Views: 1
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ការគំរាមបិទរដ្ឋាភិបាលអាម៉េរិកត្រូវបានបញ្ចៀសនៅពេលប៉ុន្មានម៉ោងមុនកាលកំណត់ពាក់កណ្តាលយប់ថ្ងៃសៅរ៍ នៅពេលប្រធានាធិបតីចូ បៃដិនបានចុះហត្ថលេខាលើច្បាប់ថវិកាបណ្តោះអាសន្នមួយដើម្បីរក្សាបណ្តាទីភ្នាក់ងាររដ្ឋអោយនៅដំណើរការក្រោយពីសភាប្រញាប់ប្រញាល់អនុម័តកិច្ចព្រមព្រៀងរវាងបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ។
ថវិកានេះបានទម្លាក់ចោលជំនួយទៅកាន់អ៊ុយក្រែន ដែលជាអាទិភាពរបស់សេតវិមានតែជួបការប្រឆាំងពីក្រុមអ្នកនយោបាយរបស់បក្សសាធារណរដ្ឋ ទោះជាយ៉ាងណាវាបង្កើនជំនួយគ្រោះមហន្តរាយសហព័ន្ធដល់ទៅ១៦ពាន់លានដុល្លារតាមសំណើរបស់លោកប្រធានាធិបតី បៃដិន។
តាមពិតថវិកានេះគ្រាន់តែសំរាប់ការចំណាយរដ្ឋាភិបាលត្រឹមថ្ងៃ១៧វិច្ឆិកាប៉ុណ្ណោះ។
សូមបញ្ជាក់ថា ក្រោយមានចលាចលនៅក្នុងសភាអស់ជាច្រើនថ្ងៃជុំវិញរឿងថវិកាសំរាប់រដ្ឋាភិបាលចាយវាយនេះ ប្រធានសភាលោក ខេវិន ម៉ាក់ខាធី(Kevin McCarthy )បានបោះបង់ចោលការទាមទារអោយកាត់បន្ថយចំណាយខ្លាំងនិងទុកអោយពួកសមាជិកសភាមកពីបក្សប្រជាធិបតេយ្យអនុម័តពង្រាងច្បាប់ថវិកាបណ្តោះអាសន្ននេះ។បន្ទាប់មកព្រឹទ្ធសភាក៏បានអនុម័តវា ដើម្បីបញ្ចប់ថ្ងៃដ៏វក់វីនៅសភា។
ក្នុងសេចក្តីថ្លែងការណ៍មួយ លោកបៃដិនបាននិយាយថា« វាជាដំណឹងល្អមួយសំរាប់ប្រជាជនអាម៉េរិក»។

លោកក៏បាននិយាយថា សហរដ្ឋអាម៉េរិក«មិនអាចស្ថិតក្រោមកាលៈទេសៈណាមួយ ដែលនាំអោយការគាំទ្ររបស់អាម៉េរិកសំរាប់អ៊ុយក្រែនត្រូវបានរារាំងឡើយ» ហើយរំពឹងថា«លោកម៉ាក់ខាធី នឹងរក្សាពាក្យសម្តីរបស់លោកចំពោះប្រជាជនអ៊ុយក្រែន និងធានាការអនុម័តជំនួយចាំបាច់នៅពេលដ៏សំខាន់ស្លាប់រស់នេះ»។
លទ្ធផលនៅសភាពេលនេះបានបញ្ចប់ការគំរាមបិទរដ្ឋាភិបាល តែគ្រាន់តែជាដំណោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ។សភានឹងត្រូវអនុម័តបញ្ចេញថវិកាសំរាប់រដ្ឋាភិបាលនៅប៉ុន្មានសប្តាហ៍ខាងមុខ ជាមួយនឹងទស្សនៈប្រកាន់តឹង ជាពិសេសក្នុងចំណោមសមាជិកសភាក្រុមស្តាំដែលការទាមទាររបស់គេត្រូវបានទុកចោលនៅពេលនេះ ។

ព្រឹទ្ធសភាអាម៉េរិកបានបោះឆ្នោត៨៨ទល់នឹង៩ គាំទ្រពង្រាងច្បាប់ថវិកាបណ្តោះអាសន្ននេះនៅសភាក្នុងក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសៅរ៍
សូមបញ្ជាក់ថា បើមិនសំរេចបានកិច្ចព្រមព្រៀងណាទេនៅមុនថ្ងៃអាទិត្យទី០១តុលានេះ បុគ្គលិកសហព័ន្ធនឹងប្រឈមការផ្អាកពីការងារ ទាហានជាងពីរលាននាក់នឹងត្រូវធ្វើការដោយគ្មានប្រាក់ខែ និងសេវានៅអាម៉េរិកប្រឈមការរអាក់រអួល៕