Views: 3
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ពិធីបើក-បិទ នៃព្រឹត្តិការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ នាថ្ងៃទី៣ និងទី៩ ខែមិថុនា ខាងមុខនេះ នឹងមានការរៀបចំឱ្យបានល្អ ដូចគ្នាទៅនឹងពិធីបើក បិទស៊ីហ្គេម លើកទី៣២ កន្លងមកដែរ គ្រាន់តែវាមានទម្រង់ប្លែកពីគ្នាប៉ុណ្ណោះ។ នេះ ជាការអះអាងរបស់លោក បណ្ឌិត ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។

លោកបានបន្តថាៈ ស៊ីហ្គេម ជាទម្រង់របស់ស៊ីហ្គេម វាល្អតាមបែបស៊ីហ្គេម ចំណែក អាស៊ានប៉ារ៉ាហ្គេមនេះ វាល្អតាមបែបអាស៊ានប៉ារ៉ាហ្គេម។ យើងធានាថា ល្អ តែល្អតាម បែបអាស៊ានប៉ារ៉ាហ្គេម អីចឹង យើងត្រូវខិតខំទាំងអស់គ្នា។ ម្យ៉ាងទៀត សម្តេចតេជោ នាយករដ្ឋមន្រ្តី លោកជាប្រធាន ហើយយើងទើបធ្វើជាលើកទី១ ទៀត ដូច្នេះយើងត្រូវ ខិតខំរៀបចំឱ្យបានល្អ។
ទីលានប្រកួត បានរៀបចំរួចរាល់អស់ហើយ មិនលំបាកទេ ដោយសារតែស៊ីហ្គេម បានផ្តល់ឱកាស និងភាពងាយស្រួល ក្នុងការរៀបចំអាស៊ានប៉ារ៉ាហ្គេម ពិសេសទីតាំង ប្រកួត និងកន្លែងរៀបចំដែលសល់ពីស៊ីហ្គេម គឺយើងបានរក្សាទុក សម្រាប់ប្រើប្រាស់ ក្នុងអាស៊ានប៉ារ៉ាហ្គេមនេះ ចំណែកក្រុមមន្រ្តីចៅក្រម អាជ្ញាកណ្តាល ក៏យើងបានត្រៀម រួចរាល់ដូចគ្នា។
លោក ថោង ខុន បានកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់ ក្រុមអត្តពលិកជនពិការ កម្ពុជា ដែលមានសមត្ថភាព និងកម្រិតលេងខ្លាំង ដែលអាចនឹងដណ្តើមបានមេដាយ ច្រើនជូនជាតិ សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកនេះ។
លោកក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋកម្ពុជា សូមចូលរួមគាំទ្រ ដល់ការប្រកួតនេះ ឱ្យបានច្រើន ដើម្បីលើកទឹកចិត្តបន្ថែមទៀត ដល់ក្រុមអត្តពលិកជនពិការកម្ពុជា ហើយ គណៈកម្មការគ្រប់ជំនាញរបស់ CAMSOC-CAMAPGOC ក៏ត្រូវបំពេញការងារឱ្យបាន ល្អ ដើម្បីភាពជោគជ័យ ការធ្វើម្ចាស់ផ្ទះ អាស៊ានប៉ារ៉ាហ្គេមនេះ។
ប្រភេទកីឡាក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ មានកីឡាអត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស-នារី, បាល់ទះអង្គុយបុរស-នារី, បាល់បោះជិះរទេះបុរស-នារី, និងកីឡាដាក់បង្ហាញ E-Sport ៕ V / N
