
ដោយៈប.ខុន/ភ្នំពេញៈការធ្វើអាជីវកម្មនេសាទតាមគន្លងដាយនៅក្នុងខេត្តព្រៃវែងបានដល់ ទីបញ្ចប់ហើយបន្ទាប់ពីទឹកទន្លេមេគង្គនៅអ្នកលឿងស្រកនៅសល់តែជាងបី មែត្រ ធ្វើឱ្យទឹកតាមព្រែកនិងទន្លេតូច លែងហូរហើយចលនាជោរនាចចាប់ ផ្តើមមានឥទ្ធិពលដល់បណ្តាព្រែកដែលមានគន្លងដាយត្រីលេញនិងដាយបង្កង។ នេះបើតាមលោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជល ផលខេត្តព្រៃ វែងបានប្រាប់ឱ្យរស្មីកម្ពុជានៅថ្ងៃ ទី២៣ខែវិច្ឆិកានេះ។
លោកអូន ស៊ីណាត និយាយឱ្យដឹងទៀតថាធម្មតាទឹកទន្លេតូចនិងទឹកព្រែកក្នុងខេត្តព្រៃវែងស្រកអស់លែងហូរនៅក្នុងខែធ្នូ តែឆ្នាំនេះទឹកស្រកអស់នៅពាក់ កណ្តាលខែវិច្ឆិកាហើយរបបទឹកជោរនាចក៏បានមកដល់។ អ្នកធ្វើអាជីវកម្មមួយចំនួនមិនទាន់រើឧបករណ៍ចេញនៅឡើយទេគេនៅបន្តទម្លាក់ដាយចុះពេលទឹកនាចនិងសារឡើងពេលទឹកជោរ។
ទឹកទន្លេនៅក្នុងខេត្តព្រៃវែងឆ្នាំនេះលោក អូន ស៊ីណាត បញ្ជាក់ថាជន់ឡើង យឺតជាងឆ្នាំមុនចំនួន៣៥ថ្ងៃ ទឹកឡើង នៅចុងរដូវមានរយៈពេលខ្លីធ្វើឱ្យលិចផ្ទៃដីបានតែប្រមាណជា៥០ភាគរយនៃផ្ទៃដីទំនាបដែលធ្លាប់លិចទឹកក្នុងរដូវវស្សានិងស្រកទៅវិញលឿន។
រូបថតៈសកម្មភាពត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទនាពេលកន្លងទៅ
នាយខណ្ឌរដ្ឋបាលជលផលខាងលើបានឱ្យដឹងទៀតថាផលត្រីចាប់បាននៅតាមគន្លងដាយឆ្នាំនេះមានការថយចុះខ្លាំង គឺ អាចបានតែប្រមាណជាង២០ភាគរយនៃឆ្នាំ២០១៩។ ក្នុងឆ្នាំ២០១៩ដែលមានទឹក ឡើងយឺតពេលដែរនោះផលត្រីចាប់ បាននៅតាមគន្លងដាយត្រីលេញនិងគន្លងដាយបង្កងប្រមាណជា១០០ តោនត្រីនិងបង្កង៥០០គីឡូក្រាម។
លោកអូនស៊ីណាតបានបញ្ជាក់ថាឆ្នាំនេះគន្លងដាយត្រីលេញចំនួន៧មានគេជួលតែបីចំណែកបួនទៀតគ្មានអ្នកជួល។ឯគន្លងដាយបង្កងចំនួន១៣មានគេជួល ១១ នៅទំនេរចំនួនពីរ។ មូលហេតុនាំឱ្យនៅទំនេដោយសារទឹកឡើងយឺត។ ផលត្រី ចាប់បានពីគន្លងដាយត្រីនិងបង្កងសរុបគឺមិនដល់៣០តោនទេ។ចំពោះបទល្មើសរូបភាពធំដុំក្នុងរដូវបើកនេសាទនេះមិនឃើញមានទេ ចាប់តាំងពីមានការបង្ក្រាបជាទ្រុងទ្រាយធំៗដោយចាប់មនុស្សបញ្ជូនទៅតុលា ការនិងបំផ្លាញចោលឧបករណ៍នេសាទដូចជាឈឹបអូសម៉ាស៊ីនអស់ច្រើនរួ មក។ បទល្មើសឃើញនៅមានត្រឹមរបាំងស្បៃមុងនិងត្រូវបានធ្វើការបង្ក្រាបជាបន្តបន្ទាប់៕សរន
រូបថតៈសកម្មភាពត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទនាពេលកន្លងទៅ
រូបថតៈសកម្មភាពត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទនាពេលកន្លងទៅ