Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

បរិ​យា​កាល​ក្តៅ​ហប់ បង្កឱ្យមាន​បាតុភូត​ខ្យល់​កន្ត្រាក់ ក្នុងពេល​ព្យុះ មាន​កម្លាំង​ស្រូប​កាន់តែខ្លាំង​

Views: 1

ដោយៈ ប​.​ខុន / ភ្នំពេញៈ ព្រម​ពេល​ជាមួយគ្នា​នឹង​ព្យុះ​ទី​២ មាន​កម្លាំង​ស្រូប កាន់តែខ្លាំង  ​សីតុណ្ហភាព​អតិបរមា នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះ​បន្តិច​  តែ​សីតុណ្ហភាព​អប្បបរមា នៅ​មិនទាន់មាន​ចុះ ធ្វើឱ្យ​បរិយាកាស មាន​សភាព​ហប់​ខ្លាំង បង្ក​ឱ្យ​កើតមាន​បាតុភូត ខ្យល់​កន្ត្រាក់ នៅពេល​មេឃ រកកល​ធ្លាក់ភ្លៀង​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៣​ថាៈ ស្ថានភាព​ធាតុ អាកាស នៅពេលនេះ បើ​ពិនិត្យ​ទៅលើ​សីតុណ្ហភាព​អតិបរមា ឃើញ​មាន​ចុះ​បន្តិចបន្តួច ហើយ តែ​សីតុណ្ហភាព​អប្បបរមា នៅ​មិនទាន់​ចុះ​នៅឡើយ ធ្វើឱ្យ​បរិយាកាស មាន​សភាព​ហប់​ខ្លាំង មាន​ភ្លៀង​ដោយ​កន្លែង និង​បាតុភូត​ខ្យល់​កន្ត្រាក់ នៅ​បន្ត​កើត មាន​ច្រើន​។​

​ចំណែក​ស្ថានភាព​ខ្យល់​វិញ អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​បញ្ជាក់ថា បន្ត​មាន​ឥទ្ធិពល​កាន់តែខ្លាំង ដោយសារ​កម្លាំង​ស្រូប​របស់​ព្យុះ​ទី​២ ឈ្មោះ ម៉ា​វ៉ា នៅពេល​វា ដើរមក​កាន់តែ​ក្បែរ​ខាងកើត​កោះ​តៃវ៉ាន់​។ នៅពេលនោះ ភ្លៀង​អាចមាន ធ្លាក់​ច្រើន តែ​នៅ​តំបន់​មាត់សមុទ្រ និង​មាន​ខ្យល់មូសុង​និរតី​ខ្លាំង ។ ការខូចខាត​ផ្ទះ សម្បែង នៅតាម​បណ្តា​ខេត្ត​មួយចំនួន កាលពី​ថ្ងៃទី​២៤ ខែឧសភា មិនមែនជា​ឥទ្ធិពល របស់​ព្យុះ​ទេ គឺ​បាតុភូត​ខ្យល់​កន្ត្រាក់ កើតឡើង​នៅក្នុង​តំបន់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២៣ បាន​ជូនដំណឹង ស្តី​ការ​ព្យាករ​ធាតុអាកាស សម្រាប់​ពីថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​៣០ ខែឧសភា​ថា ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​អំឡុង​ពេលនេះ ទទួល​ឥទ្ធិពល ពី​តំបន់​នៃ​ជ្រលង​សម្ពាធ ទាប ពី​ភាគ​ខាងលើ​ថៃ ឡាវ និង​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​នីរ​តី មធ្យម​នាំឱ្យ សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥ ទៅ ២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤ ទៅ ៣៦ អង្សា​សេ និង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។ នៅលើ​ផ្ទៃសមុទ្រ មាន​រលក​ខ្ពស់ៗ ។​

​នៅក្នុង​សេចក្តីជូនដំណឹង បានសរសេរថា ស្ថានភាព​ដូចខាងលើ ធ្វើ​ឲ្យ​តំបន់​វាលទំនាប មាន​សីតុណ្ហភាព​អប្បបរមា ពី ២៥ ទៅ ២៧ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤​ទៅ​៣៦​អង្សា​សេ​។​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​សម្រាប់​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​អប្បបរមា ពី ២៤ ទៅ ២៦ អង្សា​សេ សីតុណ្ហភាព អតិបរមា​មាន​ពី​៣៣​ទៅ​៣៥​អង្សា​សេ ។ អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។​

​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ពី ២៥ ទៅ ២៧ អង្សា​សេ សីតុណ្ហភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​មធ្យម ទៅ​ច្រើន លាយឡំ​ដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ លើ​ផ្ទៃសមុទ្រ​អាចមាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់​៕/V​

Post navigation