Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អា​ហ្វ​ហ្គានី​ស្ថាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ផលិតផល​ប្រេង ឧស្ម័ន និង​ស្រូវ​សាលី​របស់​រុស្ស៊ី​

Views: 7

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​អា​ហ្វ​ហ្គានី​ស្ថាន លោក ហា​ជី នូ​រូដ​ឌី​ន អា​ហ្ស៊ី​ហ្ស៊ី (Haji Nooruddin Azizi)​បាន​ប្រាប់​ទី​ភ្នាក់​​ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា អា​ហ្វ​ហ្គានី​ស្ថានបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ជាមួយ​រុស្ស៊ី​ដើម្បី​ផ្គត់ផ្គង់​ប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន និង​ស្រូវ​សាលី​ដល់​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក​អា​ហ្ស៊ី​ហ្ស៊ី​បាន​និយាយថា ក្រសួង​របស់​លោក​កំពុង​ធ្វើការ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន​ហើយ​ថា​រុស្ស៊ី​បាន​ផ្តល់​ជូន​រដ្ឋបាល​តា​លី​បង់​នូវ​ការ​បញ្ចុះតម្លៃ​ដល់​តម្លៃ​ទំនិញ​ប្រើប្រាស់​ទូទៅ​​ទាំងនេះ​។​

​ចំណាត់ការ​នេះ ដែល​ជា​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អន្តរជាតិ​ដ៏​សំខាន់​ដំបូង​គេ​ដែល​ធ្វើឡើង​ដោយ​ពួក​តា​លី​បង់​ចាប់តាំងពី​ពួកគេ​វិល​ចូល​កាន់​អំណាច​វិញ​កាលពី​ជាង​មួយ​ឆ្នាំ​មុន​អាច​ជួយ​បន្ធូរបន្ថយ​​ភាព​ឯកោ​របស់​ចលនា​អ៊ីស្លាម​នេះ ដែល​ត្រូវបាន​កាត់​ផ្តាច់ចេញ​ពី​ប្រព័ន្ធ​ធនាគារ​ពិភពលោក​ជា​ធរមាន​។​

​គ្មាន​ប្រទេស​ណាមួយ​ទទួល​ស្គាល់​ជា​ផ្លូវការ​នូវ​ក្រុម​នេះ​ទេ ដែល​បាន​ប្រយុទ្ធ​ក្នុង​ការបះបោរ​រយៈពេល ២០ ឆ្នាំ​ប្រឆាំង​នឹង​កងកម្លាំង​លោកខាងលិច និង​សម្ពន្ធមិត្ត​អា​ហ្វ​ហ្គានី​ស្ថានក្នុង​ស្រុក​របស់​ពួកគេ មុន​ពេល​វាយលុក​ចូល​ទីក្រុង​កា​ប៊ុល នៅពេល​ដែល​ទាហាន​អាម៉េរិក​បាន​ដកចេញ​ក្នុង​ឆ្នាំ ២០២១​។​

​អ្នកការទូត​លោក​ខាងលិច​បាន​និយាយថា ពួក​តា​លី​បង់​ចាំបាច់​ត្រូវ​ផ្លាស់ប្តូរ​ទិសដៅ​របស់​ខ្លួន​លើ​សិទ្ធិមនុស្ស ជា​ពិសេស​ស្ត្រី​និង​បង្ហាញ​ថា​ខ្លួន​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយ​ក្រុម​សកម្មប្រយុទ្ធ​​អន្តរជាតិ​ទាំងអស់ ដើម្បី​ទទួលបាន​ការទទួលស្គាល់​ជា​ផ្លូវការ​។​

​រុស្ស៊ី​មិន​ទទួលស្គាល់​រដ្ឋាភិបាលរ​បស់​តា​លី​បង់​ជា​ផ្លូវការ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានទទួល​ស្វាគមន៍​ចលនា​តា​លី​បង់​នៅ​មុន​ពេល​ការដួលរលំ​ទីក្រុង​កា​ប៊ុល​ហើយ​ស្ថានទូត​របស់ខ្លួន​គឺជា​ផ្នែក​​មួយ​នៃ​ស្ថានទូត​មួយចំនួន​តូច​ប៉ុណ្ណោះ​ដែល​នៅ​តែ​បើក​នៅក្នុង​រដ្ឋធានី​អា​ហ្វ​ហ្គានី​ស្ថាន​។​

​លោក​អា​ហ្ស៊ី​ហ្ស៊ី​បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ពាក់ព័ន្ធ​នឹង​រុស្ស៊ី​ផ្គត់ផ្គង់​ប្រេងសាំង​ប្រហែល​មួយ​លាន​តោន ប្រេងម៉ាស៊ូត​មួយ​លាន​តោន ឧស្ម័ន​រាវ (LPG) ៥០០.០០០ តោន​និង​ស្រូវ​សាលី​​ពីរ​លាន​តោន​ជា​រៀងរាល់ឆ្នាំ​៕

ធុង​សម្រាប់​ផ្ទុក​សាំង​កំពុង​ដាក់​លក់​លើ​ដងផ្លូវ​ក្នុង​ទីក្រុង​កា​ប៊ុល​

Post navigation