចក្រចិនធ្លាក់ចុះជាងការរំពឹងទុកនៅខែឧសភាពីព្រោះតែតំរូវការចុះខ្សោយ ដោយសន្ទស្សន៍ទំនិញឧស្សាហកម្មPMIចុះពី៤៩,២នៅខែមេសាមកដល់៤៨,៨នៅខែឧសភា។លទ្ធផលនេះនៅពីក្រោមការព្យាករណ៍PMIចំនួន៤៩,៤។
វីវេក ដា( Vivek Dhar) ប្រធានផ្នែកសិក្សាស្រាវជ្រាវអំពីទំនិញវត្ថុធាតុដើមនៅធនាគារអូស្ត្រាលីមួយបាននិយាយថា« ដោយទិន្នផលឧស្សាហកម្មនិងការវិនិយោគទ្រព្យអកម្មរបស់ចិនកើនឡើងយឺតជាងការរំពឹងទុកកាលពីខែមុន ទីផ្សារបានរម្ភថា តំរូវការទំនិញវត្ថុធាតុដើមនៅចិនកំពុងចុះខ្សោយជាងការគិតទុក។ទុទិដ្ឋិនិយមជុំវិញតំរូវការទំនិញវត្ថុធាតុដើមនៅចិន កំពុងទាញសុទិដ្ឋិនិយមដែលបានកើតមានកាលពីដើមឆ្នាំ»។
តាមពិតឧស្សាហករណ៍ចិនកំពុងរងគ្រោះពីតំរូវការសកលចុះខ្សោយក្រោយពីបណ្តាធនាគារកណ្តាលនៅអាម៉េរិក អឺរ៉ុបនិងអាស៊ី បង្កើនអត្រាកាប្រាក់ដើម្បីទប់អតិផរណា។
នៅក្នុងស្រុក ការចំណាយរបស់អ្នកប្រើប្រាស់ចិនបានរើបរើឡើងវិញក្រោយចិនលុបចោលការទប់ស្កាត់លើការធ្វើដំណើរដើម្បីប្រឆាំងការឆ្លងជំងឺ និងសកម្មភាពធុរកិច្ចបានស្ទុះឡើងនៅខែធ្នូ តែការរើបរើខ្សោយជាការរំពឹងទុក។នៅបីខែដើមឆ្នាំនេះ សេដ្ឋកិច្ចចិនកើនបាន៤,៥ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។កំណើននេះត្រូវតែបន្តកើនឡើងនៅបណ្តាត្រីមាសខាងមុខដើម្បីអោយសំរេចបានកំណើនតាមគោលដៅកំណត់របស់គណបក្សកុំម្មុយនីស្តចិន។

កម្មករដំឡើងរថយន្តនៅរោងចក្រមួយនៅក្រុងស៊ីយ៉ាន(Shiyan)ក្នុងខេត្តហ៊ូប៉ី កាលពីថ្ងៃ១០ឧសភា។ការអង្កេតចេញថ្ងៃ៣១ឧសភានេះ បង្ហាញថាសកម្មភាពរោងចក្រឧស្សាហកម្មចិនធ្លាក់ចុះនៅក្នុងខែឧសភា
នៅអាម៉េរិក អារម្មណ៍របស់ឈ្មួញត្រូវបានជួយអោយធូរស្រាលបន្តិចក្រោយច្បាប់មួយក្រោមការសម្របសម្រួលដោយប្រធានាធិបតីចូ បៃដិន និងប្រធានសភា ខេវិន ម៉ាក់ខាធី ដើម្បីបង្កើនពិដានបំណុលអោយដល់៣១,៤ទ្រីលានដុល្លារ បានឆ្លងកាត់ឧបសគ្គសំខាន់មួយកាលពីយប់ថ្ងៃអង្គារ មុនបញ្ជូនទៅអោយសភាពិភាក្សានិងអនុម័តនៅថ្ងៃពុធ។
បើសិនជាត្រូវបានសភាអនុម័ត រដ្ឋាភិបាលរបស់លោកបៃដិនទំនងជាមិនចាំបាច់ចរចាអំពីពិដានបំណុលជាថ្មី នៅមុនការបោះឆ្នោតប្រធានាធិបតីនាខែវិច្ឆិកា ឆ្នាំ២០២៤៕