Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខ​ការទូត​កម្ពុជា​ច្រានចោល​ការចោទប្រកាន់អំពី​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​

Views: 2

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖ ឆ្លើយតប​ចំពោះ​ការសាកសួរ​របស់លោក​ស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជុំវិញ​ព័ត៌មាន​ថ្មីៗដែលត្រូវបានផ្សព្វផ្សាយដោយបណ្ដាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ច្រានចោល​ការចោទប្រកាន់​ដោយ​គ្មាន មូលដ្ឋាន​ទាំងនោះ​មកលើ​កម្ពុជា ដោយ​បញ្ជាក់​ជាថ្មី​នូវ​ការប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​របស់​កម្ពុជា​ចំពោះ រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន ឬ​វត្តមាន​កងទ័ព​បរទេស​ណាមួយ​នៅលើ ទឹកដី​កម្ពុជា​ឡើយ និង​បាន​គូសបញ្ជាក់ថា ការកែលំអ​មូលដ្ឋាន​ក​ង​ទ័ពជើងទឹក​រាម​នេះ គឺធ្វើឡើងដើម្បី​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​កម្ពុជា ដើម្បី​ការពារ​បូរណភាព​ដែនសមុទ្រ​របស់ខ្លួន និង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​តាម​ដែនសមុទ្រ​។

​ការច្រានចោល​នេះបានធ្វើឡើង​នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទកាលពី​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។

​ប្រភពក្រសួងការបរទេសបញ្ជាក់ថា ក្នុងកិច្ចសន្ទនាឧបនាយករដ្ឋមន្ត្រីបាន​លើកឡើង​អំពី​កាយវិការ​ដ៏​ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាត​ឲ្យ​អនុព័ន្ធយោធា​បរទេស​នៅ ភ្នំពេញ ទៅ​ទស្សនា​មូលដ្ឋាន​កងទ័ពជើងទឹក​រាម ដែល​កាយវិការ​នេះ មិន​ធ្លាប់​ត្រូវបាន​អនុវត្ត​ពីមុន មក​ដោយ​ប្រទេស​ណាមួយ​ឡើយ ក្នុងការ​អនុញ្ញាតឱ្យ​បរទេស​ចូល​ទស្សនា​មូលដ្ឋាន​កងទ័ព​របស់​ខ្លួន​។​

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ឆ្លៀតឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក នៅ​ទីក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី កាល ពី​ពេល​ថ្មីៗ​នេះ ដើម្បី​បញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ បទ​ប្បញ្ញត្តិ​នានា​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ នៅលើ​ទឹកដី​កម្ពុជា​ជាកា​ឆ្លើយតប​ទៅនឹង​កង្វល់​នានា​ពាក់ព័ន្ធ​នឹង​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​នេះ​។​

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន សម្តែង​ការអបអរសាទរ​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​លោកស្រី Penny Wong ដែល​ត្រូវបានតែងតាំងជា​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​។

​លោកឧបនាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​សម​ភាគី អូស្ត្រាលី​របស់​ឯកឧត្តម ឱ្យមាន​ជំនួប​តាម​ទូរស័ព្ទ​នាពេលនេះ បន្ទាប់ពី​លោកជំទាវ​បាន​ចូលកាន់ ដំណែង​ភ្លាម ដែល​ការណ៍​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​សារសំខាន់​នៃ​ទំនាក់ទំនង​ទ្វេភាគី ខណៈពេល ដែល​ប្រទេស​ទាំងពីរ​កំពុង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​។ នេះ​បេ​ី​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរ​ទេ​ដ​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២២​។

​ចំណែកលោកស្រី Penny Wong បានកោត​សរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ សម្តេច​តេ​ជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​នៅក្នុង​ឆ្នាំនេះ និង​ចំពោះលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន ក្នុងការ​ជំរុញ​ការអនុវត្ត​ការ ព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច (5PC) ស្តីពី​មី​យ៉ាន់​ម៉ា និង​បាន​អះអាង​អំពី​ការគាំទ្រ​របស់ អូស្ត្រាលី សម្រាប់​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា ឆ្នាំ​២០២២​។​

​ក្នុង​កិច្ចពិភាក្សា​អំពី​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ជម្រាបជូនលោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong អំពី​ដំណើរ​ទស្សនកិច្ច​លើកទីមួយ​របស់​លោកទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ​២០២២ ក្នុងតួនាទី​ជា​ប្រេសិត ពិសេស​របស់​ប្រធាន​អាស៊ាន ដោយមាន​ប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ត្រួស​ត្រាយផ្លូវ សម្រាប់​ជំហាន​សមស្រប​ជា​បន្តទៀត ដើម្បី​នាំមក​នូវ​វឌ្ឍនភាព​លើ​អាទិភាព​បន្ទាន់​ចំនួន​បី សម្រាប់ ការអនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​ប្រាំ​ចំណុច​៖ (១) ការបញ្ឈប់​អំពើហិង្សា (២) ការធានា​ការ ផ្តល់ជំនួយ​មនុស្សធម៌​ទាន់ពេលវេលា​ដោយ​គ្មាន​ការរើសអើង និង (៣) ការកសាង​បរិយាកាស អំណោយផល​សម្រាប់​កិច្ចសន្ទនា​នយោបាយ​ប្រកបដោយ​បរិ​យា​ប័ន្ន​ដើម្បី​ដោះស្រាយ​វិបត្តិ​មី​យ៉ាន់​ម៉ា​។​

​លោកឧបនាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​ផងដែរ​អំពី​លទ្ធផល​សំខាន់ៗ​ចំនួន​បី សម្រេចបាន ដោយ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​កាលពី​ថ្ងៃទី ៦ ខែឧសភា ឆ្នាំ​២០២២ រួមមាន (១) ក្របខ័ណ្ឌ​នៃ​ការរៀបចំ​សម្រាប់​ការផ្តល់ ជំនួយ​មនុស្សធម៌​រប​ស់អា​ស៊ាន (២) ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​សម្រាប់​ប្រតិបត្តិ​ការផ្តល់ ជំនួយ​មនុស្សធម៌ និង (៣) ក្របខ័ណ្ឌ​សម្រាប់​ក្រុម​ប្រតិបត្តិ​ការគ្រប់គ្រង​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​ការរៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​លើក ទី​ពីរ​របស់​ឯកឧត្ដម​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

​លោកស្រីរដ្ឋមន្ត្រីការបរទេស Penny Wong បាន​ថ្លែងអំណរគុណ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែល​បាន​ចែករំលែក​ព័ត៌មាន និង​សម្រាប់​ការបំភ្លឺ​។ រដ្ឋមន្ត្រីការបរទេស​ទាំងពីរបានទន្ទឹងរង់ចាំ​ឱកាស​ជួបគ្នា​ម្តងទៀត​ក្នុងពេល​ឆាប់ៗ​៕​

Post navigation