Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រមុខការទូតកម្ពុជានឹងទៅបំពេញទស្សនកិច្ចផ្លូវការនៅម៉ារ៉ុក និងអារ៉ាប់អេហ្ស៊ីប

Views: 4

ដោយ:មុនីរ័ត្ន/ភ្នំពេញ  : លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជា ណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី ២៨ ខែមីនា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់លោក Nasser BOURITA រដ្ឋមន្រ្តីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោកSameh SHOUKRY រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។

( រូបឯកសារ )

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា នៅប្រទេសម៉ារ៉ុក លោកឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរនឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេស ចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយលោក Sameh SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិសំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ចការកុងស៊ុល។

ក្រសួងការបរទេសបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក៕សរន / N

Post navigation