Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

អាស៊ានប៉ារ៉ហ្គេម៖ កម្ពុជាសង្ឃឹមថា មេដាយ នឹងកើនឡើង

Views: 1

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ផៃ សុខ គ្រូបង្វឹកជម្រើសជាតិ អត្តពលកម្មជនពិការកម្ពុជា បានមានប្រសាសន៍ថា កីឡាករ កីឡាការិនីពិការកម្ពុជា ទាំងអស់ កំពុងហ្វឹកហាត់ យ៉ាងសកម្មបំផុត ដើម្បីត្រៀមការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីលាន ពហុកីឡដ្ឋានជាតិ មរតកតេជោ។

គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា ប្រភេទកីឡាអត្តពលកម្ម មានវិញ្ញាសរុបទាំងអស់ចំនួន ១៨០ ដោយវិញ្ញាសាទាំងនេះ មានប្រភេទពិការច្រើនថ្នាក់ ដូចជា T-11, T-20, T-44, T-46, T-47, T-53,T-54 និង T-64 ជាដើម។

លោកបានបន្ដថា ប្រភេទកីឡាអត្តពលកម្មនេះ ក៏មានការចែកចេញជាច្រើនផ្នែកទៀត ដូចជា​វិញ្ញាសា ចោលដុំដែក ចោលស្នរ ចោលថាស លោតចម្ងាយ លោតបណ្តាក់៣ដង រត់១០០ម៉ែត្រ ២០០ម៉ែត្រ ៤០០ម៉ែត្រ ៨០០ម៉ែត្រ ១ ៥០០ ម៉ែត្រ និង ៥ ០០០ ម៉ែត្រ ជាដើម។

លោក ផៃ សុខ បានគូសបញ្ជាក់បន្ថែមថា កីឡាករ កីឡាការិនីពិការកម្ពុជាទាំងអស់ កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ យ៉ាងខ្លាំង ទោះបីជួបការលំបាក យ៉ាងណា ក៏នៅតែតស៊ូ ពុះពារហ្វឹកហាត់ ទាល់តែសម្រេចបាន តាមផែនការ ដែលគ្រូដាក់ឱ្យ។ ក្នុងនាមជាគ្រូ បង្វឹកកីឡាអត្តពលកម្ម លោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជួយគាំទ្រលើកទឹកចិត្ត ដល់អត្តពលិកពិការកម្ពុជា ជាពិសេស គឺព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នេះ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្នុងការផ្តល់កម្លាំងចិត្ត ដល់អត្តពលិកកម្ពុជា កាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ដើម្បីដណ្តើមមេដាយ ជូនជាតិមាតុភូមិ។

លោកបានអះអាងថា អ្វីដែលសំខាន់មួយទៀត គឺអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានកសាងសន្តិភាព ដែលធ្វើឱ្យកីឡារស់ក្នុងសន្តិភាព។

ចំពោះសិទ្ធផលរបស់អត្តពលិកពិការកម្ពុជា ក្នុងអំឡុងពេលហ្វឹកហាត់ បំប៉នបច្ចេកទេស នេះ លោក ផៃ សុខ បានអះអាងថា ពួកគេមានលក្ខណៈល្អប្រសើរខ្លាំង ដោយកើនឡើង បច្ចេកទេសល្អ។ លោកជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងការប្រឹងប្រែងហ្វឹកហាត់ អស់ពីសមត្ថមភាព ប្រកបដោយឆន្ទៈយ៉ាងមោះមុត របស់អត្តពលកម្ម គឺម្ចាស់ផ្ទះកម្ពុជា នឹងបង្កើនបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ច្រើងទ្វេ​ដង បើប្រៀបធៀបនឹងព្រឹត្តិការណ៍ កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូណេស៊ី កាលពីឆ្នាំ២០២២ ជាក់ជាមិនខាន។

ប្រភេទកីឡាអត្តពលកម្ម សម្រាប់ការប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់ ព្រះរាជាណាចក្រកម្ពុជា បានកំណត់បង្ហាញនូវ វិញ្ញាសាសរុបចំនួន ១៨០ វិញ្ញាសា ដែលចំនួននេះ ច្រើនជាងប្រភេទកីឡានានា ក្នុងចំណោម ១៣ ប្រភេទកីឡា បូកនឹងកីឡាសម្តែង១ គឺប្រភេទកីឡាអេឡិចត្រូនិក៕ V / N

Post navigation