Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាម៉េរិក​និយាយថា​រុស្ស៊ី​ព្យាយាម​យក​អាហារ​ប្តូរ​យក​អាវុធ​ពី​កូរ៉េខាងជើង​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៣០​មីនា​ថា ខ្លួន​មាន​ភស្តុតាង​ថ្មី​បង្ហាញ​ថា​រុស្ស៊ី​កំពុង​សម្លឹងមើល​ម្តង​ទៀត​ទៅ​កាន់​កូរ៉េខាងជើង​សម្រាប់​​អាវុធ​ដើម្បី​បញ្ឆេះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន ដែល​លើក​នេះ​នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​ឱ្យ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នូវ​អាហារ​និង​ទំនិញ​ចាំបាច់​ផ្សេងៗ​ជា​ថ្នូរ​។​

​វា​ជា​ការចោទប្រកាន់​ចុងក្រោយបង្អស់​ដែលថា រុស្ស៊ី​ដែល​កំពុង​ចង់បាន​សព្វាវុធ​និង​កំពុង​រង​ការដាក់ទណ្ឌកម្ម​និង​ការគ្រប់គ្រង​ការនាំចេញ​នោះ​កំពុង​ងាក​ទៅរក​ប្រទេស​កូរ៉េខាងជើង​ដើម្បី​ជួយ​ខ្លួន​​បន្ត​ធ្វើ​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន ខឺ​ប៊ី (John Kirby) បាន​និយាយថា “​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ស្នើឡើង​នេះ​រុស្ស៊ី​នឹង​ទទួលបាន​អាវុធ​និង​គ្រាប់​ជាង​២០​ប្រភេទ​ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​។ យើង​ក៏​បាន​ដឹង​ដែរ​ថា រុស្ស៊ី​កំពុង​ព្យាយាម​បញ្ជូន​គណៈប្រតិភូ​ទៅ​កូរ៉េខាងជើង ហើយ​ថា​រុស្ស៊ី​នឹង​ផ្តល់​អាហារ​ដល់​កូរ៉េខាងជើង​ជា​ថ្នូរ​នឹង​គ្រាប់​”​។​

​រដ្ឋបាលបៃដិ​ន​ពី​មុន​បាន​បញ្ចេញការ​ណ៍​សម្ងាត់​ដើម្បី​បង្ហាញ​ភស្តុតាង​ថា​អ៊ីរ៉ង់​បាន​លក់​ដ្រូ​នវាយ​ប្រហារ​រាប់រយ​គ្រឿង​ឱ្យទៅ​រុស្ស៊ី​នៅ​រដូវក្តៅ ហើយ​ថា​ក្រុមហ៊ុន​យោធា​ឯកជន​របស់​រុស្ស៊ី Wagner Group បាន​នាំយក​អាវុធ​ពី​កូរ៉េខាងជើង​ដើម្បី​ជួយ​ពង្រឹង​កងកម្លាំង​របស់​ខ្លួន ខណៈ​ពួកគេ​ប្រយុទ្ធ​រួម​ដៃ​ជាមួយ​កងទ័ព​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​អ្នកជំនាញ​ជឿថា ស្ថានភាព​ស្បៀងអាហារ​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​គឺ​អាក្រក់​បំផុត​មិន​ធ្លាប់​មាន​នៅក្រោម​ការគ្រប់គ្រង​រយៈពេល ១១ ឆ្នាំ​របស់​លោក​គីម ជុង​អ៊ុន​ប៉ុន្តែ​ពួកគេ​នៅតែ​និយាយ​ថា​ពួក​​គេ​មិន​ទាន់​ឃើញ​មាន​សញ្ញា​នៃ​គ្រោះ​ទុរ្ភិក្ស​ឬ​មនុស្ស​ស្លាប់​ច្រើន​នៅឡើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង​បាន​រាយការណ៍​កាលពីដើម​ខែ​នេះ​ថា​លោក​គីម​បាន​ប្តេជ្ញា​ពង្រឹង​ការគ្រប់គ្រង​របស់​រដ្ឋ​លើ​វិស័យ​​កសិកម្ម និង​ចាត់វិធានការ​ផ្សេងទៀត​ដើម្បី​បង្កើន​ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក អាន​ថូ​នី ប្លីង​កិន បាន​និយាយ​កាលពី​ខែ​មុន​ថា ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាម៉េរិក​បាន​លើកឡើង​ថា ចិន​កំពុង​ពិចារណា​ផ្តល់​អាវុធ​និង​គ្រាប់​ដល់​រុស្ស៊ី​ប៉ុន្តែ​​មន្ត្រី​សេត​វិមាន​និយាយថា ពួកគេ​មិន​ទាន់​ឃើញ​ភស្តុតាង​បញ្ជាក់​ថា​ចិន​បាន​អនុវត្ត​ការដឹកជញ្ជូន​និង​ប្រគល់​អាវុធ​ដល់​រុស្ស៊ី​ទេ​៕

អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន ខឺ​ប៊ី

Post navigation