Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រេសិត​ពិសេស​អ​.​ស​.​ប​ប្រចាំ​មី​យ៉ាន់​ម៉ា​នឹង​ចុះចេញ​ពី​តំណែង​

Views: 17

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នកនាំពាក្យ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP កាលពី​ថ្ងៃ​ពុធ​ថា​បេសកជន​ពិសេស​អ​.​ស​.​ប​សម្រាប់​មី​យ៉ាន់​ម៉ា​​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​ខែ​មិថុនា​នេះ បន្ទាប់​ពី​កាន់តំណែង​នេះ​បាន​១៨ ខែ ដែល​ក្នុងនោះ​លោកស្រី​ត្រូវបាន​រិះគន់​ដោយ​របប​យោធា​និង​គូ​ប្រជែង​របស់​យោធា​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​ខែកុម្ភៈ ឆ្នាំ ២០២១​ដោយ​បញ្ចប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​និង​បង្ក​ឱ្យ​មាន​ការប៉ះទង្គិច​រវាង​កងកម្លាំង​របស់​អាជ្ញាធរ​​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​និង​ក្រុម​អ្នក​ប្រយុទ្ធ​នានា​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​។​

​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត ដែល​ដឹកនាំ​ដោយ​អ​.​ស​.​ប​និង​ប្លុក​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ រហូតមកទល់​ពេលនេះ គឺ​បរាជ័យ​មិន​អាច​ទប់ស្កាត់​ការ​បង្ហូរឈាម ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារ​បានទេ​។​

​លោក ស្តេ​ហ្វេន ឌួ​ចារិក (Stephane Dujarric)​បាន​និយាយថា លោកស្រី ណូ​លីន ហេ​យើ (Noeleen Heyzer) ដែល​ត្រូវបាន​តែងតាំង​ជា​បេសកជន​ដោយ​អគ្គលេខាធិការ​អ​.​ស​.​បលោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ក្នុង​ខែតុលា ឆ្នាំ ២០២១ “​នឹង​បញ្ចប់​ការចាត់តាំង​របស់លោក​ស្រី​នៅ​ថ្ងៃទី ១២ ខែមិថុនា​” នៅពេលដែល​កិច្ចសន្យា​របស់​លោកស្រី​បានបញ្ចប់​។​

​អ្នកនាំពាក្យ​រូប​នេះ​បាន​និយាយថា “​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ស្រី​ហេ​យើ​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​លោកស្រី​ក្នុងនាម​សន្តិភាព​និង​ប្រជាជន​មី​យ៉ាន់​ម៉ា​” ដោយ​បន្ថែម​ថា បេសកជន​ថ្មី​នឹង​ត្រូវ​តែងតាំង​។​

​លោកស្រី​ហេ​យើ ជា​អ្នក​សង្គម​វិទូ​ជនជាតិ​សិង្ហ​បុរី មាន​ភារកិច្ច​ជំរុញ​ឱ្យ​របប​យោធា​មី​យ៉ាន់​ម៉ា​ចូលរួម​ក្នុង​កិច្ចសន្ទនា​នយោបាយ​ជាមួយ​គូ​ប្រជែង​របស់​ខ្លួន​និង​បញ្ចប់​ការបង្ក្រាប​ដ៏​បង្ហូរឈាម​ដែល​ខ្លួន​​បាន​ចាប់ផ្តើម​បន្ទាប់​ពី​ការផ្តួលរំលំ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី​។​

​លោកស្រី​បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​កាលពី​ខែ​សីហា​ឆ្នាំមុន ហើយ​បាន​ជួប​ជាមួយ​ប្រមុខ​របប​យោធា​លោក មីន អ៊ុង​ហ្លាំង​និង​មន្ត្រី​យោធា​កំពូល​ផ្សេងទៀត​ក្នុង​ចំណាត់​​ការ​មួយ​ដែល​ត្រូវបាន​រិះគន់​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​ថា​ជា​ការផ្តល់​ភាពស្របច្បាប់​ដល់​ឧត្តមសេនីយ៍​។​

​ប៉ុន្តែ​លោកស្រី​ត្រូវបាន​បដិសេធ​មិន​ឱ្យ​ជួប​ជាមួយ​មេដឹកនាំ​លទ្ធិប្រជាធិបតេយ្យ​ដែល​កំពុង​ជាប់​ឃុំ លោកស្រី អ៊ុង​សាន ស៊ូ​ជី នោះទេ ហើយ​ក្រោយមក​បាន​ធ្វើឱ្យ​ក្រុមមន្ត្រី​របប​យោធា​ខឹងសម្បា​ដែល​បាន​​ចោទ​លោក​ស្រី​ថា​ចេញ “​សេចក្តីថ្លែងការណ៍​តែ​ម្ខាង​” ពីអ្វី​ដែល​បាន​ពិភាក្សា​។​

​ក្រោយមក​លោក​ស្រី​បាន​ប្តេជ្ញា​ថា​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​នេះ​ម្តងទៀត​ទេ លុះត្រាតែ​លោកស្រី​ត្រូវបាន​អនុញ្ញាត​ឱ្យ​ជួប​លោក​ស្រី​ស៊ូ​ជី ដែល​ចាប់​តាំងពី​នោះ​មក​ត្រូវបាន​តុលាការ​របប​យោធា​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​សរុប ៣៣ ឆ្នាំ​៕

លោកស្រី​ហេ​យើ​នឹង​បញ្ចប់​តួនាទី​របស់​លោកស្រី​នៅ​ថ្ងៃទី​១២​ខែមិថុនា

Post navigation