Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រជាជន​ជាង​៨០%​នៃ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ ភៀសខ្លួន​ទៅ​អា​មេ​នី​

Views: 19

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ជាង​៨០​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ (Nagorno-Karabakh) បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​អា​មេ​នី ខណៈ​ដែល​រដ្ឋាភិបាល​ផ្តាច់ខ្លួន​ក្នុង​តំបន់​បាន​និយាយថា ខ្លួន​នឹង​រំលាយ ហើយ​សាធារណរដ្ឋ​ដែល​មិន​ទទួលស្គាល់​នៅក្នុង​ប្រទេស​អា​ស៊ែ​របៃ​ហ្សង់​នឹង​ឈប់​មាន​តទៅ​ទៀត​នៅ​ដំណាច់ឆ្នាំ​នេះ​។​

​រដ្ឋាភិបាល​អា​មេ​នី​បាន​និយាយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា មនុស្ស​ជាង ៩៧.៧០០ នាក់​ពី​ប្រជាជន​ប្រហែល ១២០.០០០ នាក់​បាន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​អា​មេ​នី​ចាប់តាំងពី​អា​ស៊ែ​របៃ​ហ្សង់​បាន​វាយប្រហារ​និង​បញ្ជា​ឱ្យ​ពួក​សកម្មប្រយុទ្ធ​ក្នុង​តំបន់​ទម្លាក់អាវុធ​ចុះ​។​

​ចំណាត់ការ​នេះ​បាន​ធ្វើឡើង​បន្ទាប់​ពី​អា​ស៊ែ​របៃ​ហ្សង់​បាន​បើក​ការវាយប្រហា​រដូច​ផ្លេកបន្ទោ​រកាល​ពី​សប្តាហ៍​មុន ដើម្បី​ដណ្តើម​បាន​ការគ្រប់គ្រង​ពេញលេញ​លើ​តំបន់​ផ្តាច់ខ្លួន​នេះ និង​ទាមទារ​ឱ្យ​កងទ័ព​អា​មេ​នី​នៅ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់​ទម្លាក់អាវុធ​និង​រំសាយ​រដ្ឋាភិបាល​ផ្តាច់ខ្លួន​។​

​ក្រឹត្យ​មួយ ដែល​បាន​ចុះហត្ថលេខា​ដោយ​ប្រធានាធិបតី​ផ្តាច់ខ្លួន​ក្នុង​តំបន់​លោក សាម​វែល សាក់​រ៉ា​ម៉ាន់​យ៉ាន (Samvel Shakhramanyan) បាន​យោង​លើ​កិច្ចព្រមព្រៀង​ថ្ងៃទី ២០ ខែ​កញ្ញា ដើម្បី​បញ្ចប់​ការប្រយុទ្ធ ដែល​ក្នុងនោះ​អា​ស៊ែ​របៃ​ហ្សង់​នឹង​អនុញ្ញាត​ឱ្យមាន “​ការ​ចល័ត​ទី​ដោយ​សេរី ស្ម័គ្រចិត្ត និង​គ្មាន​ការរារាំង​” របស់​អ្នកស្រុក​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់​ទៅ​កាន់​ប្រទេស​អា​មេ​នី​។​

​អ្នកខ្លះ ដែល​បាន​ភៀសខ្លួន​ចេញ​ពី​រដ្ឋធានី​ក្នុង​តំបន់ ឈ្មោះ ស្តេ​ផា​ណា​កឺ​ត (Stepanakert) បាន​និយាយថា ពួក​គេ​គ្មាន​សង្ឃឹម​សម្រាប់​អនាគត​ទេ​។​

​និស្សិត​ឈ្មោះ អា​នី អា​បាក​យ៉ាន (Ani Abaghyan) អាយុ ២១ ឆ្នាំ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា “​ខ្ញុំ​បាន​ចាក​ចេញពី​ទីក្រុង​ស្តេ​ផា​ណា​កឺ​ត ដោយ​ក្តី​សង្ឃឹម​បន្តិចប​ន្តួ​ច​ថា​ប្រហែលជា​មាន​អ្វី​មួយ​នឹង​ផ្លាស់ប្តូ​រហើយ​ខ្ញុំ​នឹង​ត្រឡប់មកវិញ​ឆាប់ៗ ហើយ​ក្តី​សង្ឃឹម​ទាំងនេះ​ត្រូវបាន​បំផ្លាញ​បន្ទាប់ពី​អាន​អំពី​ការរំលាយ​រដ្ឋាភិបាលរ​បស់​យើង​”​។​

​ក្នុងអំឡុងពេល​បី​ទសវត្សរ៍​នៃ​ជម្លោះ​ក្នុង​តំបន់​នេះ អា​ស៊ែ​របៃ​ហ្សង់​និង​ជន​ផ្តាច់ខ្លួន​នៅក្នុង​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់ រួមជាមួយ​នឹង​សម្ពន្ធមិត្ត​ក្នុងប្រទេស​អា​មេ​នី បាន​ចោទប្រកាន់​ភាគី​ម្ខាង​ទៀត​អំពី​ការវាយប្រហារ​ដែល​ផ្តោត​គោលដៅ ការសម្លាប់​រង្គាល និង​អំពើ​ឃោរឃៅ​ផ្សេងទៀត ដែល​ធ្វើឱ្យ​ប្រជាជន​ទាំង​សងខាង​មាន​ការសង្ស័យ និង​ភ័យខ្លាច​យ៉ាងខ្លាំង​។​

​ខណៈ​អា​ស៊ែ​របៃ​ហ្សង់​សន្យា​គោរព​សិទ្ធិ​ជនជាតិភាគតិ​ច​អា​មេ​នី​នៅក្នុង​តំបន់ ឥឡូវ​នេះ​ពួកគេ​ភាគច្រើន​កំពុង​ភៀសខ្លួន​ចេញ ដោយសារតែ​ពួកគេ​មិន​ជឿ​ថា​អាជ្ញាធរ​អា​ស៊ែ​របៃ​ហ្សង់​នឹង​ប្រព្រឹត្ត​ចំពោះ​ពួកគេ​ដោយ​យុត្តិធម៌​និង​មនុស្សធម៌ ឬ​ធានា​រក្សា​ទុក​ភាសា សាសនា និង​វប្បធម៌​របស់​ពួកគេ​៕

ប្រជាជន​ជាង​៨០​ភាគរយ​នៅ​តំបន់​ណាហ្គ័រ​ណូ​-​កា​រ៉ា​បាក់​ចាកចេញ​ទៅ​អា​មេ​នី

Post navigation