Views: 1
ដោយ៖ ម៉េងឆៃ / ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយបងប្អូនកម្មករ កម្មការិនីនិយោជិត ក្នុងវិស័យកាត់ដេរ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។
ក្នុងកំណែទម្រង់នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រកាសឱ្យរដ្ឋមន្ត្រី នៅតាមក្រសួងស្ថាប័ននិមួយៗ ដែលសម្តេច បានប្រគល់ដាវឱ្យហើយ ត្រូវតែហ៊ានកាប់ ហ៊ានវះកាត់ និងអនុវត្តនូវការកែទម្រង់។
ការកែទម្រង់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ នៅតាមក្រសួងស្ថាប័នរដ្ឋនេះ ត្រូវការចូលរួមពីបេក្ខជនប្រឡងខ្លួនឯងតែម្តងនោះគឺបេក្ខជនម្នាក់ៗ ត្រូវតែមានការតាំង ចិត្ត ប្រឡងឱ្យជាប់ដោយសមត្ថភាពខ្លួនឯង ដើម្បីជាមោទនភាពខ្លួនឯង ដោយមិនត្រូវមានបងប្អូន ឬឪពុកម្តាយណា មកអន្តរាគមន៍នោះទេ។
សេចក្តីប្រកាសជាសាធារណៈខាងលើនេះ បានធ្វើឡើង ក្រោយពីសម្តេចធិបតី នាយករដ្ឋមន្ត្រី បានចេញសារជាសំឡេង កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។ នោះគឺសម្តេចធិបតី បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ បញ្ឈប់ការប្រឡង ជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ នេះ ដោយត្រូវរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌ ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការ។
ក្នុងសារជាសំឡេងជាង ១នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ដោយសារ ការជ្រើសរើសមន្ត្រីរាជការ គឺជាកិច្ចការសំខាន់ នៅក្នុងការកែទម្រង់មុខងារសាធារណៈ នៅក្នុងអាណត្តិថ្មី! ដូច្នេះសម្តេច ប្រកាសផ្អាករាល់ការជ្រើសរើសមន្ត្រីរាជការនៅក្នុងឆ្នាំ ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា គណៈកម្មការជាតិ ពាក់ព័ន្ធទៅនឹងកំណែ ទម្រង់ មន្ត្រីមុខងារសាធារណៈ ដែលជាសមាសភាគមួយសំខាន់ ក្នុងការប្រឡងជ្រើស រើសមន្ត្រីរាជការ ឱ្យសុក្រឹត្យភាព គឺជាគោលដៅធំ សម្រាប់រដ្ឋាភិបាលថ្មី។ ដូច្នេះសម្តេចធិបតី បញ្ជាក់បន្ថែមថា ដើម្បីឱ្យចេញដេប៉ា ដោយសុក្រឹត្យភាពតែម្តង គឺសម្តេច សម្រេចផ្អាករាល់ការប្រឡងជ្រើសរើសមន្ត្រីរាជការចាប់ពីពេលនេះទៅ រហូតដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មីរួចរាល់ ក្នុងពេលឆាប់ៗខាងមុខ។
ជាការពិតហើយ គោលការណ៍ «អ្នកចេះ គឺជាប់» ត្រូវបានអនុវត្តដោយជោគជ័យ រួចមកហើយ ក្នុងការប្រឡងបាក់ឌុប ចាប់តាំងពីលោក ហង់ជួន ណារ៉ុន បានឡើងកាន់ តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់តាំងពីឆ្នាំ២០១៣ បន្តដល់ពេលនេះ។តាមគោលការណ៍នេះ បេក្ខជនប្រឡងបាក់ឌុបទាំងអស់ មិនអាចលួចចម្លង ប្រ៊ីយ៉ុង ហើយក៏មិនអាចយកចូលមណ្ឌលប្រឡងនូវប៊្រីយ៉ុង ទូរសព្ទ គ្រឿងអេឡិចត្រូនិក អ្វីឡើយ។ បេក្ខជនប្រឡងបាក់ឌុប ក៏មិនអាចសូកលុយគ្រូក្នុងពេលប្រឡង ហើយក៏ រឹតតែមិនអាចសូកលុយ រត់ការដើម្បីប្រឡងជាប់បាក់ឌុបឡើយ។ នេះជាមោទកភាព របស់សិស្សប្រឡងបាក់ឌុបផង ហើយក៏ជាជោគជ័យរបស់ក្រសួងអប់រំផង។
ក្នុងកំណែទម្រង់ប្រឡងបាក់ឌុប តាមគោលការណ៍អ្នកចេះប្រឡងជាប់នេះ កន្លងមក ចំនួនបេក្ខជនប្រឡងជាប់បាក់ឌុប ក៏មានច្រើនពិសេសបេក្ខជនប្រឡងជាប់ដោយ សមត្ថភាព និងទទួលបាននិទ្ទេស A ក៏មានកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំ។
និយាយពីកំណែទម្រង់ក្នុងការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការវិញ បើអាចអនុវត្តតាម គោលការណ៍ «អ្នកចេះ ប្រឡងជាប់» ច្បាស់ណាស់ គឺពិតអាចចំរាញ់បាននូវធនធាន មនុស្សល្អៗ ពោលគឺមន្ត្រីរាជការជំនាន់ក្រោយ ពោរពេញដោយសមត្ថភាពពិតប្រាកដ។
បើធ្វើដូច្នេះបានមែន ក៏បានកាត់បន្ថយចំណាយក្រៅផ្លូវការតាមរយៈការរត់ការ ដើម្បីបានចូល ក្របខណ្ឌរដ្ឋ ដែលតាមតែលឺនៅតាមក្រសួងនិមួយៗ រាប់ពាន់ដុល្លារ ចូលដល់រាប់ម៉ឺនដុល្លារ តាមក្រសួងត្រូវប៉ាន់ ឬមិនត្រូវប៉ាន់ ដែលអាចរកលុយក្រៅបាន ឬមិនបាននោះ។ ការរត់ការ សូកលុយរាប់ម៉ឺនដុល្លារ ដើម្បីបានចូលក្របខណ្ឌនេះ មិនមែនមានតែនៅក្នុងស្ថាប័នក្រសួងស្ថាប័នរដ្ឋទេ សូម្បីតែអ្នកប្រឡងចូលមេធាវី ចៅក្រម ក្រឡាបញ្ជី និងព្រះរាជអាជ្ញា ក្នុងតុលាការ ក៏ត្រូវអស់លុយ មិនតិចម៉ឺនដុល្លារទេ ទម្រាំបានប្រឡងជាប់នោះ។
ជារួម ក្រៅតែពីកែទម្រង់ និងលុបបំបាត់ការសូកប៉ាន់ ដើម្បីបានចូលក្របខណ្ឌរដ្ឋ ក្លាយជាមន្ត្រីរាជការ ដើម្បីចំរាញ់បាននូវមន្ត្រីមានសមត្ថភាពហើយនោះ រាជរដ្ឋាភិបាល ពិសេសរដ្ឋមន្ត្រីតាមក្រសួងនិមួយៗ ក៏ត្រូវតែរឹតបន្តឹងបន្ថែម ចំពោះមន្ត្រីរាជការតាម ក្រសួងស្ថាប័ន និងអង្គភាពរដ្ឋរបស់ខ្លួន។ ពោលគឺតាមស្ថាប័នរដ្ឋ ស្ទើរតែទាំងអស់ សព្វថ្ងៃ ចំនួនមន្ត្រីច្រើនលើសលុប លើសពីទំហំការងារ។
មន្ត្រីខ្លះ មានតែឈ្មោះនៅរាជការ បើកប្រាក់ខែរាជការពេញៗ តែមកធ្វើការនៅវិស័យឯក ជន ឬក៏ទៅធ្វើការរដ្ឋ តែមួយព្រឹកៗ ខ្លះមិនទាំងទៅផង ឱ្យតែត្រូវគ្នានឹងប្រធានរបស់ខ្លួន ដែលមន្ត្រីប្រភេទនេះ មិនគួរមានក្នុងអាណត្តិរដ្ឋាភិបាលថ្មី ទៀតទេ។ ករណីនេះស្ថាប័នឯកជន ក៏ត្រូវតែមានគោលការណ៍ច្បាស់ថា មិនទទួលយកមន្ត្រីរាជការណា ក៏ដោយ មកធ្វើការឱ្យខ្លួនទេ ព្រោះនេះ ជាការចូលរួមបំផ្លាញជាតិ ដោយសារតែមន្ត្រី នោះ បានលួចម៉ោងធ្វើការរបស់រដ្ឋ មកធ្វើការនៅវិស័យឯកជន។ ដូច្នេះកែទម្រង់នេះក្រៅពីពង្រឹងសមត្ថភាពមន្ត្រីរាជការ តាមរយៈគោលការណ៍ «ចេះ គឺជាប់» ហើយ ក៏ត្រូវពិនិត្យលើចំនួនបុគ្គលិក ដើម្បីកាត់បន្ថយចំណាយផង ហើយក៏ដើម្បីមានលទ្ធភាព ឡើងប្រាក់ខែដល់មន្ត្រីរាជការ ដែលជាអ្នកធ្វើការពេញម៉ោង និងជាអ្នកមានសមត្ថភាពដែលខំធ្វើការផងដែរ៕/V-PC