Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពី ការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ

Views: 7

ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ អាជ្ញាធរជាតិព្រះវិហារបានរៀបចំសិក្ខាសាលាស្តីពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរក្រោមអធិបតីភាពលោក ផេង សំអឿន អគ្គនាយករង អាជ្ញាធរជាតិព្រះវិហារ ដោយមានការចូលរួមពីលោក ឈុន លុន តំណាងសាលាខេត្តព្រះវិហារ និងលោក ម៉ាសាណូរី ណាហ្គាអូកា ( Masanori Nagaoka) តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជាដោយការរៀបចំសិក្ខាសាលានេះគាំទ្រថវិកាពីអង្គការយូណេស្កូ។

គោលបំណង់ក្នុងការរៀបចំសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយលើកតម្លៃរមណីយដ្ឋានប្រាសាទកោះកេរ ច្បាប់នានាស្តីពីកិច្ចគាំពារបេតិកភណ្ឌវប្បធម៌ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ ជូនដល់សិស្សវិទ្យាល័យស្រយង់ ប្រជាជនរស់នៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ លោកគ្រូ អ្នកគ្រូ អ្នកជំនាញមកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកជំនាញមកពីអាជ្ញាធរជាតិអប្សរា អង្គការមរតវប្បធម៌ខ្មែរ លោកអភិបាលស្រុកគូលែន នគរបាលការពារបេតិកភណ្ឌនគរបាលទេសចរណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រយង់ និងអ្នកជំនាញការអង្គការយូណេស្កូ ប្រមាណជាចំនួន១២០នាក់។

ក្នុងសិក្ខាសាលានេះ លោក អ៊ឹម សុខរិទ្ធី បង្ហាញអំពី “កោះកេរ អតីតរាជធានីបុរាណលិង្គបុរ” លោក ផេង សំអឿន បង្ហាញអំពី “វត្ថុបុរាណដែលបាត់បង់ពីប្រាសាទនៅរមណីយដ្ឋានប្រាសាទកោះកេរ” លោក គង់ វីរៈ បង្ហាញអំពី “មូលហេតុបណ្តាលឲ្យមានការជួញដូរវត្ថុបុរាណ” និងចុងក្រោយលោក ហួត សំណាង បង្ហាញអំពី“ច្បាប់និងនីតិវិធីផ្សេងៗក្នុងការគ្រប់គ្រងនិងការទប់ស្កាត់ការជួញដូរវត្ថុបុរាណដោយខុសច្បាប់”។

ក្នុងសិក្ខាសាលានេះក៏បានធ្វើការបែងចែកអ្នកចូលរួមជា៤ក្រុមដើម្បីពិភាក្សារកពីមូលហេតុផ្សេងៗ ដែលនាំអោយមានការជួយដូរវត្ថុបុរាណ និងរិះរកវិធានផ្សេងៗក្នុងការទប់ស្កាត់ការជួញដូរវត្ថុបុរាណនៅរមណីយដ្ឋានប្រាសាទកោះកេរ៕/រ

Post navigation