Views: 30
ប្រែសម្រួលៈបំណង(ដឹណេសិន)៖ ប៉ូលិសថៃរឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនជាង១៥លានគ្រាប់និងសារធាតុខុសច្បាប់ដទៃទៀតដែលមានតំលៃសរុប៣០០លានបាត(៨,១៥លានដុល្លារ)កាលពីថ្ងៃពុធ នៅក្នុងអ្វីដែលអាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជាការចាប់បានថ្នាំញៀនច្រើនបំផុតប្រចាំឆ្នាំ២០២៣។
មនុស្សបួននាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការឆ្មក់ចូលចាប់ថ្នាំញៀននេះ ដែលរួមមានថ្នាំមេតំហ្វេតាមីនក្រាម(ម៉ាទឹកកក)៤២០គីឡូក្រាម ថ្នាំញៀនហេរ៉ូអ៊ីន៤៤៣ដុំ និងថ្នាំមេតំហ្វេតាមីនគ្រាប់ចំនួន១៥លានគ្រាប់នៅផ្ទះមួយក្នុងខេត្តណាខន ផាថូម(Nakhon Pathom) នៅខាងជើងក្រុងបាងកក។
មេប៉ូលិសទើបតែងតាំងថ្មីឧត្តមសេសនីយ៍ ថ័រសាក់ ស៊ុកវីម៉ុល(Torsak Sukvimol)បានប្រាប់សន្និសីទកាសែតទាំងកណ្តាលយប់ថ្ងៃពុធថា« ប៉ូលិសបានតាមដានក្រុមថ្នាំញៀននេះជាងពីរឆ្នាំមកហើយ ផ្អែកតាមព័ត៌មានស៊ើបការណ៍ដែលរាយការណ៍ថា ក្រុមនេះនាំចូលថ្នាំញៀនមកពីប្រទេសក្បែរខាងនិងស្តុកទុកក្នុងខេត្តណាខន ផាថូម»។
រដ្ឋមន្ត្រីយុត្តិធម៌លោក ថាវី សូតសុង(Tawee Sodsong)បានប្រាប់អ្នកយកព័ត៌មានថា «នេះជាទីតាំងស្តុកទុកថ្នាំញៀនធំបំផុតមួយនៅកណ្តាលប្រទេស ក្នុងតំបន់មនុស្សរស់នៅ»។
ឧត្តមសេសនីយ៍ ថ័រសាក់ ស៊ុកវីម៉ុល បាននិយាយថា បើតាមតំលៃលើទីផ្សារថ្នាំដែលចាប់បាននេះថ្លៃ៣០០លានបាត ។វាផលិតនៅក្នុងប្រទេសក្បែរខាង។
សូមបញ្ជាក់ថា ការជួញដូរថ្នាំញៀនសំយោគនៅអាស៊ីខាងកើតនិងអាស៊ីអាគ្នេយ៍កំពុងកើនឡើង នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិមួយនៅឆ្នាំនេះ ដោយថ្នាំញៀនមេតំហ្វេតាមីនដ៏ច្រើនសន្ធឹកកំពុងផលិតនៅតំបន់ត្រីកោណមាស ដែលជាព្រំប្រទល់ប្រទេសថៃ មីយ៉ាន់ម៉ានិងឡាវ។តំបន់នេះមានប្រវត្តិយូរមកហើយខាងផលិតថ្នាំញៀនខុសច្បាប់និងចុងក្រោយនេះក្លាយជាមជ្ឈមណ្ឌលផលិតមេតំហ្វេតាមីនដែលក្រុមជួញដូរអាស៊ីចែកចាតដល់ទៅជប៉ុននិងនូវែលសេឡង់៕




ស្នងការរងប៉ូលិសជាតិថៃឧត្តមសេនីយ៍ ថ័រសាក់ ស៊ុកវីម៉ុល(អាវខ្មៅ) បានដឹកនាំការចុះបង្ក្រាបទីតាំងស្តុកថ្នាំញៀនធំមួយនៅខេត្តណាខន ផាថូមកាលពីថ្ងៃពុធ