Views: 2
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ អ្នកចំរៀងរែបមានប្រជាប្រិយភាពម្នាក់នៅមីយ៉ាន់ម៉ា ដែលបានរិះគន់របបយោធាអំពីការដាច់ភ្លើងទាំងតំបន់ៗ ត្រូវបានចាប់ខ្លួនចំពោះ«ការផ្សព្វផ្សាយការឃោសនា» ដែលជាផ្នែកមួយនៃយុទ្ធនការបង្ក្រាបសម្លេងប្រឆាំងនៅក្នុងប្រទេសនេះ។
អ្នកចំរៀងរែប ប៊ីវ៉ាយយូ ហា(Byu Har) បានបង្ហោះវីដេអូហ្វេសប៊ុកមួយទៅកាន់អ្នកគាំទ្ររាប់សែននាក់កាលពីថ្ងៃអង្គារ ដោយរិះគន់របបយោធាចំពោះការដាច់ភ្លើងនៅមីយ៉ាន់ម៉ានៅប៉ុន្មានសប្តាហ៍មកនេះ។លោកបាននិយាយចំអកអោយមេដឹកនាំយោធា មីន អ៊ុងហ្លាំង និងបាននិយាយថា ការផ្គត់ផ្គង់ចរន្តអគ្គិសនីគ្រាន់បើជាងនៅក្រោមរដ្ឋាភិបាលមុន របស់លោកស្រី អ៊ុង សាន ស៊ូជី។
ក្រុមព័ត៌មាននៃរបបយោធាមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃអាទិត្យថា Byu Har ត្រូវបានចាប់ខ្លួនចំពោះ«ការញុះញង់មានបំណងធ្វើអោយបាត់បង់ភាពស្ងប់ស្ងាត់និងស្ថិរភាពរបស់ប្រទេស និងអំពើផ្សព្វផ្សាយការឃោសនា»។
អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើគាត់ត្រូវបានចោទប្រកាន់ដែរឬអត់និងកំពុងឃុំខ្លួននៅទីណា។
Byu Harជាកូនរបស់អ្នកនិពន្ធល្បីម្នាក់ ដែលបទចំរៀងរបស់លោកតែងត្រូវបានយកទៅច្រៀងនៅតាមកន្លែងតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។លោកក៏តែងបង្ហោះរូបវីដេអូអត់ពាក់អាវនិងដេញហ្គីតា។
ការដាច់ភ្លើងក្លាយជារឿងសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែប្រព័ន្ធចែកចាយអន់ហួសសម័យ នៅពេលតំរូវការនៅក្នុងអំឡុងរដូវក្តៅនេះកើនឡើងខ្លាំង។អាជ្ញាធរបន្ទោសការដាច់ភ្លើងនេះថាមកពីប្រេង-ហ្គាសឡើងថ្លៃនិងការវាយប្រហារលើហេដ្ឋារចនាសម្ពន្ធដោយក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារ។
សូមបញ្ជាក់ថា របបយោធាមីយ៉ាន់ម៉ាបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់នៅក្នុងការបង្ក្រាបការប្រឆាំងចាប់តាំងពីខ្លួនធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីខែកុម្ភៈ ឆ្នាំ២០២១៕


Byu Harត្រូវចាប់ខ្លួនដោយសារតែចំអកអោយអាជ្ញាធរអំពីការដាច់ភ្លើង