Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប៉ូលិស​ប៉ា​គី​ស្ថាន​ដាក់​ពាក្យបណ្តឹង​ចោទ​ពី​បទ​ភេរវកម្ម​ប្រឆាំង​នឹង​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់​

Views: 4

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃអាទិត្យ​ទី​១៩​មីនា​បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំង​នឹង​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់ (Imran Khan)​ជំនួយការ​​របស់​គាត់​ចំនួន​១៧​នាក់ និង​អ្នកគាំទ្រ​ជាច្រើន​នាក់ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ភេរវកម្ម​និង​បទល្មើស​ជាច្រើន​ផ្សេង​ទៀត​បន្ទាប់ពី​អ្នកគាំទ្រ​របស់​នាយករដ្ឋមន្ត្រី​ដែល​គេ​បណ្តេញចេញ​ពី​តំណែង​រូប​​នេះ បាន​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុង​ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​ថ្ងៃ​សៅរ៍​បណ្តាល​អោត​រងរបួស​មនុស្ស​ជាង​មួយ​រយ​នាក់​នៅ​ភាគី​ទាំងសងខាង​។​

​អតីត​នាយករដ្ឋមន្ត្រី អ៊ី​ម​រ៉ា​ន់ ខាន់

​អស់​ជាច្រើន​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ អ្នកគាំទ្រ​របស់លោក​ខាន់​បាន​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ខាងក្រៅ​តុលាការ កន្លែង​ដែល​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ត្រូវ​បង្ហាញខ្លួន​ក្នុង​សំណុំរឿង​ពុករលួយ​។ ប៉ូលិស​ប្រឆាំង​កុបកម្ម​បាន​ប្រើ​ដំបង​វាយ​និង​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក ខណៈ​ក្រុម​អ្នកគាំទ្រ​របស់លោក​ខាន់​បាន​គប់​គ្រាប់បែក​ភ្លើង​និង​គប់​ដុំ​ថ្ម​មក​លើ​មន្ត្រី​ប៉ូលិស​។​

​ប៉ូលិស​ជាង​៥០​នាក់​បាន​រង​របួស​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​ប៉ូលិស រថយន្ត និង​ម៉ូតូ​ជាច្រើន​គ្រឿង​ត្រូវ​បាន​ដុត​ឆេះ​។ ប៉ូលិស​បាន​និយាយថា អ្នកគាំទ្រ​របស់លោក​ខាន់​ចំនួន ៥៩​នាក់​ត្រូវបាន​ចាប់ខ្លួន​​ក្នុងអំឡុង​អំពើហិង្សា​។​

​លោក​ខាន់​ពិតជា​មិន​ដែល​បាន​បង្ហាញ​ខ្លួន​នៅក្នុង​តុលាការ​ដើម្បី​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ថា​គាត់​បាន​លក់​អំណោយ​របស់​រដ្ឋ​ដែល​ទទួលបា​នក្នុងពេល​កំពុង​កាន់​តំណែង​និង​បាន​លាក់បាំង​ទ្រព្យសម្បត្តិ​ជាច្រើន​។​

​ក្រៅពី​លោក​ខាន់ ពាក្យបណ្តឹង​នានា ដែល​បាន​ដាក់​កាលពី​ថ្ងៃអាទិត្យ ក៏​បាន​បាន​ចោទប្រកាន់​សមាជិកសភា​អតីត​និង​បច្ចុប្បន្ន អតីតរដ្ឋមន្ត្រី អតីត​ប្រធានរដ្ឋសភា និង​អ្នកគាំទ្រ​លោក​ខាន់​មួយចំនួន​ផង​ដែរ​។ បទ​ចោទ​ទាំងនោះ​រួមមាន​អំពើ​ភេរវកម្ម ការរារាំង​មន្ត្រីប៉ូលិស​ក្នុង​ការបំពេញភារកិច្ច ការវាយប្រហារ​លើ​ប៉ូលិស ការបង្ក​របួសស្នាម និង​ការគំរាមកំហែង​ដល់​អាយុជីវិត​។​

​ការវិវឌ្ឍ​ចុងក្រោយ​បំផុត​នេះ​គឺពាក់ព័ន្ធ​នឹង​ការកើនឡើង​អំពើ​ហិង្សា​ជុំវិញ​លោក​ខាន់​អាយុ​៧០​ឆ្នាំ​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​តំណែង​ក្នុង​ការបោះឆ្នោត​សម្តែង​ការ​មិន​ទុកចិត្ត​នៅក្នុង​សភា​កាលពី​​ខែ​មេសា​ឆ្នាំ​មុន​។ ចាប់តាំងពី​ពេលនោះ​មក អតីត​តារា​កីឡាគ្រី​ឃីត​ប្រែ​មក​ជា​អ្នកនយោបាយ​អ៊ីស្លាម​រូបនេះ បាន​អះអាង​ដោយ​គ្មាន​ភស្តុតាង​ថា​ការបណ្តេញ​គាត់​គឺ​ខុសច្បាប់​និង​មាន​ការឃុបឃិត​ពី​​សំណាក់​អ្នក​ស្នង​តំណែង​ដឹកនាំ​រដ្ឋាភិបាល​របស់​គាត់ គឺ​លោក សា​បាស សារីហ្វ (Shahbaz Sharif) និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។ ​ទាំង​លោក​សារីហ្វ​និង​សហរដ្ឋអាម៉េរិក​បាន​បដិសេធ​ការចោទប្រកាន់​នេះ​៕

អ្នកគាំទ្រ​លោក​ខាន់​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​នៅ​ក្រៅ​តុលាការ​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​កាលពី​ថ្ងៃអាទិត្យ

Post navigation